​ភ្នំពេញៈ កម្ពុជា​បាន​ទាក់ទាញ​ការ​វិ​និ​យោគ​មាន​ទឹកប្រាក់​ជាង ៤,៦៨​​ ពាន់​​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០២២ កើន ៧,៥​ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​ ២០២១ ទោះ​ស្ថានភាព​សេដ្ឋកិច្ច​សកល និង​តំបន់​មិនទាន់​ល្អ​កី្ត​។​

​យោងតាម​របាយការណ៍​ចុងក្រោយ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC) កាលពី​ថ្ងៃទី​ ៦ ខែមករា រដ្ឋាភិបាល​បានអនុម័ត​គម្រោង​វិនិយោគ​ដែលមាន​ទឹក​​ប្រាក់​សរុប​ជាង​ ៤,៦៨​ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០២២ កើនឡើង ៧,៥​ ភាគរយ​បើ​ធៀប​ឆ្នាំ​ ២០២១ ដែលមាន ៤,៣៥៥ ​ពាន់​លាន​ដុល្លារ​។ សម្រាប់​ចំនួន​ប្រាក់​វិនិយោគ​នេះ គឺ​ភាគច្រើន​មកពី​ប្រទេស​ចិន​, ជប៉ុន​, កោះ Cayman Island, ថៃ និង​សិង្ហ​បុរី ដោយ​ភាគច្រើន​ស្ថិតក្នុង​វិស័យ​កសិកម្ម និង​ក​សិ​ឧស្សាហកម្ម ទេសចរណ៍ រោងចក្រ វាយ​ន​ភណ្ឌ ហេ​ដ្ឋា​រចនាសម្ព័ន្ធ និង​វិស័យ​ផ្សេងៗ​។​

​លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ​៨ ខែមករា ថា ការគ្រប់គ្រង​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​បានល្អ​ប្រសើរ និង​អាច​ឈានទៅ​បើក​សេដ្ឋកិច្ច និង​សង្គម​ឡើងវិញ​កាលពីដើម​ខែវិច្ឆិកា ឆ្នាំ​ ២០២១ គឺជា​កម្លាំងចលករ​ដ៏​សំខាន់​ក្នុងការ​ទាក់ទាញ​វិ​និ​យោគ​ជាពិសេស​នៅក្នុង​វិស័យ​ទេសចរណ៍ កាត់ដេរ និង​ក​សិ​​កម្ម​។ លោក​បន្តថា ជាមួយ​ការ​អនុវត្ត​នូវ​កិច្ចព្រមព្រៀង​ពា​ណិ​ជ្ជ​កម្ម​សេរី​ជាមួយ​ចិន និង​កូរ៉េ និង RCEP ក៏បាន​ដើរតួនាទី​សំខាន់​ក្នុងការ​ទាក់ទាញ​លំហូរ​វិនិយោគ​នេះ​ផងដែរ​។​

​លោក​បាន​ថ្លែងថា​៖ «​ក្នុង​ឆ្នាំ ​២០២២ សេដ្ឋកិច្ច​របស់​យើង​បាន​ដំណើរការ​យ៉ាង​ល្អ ដោយ​​សារ​តែ​ការគ្រប់គ្រង​ការរីក​រាល​ដាល​ជំងឺ​កូ​វីដ​ ១៩ របស់​រដ្ឋា​ភិ​​បាល​ដែល​បាន​កសាង​នូវ​ទំនុក​​ចិត្ត​ដល់​វិនិយោគិន​ទាំង​ក្នុង​ស្រុក និង​បរទេស​មក​បណ្តាក់​ទុន​រកស៊ី​នៅ​កម្ពុជា​។ លើសពីនេះ​ទៀត​ការអនុវត្ត​នូវ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន កម្ពុជា​-​កូរ៉េ និង​កិច្ច​ព្រម​ព្រៀង RCEP ក៏​ជា​កម្លាំង​ច​ល​ករ​មួយ​ដ៏​សំខាន់​ក្នុងការ​ទាក់​ទាញ​ការវិនិយោគ​ផងដែរ​»​។​

​យោងតាម​លោក លឹម ហេង ក្រៅពី​កិច្ចព្រមព្រៀង​ពាណិជ្ជ​​កម្ម​សេរី កម្ពុជា​ក៏បាន​ដាក់ចេញ​ច្បាប់​វិនិយោគ​ថ្មី និង​ការទទួល​បានការ​អនុគ្រោះ​ពាណិជ្ជកម្ម​ពី​អឺរ៉ុប និង​អាមេរិក ក៏​នៅតែ​ជា​កត្តា​ទាក់ទាញ​វិនិយោគ​មួយ​ដ៏​សំខាន់​ផងដែរ​។​

​លោក គី សេរី​វឌ្ឍន៍ អ្នកវិភាគ​សេដ្ឋកិច្ច​នៅ​រាជបណ្ឌិត្យសភា​កម្ពុជា បានលើកឡើង​ស្រដៀង​គ្នា​នេះដែរ​ថា ការកើនឡើង​នៃ​លំហូរ​ប្រាក់​វិនិយោគ​នៅក្នុង​ឆ្នាំ​ ២០២២ គឺ​ឆ្លុះបញ្ចាំង​ពី​ប្រសិទ្ធ​ភាព​ការខិតខំ​ប្រឹងប្រែង​កំណែ​ទម្រង់​បរិយាកាស​វិនិយោគ និង​ធុរកិច្ច​របស់​រដ្ឋាភិបាល ទោះបី​ប្រទេស​ប្រឈម​នឹង​ការប្រយុទ្ធ​​ប្រឆាំង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ ១៩ និង​ការធ្លាក់ចុះ​សេដ្ឋ​កិច្ច​សកល​ក៏ដោយ​។​

​លោក​ថ្លែងថា​៖ «​យើង​ឃើញថា រដ្ឋាភិបាល​បាន​ខំប្រឹងប្រែង​យ៉ាងខ្លាំង​ក្នុងការ​ទាក់ទាញ​វិ​និ​​យោគ ដូចជា​ការដាក់ចេញ​នូវ​ច្បាប់​វិនិយោគ​ថ្មី​។ ខ្ញុំ​សង្កេតឃើញ​កំណើន​នៃ​គម្រោង​វិ​និ​យោគ​ថ្មី​ភាគច្រើន​គឺ​លើ​វិស័យ​កាត់ដេរ ដែល​វិស័យនេះ​នៅតែមាន​ភាព​ធន់​នៅ​អំឡុងពេល​វិបត្តិ​កូ​វីដ​ ១៩»​។​

​ធនាគារពិភពលោក​បាន​ព្យា​​ករ​ថា នៅ​ឆ្នាំ​ ២០២៣ កំណើនសេដ្ឋកិច្ច​កម្ពុជា​នឹង​កើនឡើង ៥,២ ​ភាគរយ ដោយសារ​ការ​កើនឡើង​ការជួល ដែល​គាំទ្រ​ដល់​ការកើនឡើង​ការប្រើប្រាស់​នៅក្នុង​ស្រុក​។​

​កាលពី​ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ​២០២២ ក្រសួង​សេដ្ឋកិច្ច បាន​ព្យាករ​ថា កំណើនសេដ្ឋកិច្ច​​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២៣ នឹងមាន ៦,៦​ ភាគរយ ហើយ​ផលិតផល​ក្នុងស្រុក​សរុប ​(GDP) ​សម្រាប់​មនុស្ស​ម្នាក់​ចំនួន ១ ៩២៤​ ដុល្លារ​ក្នុង​ឆ្នាំ ២០២២៕​