
ទិដ្ឋភាពពិធីបុណ្យទន្លេក្នុងខេត្តកំពង់ឆ្នាំងកន្លងមក។ រូបថត សហការី
ភ្នំពេញៈ បន្ទាប់ពីផ្អាក ២ ឆ្នាំដោយសារតែវិបត្តិជំងឺកូវីដ ១៩ ខេត្តកំពង់ធំនឹងធ្វើជាម្ចាស់ផ្ទះរៀបចំពិធីបុណ្យទន្លេលើកទី៧ នាដើមខែមីនា ខាងមុខ ក្រោមអធិបតីភាពរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខណៈអ្នកជំនាញ លើកឡើងថា ពិធីនេះនឹងធ្វើឱ្យភ្ញៀវទេសចរស្គាល់ពីសក្តានុពលរបស់ខេត្តកំពង់ធំកាន់តែច្រើន។
ក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យទន្លេលើកទី ៧ ជាមួយនឹងអាជ្ញាធរខេត្ត និងផ្នែកពាក់ព័ន្ធ នៅសាលាខេត្តកំពង់ធំ កាលពីថ្ងៃទី ៦ ខែមករា រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានលើកឡើងថា ជាមួយនឹងការគ្រប់គ្រងស្ថានការណ៍កូវីដ ១៩ បានល្អឡើងវិញ រាជរដ្ឋាភិបាលបានសម្រេចរៀបចំបុណ្យទន្លេលើកទី ៧ នៅខេត្តកំពង់ធំ (តាមបណ្ដោយស្ទឹងសែនក្នុងក្រុងកំពង់ធំ )ចាប់ពីថ្ងៃទី ៨-១០ ខែមីនា ឆ្នាំ ២០២៣ ខាងមុខ ហើយក៏អាចបន្តដល់ថ្ងៃទី ១១ និងទី ១២ ថែមទៀត ព្រោះចំថ្ងៃសៅរ៍ និងអាទិត្យ។
លោកបន្តថា ដើម្បីឱ្យពិធីបុណ្យទន្លេនាពេលខាងមុខកាន់តែមានភាពរីករាយ និងទាក់ទាញ គឺអាជ្ញាធរត្រូវរៀបចំឱ្យមានការតាំងពិព័រណ៍ផលិតផលក្នុងស្រុកដែលផលិតដោយប្រជាពលរដ្ឋក្នុងស្រុក។ ចំពោះពិព័រណ៍ផលិតផលក្នុងស្រុកនេះលោកចង់ជំរុញឱ្យមានផលិតផលសិប្បកម្ម កសិកម្មយកមកតាំងលក់ក្នុងព្រឹត្តិការណ៍នេះឱ្យបានច្រើនបំផុតដើម្បីជំរុញការនាំចេញនៅនឹងកន្លែង។
លោកបញ្ជាក់ថា៖ «ការរៀបចំបុណ្យទន្លេនៅខេត្តកំពង់ធំនេះ គឺដោយសារខេត្តកំពង់ធំមានស្ទឹងសែនហូរឆ្លងកាត់ចុះទៅបឹងទន្លេសាប ជាពិសេសខេត្តកំពង់ធំ ស្ថិតនៅពាក់កណ្ដាលផ្លូវធ្វើដំណើរពីរាជធានីភ្នំពេញ និងខេត្តកំពង់ចាម ឆ្លងកាត់ទៅខេត្តសៀមរាប និងព្រះវិហារ ដែលជាគោលដៅទេសចរណ៍សំខាន់ៗ»។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ៩ ខែមករាថា ពិធីបុណ្យទន្លេ ឬសមុទ្រ គឺសុទ្ធតែជាទម្រង់ដ៏ល្អក្នុងការផ្សព្វផ្សាយឱ្យប្រជាជនក្នុងស្រុក និងបរទេស ស្គាល់ និងធ្វើដំណើរទៅកម្សាន្តនៅទីតាំងរៀបចំពិធី។ កំពង់ធំ គឺជាខេត្តមានសក្តានុពលខ្ពស់ក្នុងវិស័យទេសចរណ៍ ប៉ុន្តែវាហាក់ត្រូវគេមើលរំលង ដោយទៅហួសមកហួស។ លោកបន្តថា បុណ្យទន្លេនាពេលខាងមុខ នឹងក្លាយជាឱកាសល្អសម្រាប់ខេត្តកំពង់ធំ ក្នុងការស្តារវិស័យទេសចរណ៍ឡើងវិញពីវិបត្តិជំងឺកូវីដ១៩។
លោកប្រាប់ថា៖ «ពិធីបុណ្យទន្លេនាពេលខាងមុខ ប្រាកដជានឹងជួយទាក់ទាញភ្ញៀទេសចរឱ្យធ្វើដំណើរទៅកម្សាន្តខេត្តកំពង់ធំកាន់តែច្រើន។ វាក៏នឹងជួយឱ្យសកម្មភាពសេដ្ឋកិច្ចខេត្តកើនឡើង ១ កម្រិតដែរ»។
ក្នុងនាមអ្នកមានបទពិសោធន៍ច្រើនឆ្នាំក្នុងវិស័យទេសចរណ៍ លោក ស៊ីណាន បានជំរុញឱ្យអាជ្ញាធរគិតគូរឱ្យមានប្រសិទ្ធភាពថែមទៀតទាក់ទងនឹងការជ្រើសរើសផលិតផលឱ្យចូលរួមដាក់តាំងបង្ហាញក្នុងកម្មវិធីខាងលើ ដោយគួរចៀសវាងការបើកឱកាសឱ្យយកផលិតផលមួយចំនួន (គ្រឿងស្រវឹង...) មកធ្វើការផ្សព្វផ្សាយលក្ខណៈទ្រង់ទ្រាយធំៗខ្លាំងពេក។
ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ លោក សេង អាន បានប្រាប់ថា ខេត្តកំពង់ធំត្រូវបានជ្រើសរើសឱ្យរៀបចំបុណ្យទន្លេតាំងពីឆ្នាំ ២០២១ ប៉ុន្តែត្រូវបានពន្យារមកឆ្នាំ ២០២៣ ដោយសារក្តីបារម្ភពីការឆ្លងរាលដាលជំងឺកូវីដ ១៩។ បុណ្យទន្លេនឹងនាំនូវផលវិជ្ជមានច្រើនសម្រាប់វិស័យទេសចរណ៍ខេត្ត ខណៈក្នុងខេត្តកំពង់ធំមានរមណីយដ្ឋានសំខាន់ៗដូចជា ស្ទឹងព្រៃប្រស់ ប្រាសាទសំបូរព្រៃគុក, ភ្នំសន្ទុក, ស្ទឹងជីនិត, បឹងសំរិទ្ធ, គុកនគរ, តំបន់អេកូទេសចរណ៍ និងកសិទេសចរណ៍ ជាដើម។
លោកថ្លែងថា៖ «ខ្ញុំគិតថាពិធីបុណ្យទន្លេនាពេលខាងមុខនឹងនាំផលប្រយោជន៍ជាច្រើនដល់ប្រជាជនក្នុងខេត្ត ខណៈបច្ចុប្បន្នចំនួនតំបន់ទេសចរណ៍ក្នុងខេត្ត ការរៀបចំសណ្តាប់ធ្នាប់បរិស្ថាន និងសន្តិសុខក៏មានភាពល្អប្រសើរផងដែរ»។
យោងតាមលោក សេង អាន គិតត្រឹមដើមឆ្នាំ ២០២៣ នេះខេត្តកំពង់ធំ មានសណ្ឋាគារ ៩ ស្មើនឹង ៤១៦ បន្ទប់ និងផ្ទះសំណាក់ ៥៧ ស្មើ ៨៧៨ បន្ទប់។ កាលពីអំឡុងឆ្លងឆ្នាំ ២០២២-២០២៣ (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២២ និងថ្ងៃទី ១ ខែមករា ឆ្នាំ២០២៣) មានប្រជាជន និងភ្ញៀវទេសចរបានមកទស្សនានៅតាមគោលដៅទេសចរណ៍ក្នុងខេត្តសរុប ៣៦ ១១៣ នាក់(ភ្ញៀវជាតិ ៣៥ ៦៦២ នាក់ និងបរទេស ៤៥១ នាក់)។
ពិធីបុណ្យទន្លេត្រូវបានរៀបចំចំនួន ៦ លើកមកហើយ ដោយចាប់ផ្តើមពីឆ្នាំ ២០១៥ នៅខេត្តក្រចេះ, ឆ្នាំ ២០១៦ នៅខេត្តស្ទឹងត្រែង, ឆ្នាំ ២០១៧ នៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ, ឆ្នាំ ២០១៨ នៅខេត្តកណ្ដាល, ឆ្នាំ ២០១៩ នៅខេត្តកំពង់ឆ្នាំង និងឆ្នាំ ២០២០ នៅខេត្តបាត់ដំបង។ ក្តីបារម្ភពីការរីករាលដាលជំងឺកូវីដ ១៩ រដ្ឋាភិបាលបានផ្អាកការរៀបចំព្រឹត្តិការណ៍នេះរយៈពេល ២ ឆ្នាំ គឺឆ្នាំ ២០២១ និងឆ្នាំ ២០២២៕