ភ្នំពេញៈ ក្រុមហ៊ុន​ឯកជន​មួយ​នឹងធ្វើ​ការវិនិយោគ​សាងសង់​តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី​មួយ​ក្នុងស្រុក​ជើងព្រៃ ខេត្តកំពង់ចាម​លើ​ផ្ទៃដី​​ ១០០ ​​ហិកតា ដោយ​គ្រោង​ចាប់ផ្តើម​សាងសង់​ក្នុងពេល​ឆាប់ៗ​។ នេះ​បើតាម​អភិ​បាល​ខេត្តកំពង់ចាម​។​

​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​ក្នុង​កម្មវិធី​គម្រោង​ពង្រីក និង​លើក​កម្រិត​គុណភាព កំណាត់​ផ្លូវជាតិ​លេខ​ ៧ នៅ​ព្រឹក​ថ្ងៃទី​៩ ខែមករា លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បានឱ្យដឹងថា គម្រោង​អភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​នេះ​ត្រូវបាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​អនុម័ត​រួចរាល់​ហើយ ដែល​នឹងត្រូវ​ចាប់ផ្តើម​សាងសង់​នៅពេល​ឆាប់ៗ​នេះ បន្ទាប់ពី​ការសិក្សា​លម្អិត​ទៅលើ​ផែនការអភិវឌ្ឍន៍​។​

​លោក​ថ្លែងថា​៖ «​ខ្ញុំ​បាន​ចូល​រួម​ប្រជុំ​ជាមួយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​កាលពីពេល​ថ្មីៗ​នេះ ដែល​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​នឹងត្រូវ​សាងសង់​លើ​ផ្ទៃដី​ ១០០ ​ហិកតា នាពេល​ខាងមុខនេះ ដោយសារតែ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បានអនុម័ត​លើ​គម្រោង​វិនិយោគ​នេះ​រួចរាល់​ហើយ​»​។​

​បើតាម​លោក ចាន់​ដា តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​នឹង​ស្រូប​ទាញ​ការវិនិយោគ​លើ​វិស័យ​រោងចក្រ វាយ​ន​ភណ្ឌ​មកកាន់​ខេត្តកំពង់ចាម​កាន់តែច្រើន​ថែមទៀត​។​

​លោក​បញ្ជាក់ថា​៖ «​ការបង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី​នេះ​គឺ​មិន​ត្រឹមតែ​ចូល​​រួមចំណែក​ដល់​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​យើង​ទាំងមូល​នោះទេ ប៉ុន្តែ​វា​ថែមទាំង​បង្កើន​សេដ្ឋកិច្ច​ខេត្ត ពិសេស​សេដ្ឋកិច្ច​បងប្អូន​ប្រជាពលរដ្ឋ​»​។​

​ទោះយ៉ាងណា លោក​ពុំបាន​បង្ហាញថា​តើ​ក្រុមហ៊ុន​ណា​ជា​អ្នកវិនិយោគ​លើ​តំបន់​សេដ្ឋកិច្ច​ពិសេស និង​ត្រូវ​ចំណាយ​ទុនវិនិយោគ​ប៉ុន្មាន​នោះទេ​។​

​លោក​បន្ថែមថា​៖ «​ក្នុងនាម​អាជ្ញាធរ​ខេត្ត​យើង​ស្វាគមន៍​រាល់​ការវិនិយោគ​ទាំងអស់​មកកាន់​ខេត្ត​។ យើង​នឹង​ជួយ​សម្របសម្រួល​នីតិវិធី​នានា​ដើម្បីឱ្យ​រាល់​ការវិនិយោគ​ទទួលបាន​ជោគជ័យ​»​។​

​លោក គី សេរី​វឌ្ឍន៍ អ្នកស្រាវជ្រាវ​សេដ្ឋ​កិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​បាន​លើកឡើងថា ការបង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ស្គន់​នេះ គឺជា​ទីតាំង​ល្អ​មួយ​សម្រាប់​បម្រើ​ដល់​វិស័យ​ឧស្សាហកម្ម​។​

​លោក​និយាយថា​៖ «​ខ្ញុំ​យល់ថា​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​នឹង​ប្រមូលផ្តុំ​នូវ​បណ្តា​រោងចក្រ​ដែលមាន​ស្រាប់​នៅ​ទី​នោះ​ឱ្យមក​ស្ថិតក្នុង​តំបន់​តែមួយ​ដែល​ងាយស្រួល​ក្នុងការ​គ្រប់គ្រង ការសម្រួល​និង​ការកាត់បន្ថយ​ថ្លៃដើម​ដល់​ម្ចាស់​រោងចក្រ​។ ចំណុច​នេះ​គឺ​បង្ហាញ​អំពី​ការ​ផ្តល់ឱកាស និង​ការជំរុញឱ្យ​មានការ​​វិនិយោគ​បន្ថែម​ទៅក្នុង​វិស័យ​ឧស្សាហ​កម្ម ផលិតកម្ម និង​កម្មន្តសាល​ដូចជា​វិស័យ​កាត់ដេរ​នៅ​ខេត្តកំពង់ចាម​»​។​

​បើ​យោងតាម​រដ្ឋបាល​ខេត្តកំពង់ចាម ក្នុង​ឆ្នាំ​ ២០១៩ ទំហំ​សេដ្ឋកិច្ច​របស់​ខេត្ត​កំពង់ចាម មាន​ប្រមាណ ១ ៨៧១,៥០​លាន​ដុល្លារ​ស្មើ ៧,១​ ភាគរយ​នៃ​សេដ្ឋ​កិច្ច​ជាតិ​សរុប ចំណូល​សម្រាប់​មនុស្សម្នា​ក់ ១ ៦៧៩ ​ដុល្លា​។

កំណើនសេដ្ឋកិច្ច​ទទួល​បាន​ពី​វិស័យ​កសិកម្ម ៣៨​ ភាគ​រយ សិប្បកម្ម ១៩ ​ភាគរយ និង​សេវាកម្ម ៤៣​ ភាគរយ​។​

​ខេត្ត​មាន​រោងចក្រ និង​សិប្បកម្ម​ចំនួន​ ១ ៣៤២​ មូលដ្ឋាន​ក្នុងនោះ រោងចក្រ​ធុន​ធំ​ (​វិនិយោគ​)​ ចំនួន ១៧​ មូលដ្ឋាន (​រោងចក្រ​កាត់ដេរ​កែច្នៃ​ជ័រកៅស៊ូ​), រោងចក្រ​ធុន​តូច​-​មធ្យម ១៣៥​មូ លដ្ឋាន (​ផលិត​ទឹក​សុទ្ធ ម៉ាស៊ីនកិនស្រូវ កែច្នៃ​ជ័រកៅស៊ូ​); សិប្បកម្ម ចំនួន ១ ១៩៤​ មូលដ្ឋាន (​ធ្វើ​អាជីវកម្ម​លក្ខណៈ​គ្រួសារ ផលិត​ដប​ទឹក​សុទ្ធ ទឹក​សុទ្ធ កាត់​កញ្ចក់ ផ្សារ​ដែក ជាដើម​។​ល​។​)៕