ភ្នំពេញៈ ប្រធាន​នៃ​សមាគម​ភ័ស្តុភារ​កម្ម​កម្ពុជា លោក ស៊ិន ច​ន្ធី មាន​សុទិដ្ឋិនិយម​ថា ការ​បោះជំហាន​ចូល​របស់​ក្រុមហ៊ុន​ជប៉ុន NIPPON KOEI មកលើ ការអភិវឌ្ឍ​វិស័យ​ផ្លូវដែក​កម្ពុជា​នឹង​ក្លាយជា​កត្តា​ជំរុញ​មួយ​ដ៏​សំខាន់​ក្នុងការ​លើកកម្ពស់​ការ​​ដឹកជញ្ជូន​ទំនិញ និង​អ្នកដំណើរ ដោយសារ​ជប៉ុន​គឺជា​ប្រទេស​ដែលមាន​បទពិសោធន៍​ខ្ពស់​លើ​វិស័យនេះ ស្របពេល​រដ្ឋាភិបាល​បានដាក់​ផែនការ​ធ្វើ​ទំនើបកម្ម​ផ្លូវដែក​ទៅជា​ល្បឿន​លឿន​។​

​ការលើកឡើង​របស់លោក ស៊ិន ច​ន្ធី បន្ទាប់ពី​តំណាង​ក្រុម​ហ៊ុន NIPPON KOEI ដែល​ដឹកនាំ​ដោយ​លោក Hirotoshi SUZIKI បាន​ជួបប្រជុំ​ជាមួយ​តូច ចាន់​កុសល រដ្ឋលេខាធិការ​ប្រចាំការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​នៅ​ទីស្តីការ​ក្រ​សួង​កាលពី​ថ្ងៃទី​​ ៩ ខែមករា​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង ក្រុមហ៊ុន NIPPON KOEI បានបង្ហាញ​ចំណាប់អារម្មណ៍​ទាក់ទង​នឹង​គម្រោង​កែលម្អ​ប្រព័ន្ធ​ដឹកជញ្ជូន​អ្នកដំណើរ​តាម​រថភ្លើង​នៅតាម​តំបន់​ចំនួន ៣ នៃ​ផ្លូវដែក​ភាគ​ខាងជើង​រួមមាន​បាត់ដំបង សិរី​សោភ័ណ និង​ប៉ោយប៉ែត ដើម្បី​រួមចំណែក​ក្នុងការ​ប្រើប្រាស់​ផ្លូវ​រថភ្លើង​ដែលមាន​ស្រាប់​សម្រាប់​ការដឹកជញ្ជូន​ឱ្យ​កាន់តែ​ល្អ​។​

​លោក ស៊ិន ច​ន្ធី លើកឡើងថា ក្នុង​វិស័យ​ដឹកជញ្ជូន និង​ឡូ​​ជី​ស្ទិ​ក អ្វី​ដែលមាន​សក្តានុពល​ខ្ពស់​នោះ គឺ​ការដឹកជញ្ជូន​តាមផ្លូវ​ដែក​ដែលមាន​តម្លៃ​ទាប​បើ​ប្រៀបធៀប​តាម​ការដឹកជញ្ជូន​តាម​ផ្លូវថ្នល់ និង​ផ្លូវអាកាស​។

​លោក​និយាយថា​៖ «​បើតាម​ខ្ញុំ​ដឹង​សម្រាប់​ការអភិវឌ្ឍ​ប្រព័ន្ធ​ផ្លូវដែក​នេះ គឺ​រដ្ឋាភិបាល​យើង​បានរៀបចំ​ផែនការមេ​រួចរាល់​ហើយ​សំដៅ​ធ្វើយ៉ាងណា​ឱ្យ​តម្លៃ​ដឹកជញ្ជូន​របស់​យើង​កាន់​តែមាន​ជម្រើស មានតម្លៃ​ទាប និង​កាន់តែ​មានការ​ប្រកួត​ប្រ​​ជែង​ដោយ​នឹង​រួមចំណែក​ធ្វើឱ្យ​ថ្លៃដើម​ផលិតកម្ម​ធ្លាក់ចុះ ដែលជា​កត្តា​ដ៏​សំខាន់​ក្នុង​ការជំរុញ​ការនាំចេញ​និង​អាចបង្កើត​ឧ​ត្ត​ម​ភាព​ប្រកួតប្រជែង​ផងដែរ​។​

​លោក​បន្ថែមថា​៖ «​ឥឡូវនេះ​យើង​ឃើញ​មាន​ការចាប់​អារ​ម្ម​​ណ៍​ពី​ក្រុមហ៊ុន​ជប៉ុន​មកលើ​ការ​​វិនិយោគ​ផ្លូវ​រថភ្លើង​នៅ​កម្ពុជា​។ នេះ​ជាការ​បោះជំហាន​ថ្មី​មួយ​ដែល​ប្រទេស​ដែលមាន​បទ​ពិ​សោធន៍​ខ្ពស់​មួយ​នេះ​ចង់​មក​វិនិយោគ​នៅ​ប្រទេស​យើង​។ ខ្ញុំ​សាទរ​ចំពោះ​ក្រុមហ៊ុន​ដែលមាន​ផែនការ​វិនិយោគ ដោយសារតែ​វា​ពិត​ជាមាន​សារៈសំខាន់​ខ្លាំង​សម្រាប់​ប្រទេស​កម្ពុជា​យើង​ក្នុងការ​អភិវឌ្ឍ​ប្រព័ន្ធ​ផ្លូវដែក​ដែល​វា​នឹងចូលរួម​ចំណែក​ក្នុងការ​រីកចម្រើន​សេដ្ឋកិច្ចកម្ពុជា​បាន​មួយកម្រិត​។​

​ប្រទេស​កម្ពុជា​គ្រោង​ធ្វើ​ទំនើប​កម្ម​ផ្លូវដែក​ទៅជា​ល្បឿន​លឿន​នៅ​ឆ្នាំ​ ២០២៣​ នេះ ក្នុង​គោល​បំណង​ជំរុញ​ការដឹកជញ្ជូន​ទាំង​ទំនិញ និង​អ្នកធ្វើដំណើរ​តាមផ្លូវ​ដែក ជាពិសេស​គឺ​ការតភ្ជាប់​ជាមួយ​ប្រទេសជិតខាង​។​

​កាលពី​ចុងខែ​ធ្នូ ឆ្នាំ​ ២០២២ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​​ជញ្ជូន បាន​លើកឡើងថា ដើម្បី​ទាក់ទាញ​អ្នកវិនិយោគ​ឱ្យមក​បណ្តាក់ទុន​រកស៊ី​នៅ​កម្ពុជា គឺ​ទាមទារ​ឱ្យមាន​ប្រព័ន្ធ​ហេ​ដ្ឋា​​រចនាសម្ព័ន្ធ​ប្រទាក់ក្រឡា​គ្នា​ដើម្បី​ធ្វើឱ្យ​ប្រព័ន្ធ​ដឹកជញ្ជូន និង​ឡូ​ជី​ស្ទិ​កមាន​តម្លៃថោក​។​

​លោក​បាន​បន្តថា ផ្លូវ​រថភ្លើង​ប៉ោយប៉ែត​មក​ភ្នំពេញ និង​ទៅ​ក្រុងព្រះសីហនុ ក៏​កំពុង​សិក្សា​ជិត​ចប់​ហើយ និង​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ ១​ ខ្សែ​ទៀត ពី​ប៉ោយប៉ែត​-​សៀមរាប​-​កំពង់ធំ​-​កំពង់ឆ្នាំង​-​ភ្នំពេញ និង​បាវិត​-​ម៉ុក​ប៉ៃ​ត​ភ្ជាប់​ក្រុង​ហូជីមិញ​ប្រ​ទេស​វៀតណាម​កំពុង​សិក្សា​។​

​នៅក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃទី​ ៩ ខែមករា​នោះដែរ លោក តូច​ ចាន់​កុសល ក៏បាន​ស្នើឱ្យ​ក្រុម​ហ៊ុន Nippon ធ្វើការ​ពិចារណា​ទៅលើ​ការសិក្សា​គម្រោង​ផ្លូវ​រថ​ភ្លើង​ក្នុង​ទីក្រុង​ភ្នំពេញ ពិសេស​ការសិក្សា​លទ្ធភាព​សាងសង់​ផ្លូវ​រថភ្លើង​នៅក្នុង​ក្រុង ​(Tramway)​ ដែលជា​ប្រភេទ​ដឹកជញ្ជូន​មួយបែប​មាន​ការនិយម​ចូលចិត្ត​ប្រើប្រាស់ មានតម្លៃ​ថោក និង​ការវិនិយោគ​ក៏​ងាយស្រួល និង​មាន​ថ្លៃ​ថោក​បើ​ធៀប​នឹង​ប្រព័ន្ធ​ប្រតិបត្តិការ​រថភ្លើង​ស្វ័យប្រវត្តិ ​(AGT) ​ដែល​ JICA បាន​សិក្សា​រួចរាល់​មកហើយ​៕