ភ្នំពេញៈ អ្នកនាំពាក្យ​នៃ​លេ​ខា​ធិ​ការដ្ឋាន​អាកាសចរ​ស៊ីវិល (SSCA) និង​ផ្នែក​ឯកជន​បាន​លើកឡើងថា ការ​ព​ន្លឿ​ន​ដើម្បី​បញ្ចប់​ការសាងសង់ និង​ដាក់ឱ្យ​ដំណើរការ​ព្រលានយន្តហោះ​សៀមរាប​ថ្មី នៅ​ខែតុលា ខាង​មុខ គឺ​នឹង​ឆ្លើយតប​ទៅ​តម្រូវការ​នៃ​ការមកដល់​របស់​ភ្ញៀវ​ទេស​ចរ​អន្តរជាតិ ជាពិសេស​ទេសចរ​ចិន​ដែល​រដ្ឋាភិបាល​បានដាក់​ផែនការ​ក្នុង​ក្នុង​ទាក់ទាញ​ឱ្យមក​ទស្សនា​កម្ពុជា​បាន​ច្រើន​។​

​យោងតាម​របាយការណ៍​បូក​សរុប​ការងារ​ប្រចាំឆ្នាំ​​ ២០២២ និង​ទិសដៅ​ការងារ​ឆ្នាំ​ ២០២៣ ​របស់​គណៈកម្មការ​តម្រង់​ទិស​សម្រាប់​ការសាងសង់​អាកាស​យានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួលបាន​កាលពី​ថ្ងៃទី​ ១០ ខែមករា AIAI ដែលជា​ក្រុមហ៊ុន​អនុវត្ត​គម្រោង ឱ្យដឹងថា គិត​ត្រឹម​ថ្ងៃទី​ ៣១ ខែធ្នូ ឆ្នាំ​ ២០២២ គម្រោង​ទាំងមូល​សម្រេចបាន​ប្រមាណ ៦៣ ​ភាគរយ​យឺត​ជាង​ការគ្រោងទុក​កាលពីដើមឆ្នាំ​ដែល​កំណត់ ៧០​ ភាគរយ ដោយសារតែ​ការរាំងស្ទះ​នៃ​ការ​នាំចូល​ឧបករណ៍​បរិក្ខារ​សំណង់​ពី​ប្រទេស​ចិន​ (​បញ្ហា​កូ​វីដ​១៩)​។ ជាមួយគ្នានេះ​ក្រុម​ហ៊ុន​បាន​ដាក់ចេញ​ផែនការ​ឆ្នាំ​ ២០២៣ និង​ធ្វើការ​ប្តេជ្ញាចិត្ត​ខ្ពស់ នឹង​សម្រេច​ការសាងសង់​នេះ​ឱ្យបាន ៩០ ភាគរយ នៅត្រឹម​ដំណាច់​ខែមីនា ឆ្នាំ​ ២០២៣​។​

​លោក តឹក​រ៉េត សំរេច ប្រធាន​គណៈ​​កម្ម​ការតម្រង់ទិស​នៃ​គម្រោង​នេះ បានធ្វើការ​កោតសរសើ​រ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រុមហ៊ុន AIAI ដែល​បាន​យកចិត្តទុកដាក់​ខ្ពស់ និង​ផ្តល់​ភាព​សំខាន់​ខ្លាំង​ចំពោះ​គម្រោង​នេះ ហើយ​បាន​អនុ​វត្ត​គម្រោង​ទទួលបាន​ជោគជ័យ​យ៉ាងខ្លាំង​មកដល់ពេលនេះ​។​

​លោក​ថ្លែងថា​៖ «​តាមរយៈ​សមិទ្ធផល​ឃើញ​ថ្ងៃនេះ យើង​អាច​វាយតម្លៃ​បាន​ថា ពេលវេលា​លំបាក​បំផុត​ក្នុងការ​អនុវត្ត​គម្រោង​សាងសង់​ឱ្យ​សម្រេច​ជោគជ័យ​នោះ គឺ​ពួកយើង​បាន​ឆ្លង​ផុត​ហើយ នៅសល់តែ​ការងារ​តិចតួច​ប៉ុណ្ណោះ​ដែល​ត្រូវ​បន្ត​អនុវត្ត​ឱ្យបាន​ចប់​នៅ​ដំណាច់​ខែមីនា ឆ្នាំ​ ២០២៣ និង​ការងារ​បើក​ឱ្យ​ដំ​ណើ​រការ​នៅ​ខែតុលា ឆ្នាំ​ ២០២៣»​។​

​លោក ស៊ិន ចាន់​សិរី​វុត្ថា អ្នកនាំពាក្យ SSCA បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១០ ខែមករា​ថា ការសម្រេចបាន​នូវ​វឌ្ឍនភាព​នៃ​ការសាងសង់​ព្រលាន​យន្ត​ហោះ​សៀមរាប​ថ្មី​នេះ គឺ​ឆ្លុះបញ្ចាំង​ពី​ការតាំង​ចិត្ត​ខ្ពស់​របស់​ក្រុមហ៊ុន​សាងសង់ បើទោះបី​ខ្លួន​ជួប​ឧបសគ្គ​ខ្លះៗ​ដោយ​សារ​ការរីក​រាលដាល​ជំងឺ​កូ​វីដ ​១៩ ក្នុង​រយៈពេល​ជាង ​២ ​ឆ្នាំ​មកនេះ ដែល​ធ្វើឱ្យមាន​ការរំខាន​ដល់​ការសាងសង់​។​

​លោក​ប្រាប់ថា​៖ «​ក្រុមហ៊ុន​មានការ​ប្តេជ្ញា​ខ្ពស់​ក្នុងការ​សម្រេច​ឱ្យបាន​តាម​ផែនការ​។ យើង​ពិតជា​ស្វាគមន៍ និង​សាទរ​ចំពោះ​ការតាំង​ចិត្ត​នេះ និង​សង្ឃឹមថា ក្រុមហ៊ុន​នឹង​សម្រេចបាន​ទៅតាម​ផែនការ​របស់ខ្លួន​»​។​

ទិដ្ឋភាពការកសាង​ព្រលាន​យន្ត​ហោះ​ខេត្តសៀមរាប​ កាលពីថ្ងៃទី ៩ ខែមករា។ រូបថត សហការី

​លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសច​រណ៍​អាស៊ី​ប៉ាស៊ីហ្វិក បាន​លើក​ឡើង​ថា ការ​ព​ន្លឿ​ន​ការបញ្ចប់​ការ​សាង​សង់​ព្រលានយន្តហោះ​ថ្មី​នេះ​នឹង​ជួយ​គាំទ្រ​ដល់​វិស័យ​ដឹកជញ្ជូន​ផ្លូវអាកាស​របស់​កម្ពុជា ស្របពេល​រដ្ឋាភិបាល​កំ​ពុង​ដាក់​វិធានការ​ទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ ពិសេស​ភ្ញៀវ​ចិន​ឱ្យមក​ទស្សនា​ប្រទេស​កម្ពុជា​កាន់តែច្រើន​ដើម្បី​ជួយ​ស្រោចស្រង់​ការ​ងើប​ឡើងវិញ​នៃ​វិស័យនេះ​ដែល​បាន​ញាំញី​ពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​ ១៩ ជាង​ ២ ​ឆ្នាំ​មកនេះ​។​

​លោក​ថ្លែងថា​៖ «​ការណ៍​ដែល​យើង​មាន​ព្រលានយន្តហោះ​ថ្មី គឺជា​ជម្រើស​ដ៏​ល្អ​មួយ​សម្រាប់​ប្រទេស​កម្ពុជា ព្រោះថា​យើង​មិន​ត្រឹមតែ​ផ្តល់​ជម្រើស និង​មាន​ជើងហោះហើរ​កាន់តែច្រើន​ដើម្បី​បម្រើ​ដល់​វិស័យ​ទេសចរណ៍​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជួយ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ប្រព័ន្ធ​ដឹកជញ្ជូន​តាមផ្លូវ​អាកាស​ទៀតផង​»​។​

​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​​អង្គរ បានចាប់ផ្តើម​សាងសង់​កាលពី​ថ្ងៃទី​ ១៥ ខែមីនា ឆ្នាំ​ ២០២០ ដោយ​ក្រុម​ហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd(AIAI) លើ​ផ្ទៃដី ៧០០,០៦​ ហិកតា ក្រោម​ទុនវិនិយោគ ៨៨០ ​លាន​ដុល្លារ​។ អាកាសយានដ្ឋាន​នេះ​មាន​សមត្ថភាព​ទទួល​អ្ន​ក​ដំណើរ​ប្រចាំឆ្នាំ ​(​ចាប់ពី​ឆ្នាំ​២០២៣) រយៈពេល​ខ្លី​មធ្យម ៧ លាន​នាក់​ក្នុង ១​ ឆ្នាំ​ដែល​ត្រូវ​ចំណាយ​ទុន​ជាង ៥០០ លាន​ដុល្លារ និង​រយៈពេល​វែង​ទទួលបាន ២០​ លាន​នាក់​ក្នុង ១ ​ឆ្នាំ​ដែល​ត្រូវ​ចំណាយ​ទុន​ជាង ៣០០ លាន​ដុល្លារ​បន្ថែមទៀត​។ សម្រាប់​សមត្ថភាព​ទទួល​ទំនិញ​ប្រចាំឆ្នាំ​វិញ គឺ​នៅក្នុង​រយៈពេល​ខ្លី​​មធ្យម​បាន​ចំនួន ១០ ០០០ តោន ក្នុង ​១ ​ឆ្នាំ និង​រយៈពេល​វែង​បាន​ចំនួន ៦០ ០០០​ តោន​៕

វីដេអូ៖