​ភ្នំពេញៈ កម្ពុជា​រកប្រាក់​បាន​ជិត ២២,៥​​ ពាន់​លាន​ដុល្លារ​ពី​ការនាំ​ទំនិញ​ទៅ​លក់​នៅ​ទីផ្សារ​អន្តរជាតិ​ក្នុង​ឆ្នាំ​ ២០២២ កើន​ឡើង​ជាង ១៦​ ភាគរយ​បើ​ធៀប​ឆ្នាំ​ ២០២១ ខណៈ​ទំហំ​ពាណិជ្ជ​កម្ម​អន្តរជាតិ​បាន​កើន​ដល់​ជាង ៥២,៤ ​ពាន់​លាន​ដុល្លារ​។ នេះ​បើ​យោងតាម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​

​ទិន្នន័យ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​នៃ​ក្រសួង​សេដ្ឋ​កិច្ច និង​ហិរញ្ញវត្ថុ ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​ ១០ ខែមករា ឆ្នាំ​ ២០២៣ បង្ហាញថា ក្នុង​ឆ្នាំ​ ២០២២ ទឹកប្រាក់​នៃ​ការធ្វើ​ពា​​ណិ​ជ្ជ​កម្ម​អន្តរជាតិ​របស់​កម្ពុជា មាន​សរុប ៥២ ៤២៤,៥៣៩​ លាន​ដុល្លារ​កើន ៩,២​ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២១ ដែលមាន​ចំនួន ៤៨ ០១១,៨​ លាន​ដុល្លារ​។​

​បើតាម​ទិន្នន័យ​ខាងលើ គឺ​ទឹកប្រាក់​ដែល​កម្ពុជា​ទទួលបាន​ពី​ការនាំ​ទំនិញ​ទៅ​ទីផ្សារ​អន្តរជាតិ​នៅក្នុង​ឆ្នាំ​ ២០២២ គឺមាន​ចំនួន ២២ ៤៨២,៩៣៧ ​លាន​ដុល្លារ កើន ១៦,៤​ ភាគរយ​ពី​ចំនួន ១៩ ៣០៨,៩១​ លាន​ដុល្លារ​កាលពី​ឆ្នាំ​២០២១ និង​ទំនិញ​ដែល​កម្ពុជា​នាំ​ចូល​ពី​ទីផ្សារ​អន្តរជាតិ មាន​ទឹកប្រាក់ ២៩ ៩៤១,៦០២​ លាន​ដុល្លារ កើន​ឡើង ៤,៣ ​ភាគរយ​។​

​ទោះយ៉ាងណា យោងតាម​ទិន្នន័យ​ខាងលើ ជញ្ជីងពាណិជ្ជកម្ម​កម្ពុ​ជាមាន​ឱនភាព ៧ ៤៥៨,៦៦៤ ​លាន​ដុល្លារ ដោយ​ទឹកប្រាក់​នាំចេញ​របស់​កម្ពុជា​ស្មើនឹង​ប្រមាណ​ជាង ៤២,៨៨​ ភាគ​រយ​នៃ​ការនាំចេញ​នាំចូល​សរុប​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម លោក លឹម ហេង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃទី​ ១០ ខែមករា ថា ចំនួន​ទឹកប្រាក់​នាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ទីផ្សារ​អន្តរ​ជាតិ​សម្រាប់​ឆ្នាំ ​២០២៣ នេះ​នឹង​បន្ត​កើនឡើង​ថែមទៀត ពីព្រោះ​ការចាប់​ផ្តើម​អនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដែល​បាន​ចុះហត្ថលេខា​កន្លងមក​ដូច​ជា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេ​ភាគី​កម្ពុជា​-​ចិន ​(CCFTA), កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​កូរ៉េ ​(CKFTA), កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP),​ព្រមទាំង​ការទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នាំចូល​ទំនិញ​ទៅ​សហគមន៍​អឺរ៉ុប​ (EBA) និង​អា​មេ​រិ​ក GSP នឹង​បន្ត​ដើរតួនាទី​ក្នុងការ​​នាំយក​ផលិតផល​កម្ពុជា​ទៅ​ដាក់លក់​នៅ​ទីផ្សារ​ប្រទេស​កាន់តែច្រើន​។​

​ទាក់ទង​នឹង​ឱនភាព​ជញ្ជីង​ពាណិជ្ជ​កម្ម​អន្តរជាតិ លោក លឹម ហេង បាន​ប្រាប់ថា មិនមែនជា​ក្តីបារម្ភ​ទេ ព្រោះ​ផលិតផល​ដែល​កម្ពុជា​នាំចូល គឺមាន​មួយចំនួន​ជា​វត្ថុធាតុដើម ឬ​គ្រឿង​បង្គុំ​សម្រាប់​ដំណើរការ​ផលិតកម្ម​នាំចេញ និង​មួយចំនួន​ប្រើ​សម្រាប់​ទៅ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដើម្បី​ទាក់ទាញ​ការ​​វិនិយោគ​ថ្មីៗ​។​

​លោក​ថ្លែងថា​៖ «​ខ្ញុំ​ជឿថា​ចំនួន​ទឹក​ប្រាក់​បាន​ពី​ការនាំចេញ​របស់​កម្ពុជា​នឹង​បន្ត​កើន​ថែមទៀត​ក្នុង​ឆ្នាំ​ ២០២៣ នេះ​។ ចំនួន​ការវិនិយោគ​ថ្មីៗ​ក៏​នឹង​បន្ត​កើនឡើង​ផងដែរ​»​។​

​អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​និយាយថា កំណើន​ទឹកប្រាក់​នាំចេញ​របស់​កម្ពុជា ២​ ខ្ទង់ កាលពី​ឆ្នាំ​ ២០២២ បង្ហាញថា ចន្ទល់​សេដ្ឋកិច្ចកម្ពុជា​មាន​ភាព​រឹងមាំ​ល្អ បើទោះបីជា​ស្ថានភាព​សេដ្ឋកិច្ច​របស់​ប្រទេសមួយ​ចំនួន​នៅ​បន្ត​ជាប់គាំង​ដែល​បណ្តាលមកពី​វិបត្តិ​ជាច្រើន​ដូចជា ជំងឺ​កូ​វីដ​ ១៩ ការ​កើន​ឡើង​តម្លៃ​ប្រេងឥន្ធនៈ សង្គ្រាម​នៅ​ប្រ​ទេស​អ៊ុយ​ក្រែ​ន និង​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ​រវាង​មហាអំណាច​ធំៗ​។​

​ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា លោក តែ តាំង​ប័​រ បានឱ្យដឹងថា ទោះបី​ចង្វាក់​ផលិតកម្ម​នៅក្នុង​ប្រទេសមួយ​ចំនួន​បន្ត​ទទួលរង​ផល​អវិជ្ជមាន​ពី​វិបត្តិ​ជំងឺ​​កូ​វីដ​ ១៩ និង​ជម្លោះ​ភូមិសាស្ត្រ​ន​យោ​បាយ ប៉ុន្តែ​សម្រាប់​សកម្មភាព​ផលិត​កម្ម​នៅ​កម្ពុជា គឺមាន​ដំណើរការ​ទៅមុខ​ដោយ​រលូន​តាំងពី​ដើមឆ្នាំ​ ២០២២ មក​។ ការរំដោះ​ខ្លួន​បាន​ឆាប់រហ័ស​ពី​វិបត្តិ​អន្តរជាតិ​នានា​ធ្វើឱ្យ​កម្ពុជា​ទទួលបាន​កំណើនសេដ្ឋកិច្ច​ខ្ពស់​គួរឱ្យកត់ សម្គាល់​។​

​លោក​អះអាងថា​៖ «​ភាពរឹងមាំ​នៃ​ចង្វាក់​ផលិតកម្ម​ក្នុងស្រុក ពិសេស​ការ​នាំចេញ​របស់​កម្ពុជា​នឹង​បន្ត​ភាព​វិជ្ជមាន​បន្ថែមទៀត​ក្នុង​ឆ្នាំ​ ២០២៣ នេះ​»​។​

​ទោះយ៉ាងណា លោក​លើកឡើងថា បើសិន​តម្លៃ​ប្រេងឥន្ធនៈ និង​ថាមពល​អគ្គិសនី អាចមាន​កម្រិត​ទាប​ជាង​ពេលបច្ចុប្បន្ន វា​នឹង​ក្លាយជា​កម្លាំងចលករ​ក្នុង​ការជំរុញ​ផលិតកម្ម និង​ទាក់ទាញ​ការវិនិយោគ​ថ្មីៗ​បន្ថែមទៀត​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី ​៧ ខែមករា ឆ្នាំ ​២០២៣ ក្នុង​ពិធី​អបអរសាទរ​ខួប​ ៤៤ ​ឆ្នាំ នៃ​ថ្ងៃ​ជ័យជម្នះ​ ៧ ​មករា បាន​ថ្លែងថា ការ​យកឈ្នះ​លើ​ជំងឺ​កូ​វីដ​ ១៩ បានធ្វើឱ្យ​សេដ្ឋកិច្ចកម្ពុជា កើនឡើង​ក្នុង​រង្វង់ ៥,៥​ភាគរយ​ក្នុង​ឆ្នាំ​ ២០២២ និង​រំពឹង​សម្រេចបាន ៦,៦ ​ភាគរយ​នៅក្នុង​ឆ្នាំ​ ២០២៣ ​នេះ​។ លោក​បន្ថែមថា ថ្វី​ដ្បិត​ជំងឺ​កូ​វីដ​ ១៩ មិនទាន់​ផុតរលត់ ប៉ុន្តែ​ស្ថានភាព​សេដ្ឋកិច្ចកម្ពុជា​ចាប់​ផ្តើម​វិល​ទៅរក​ភាពល្អ​ឡើងវិញ​។​

​យោងតាម​ការ​ព្យាករ​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ឆ្នាំ​ ២០២៣ នេះ​ផលិតផល​ក្នុងស្រុក​សរុប ​(​ផសស​) សម្រាប់​មនុស្ស​ម្នាក់​ត្រូវបាន​រំពឹងថា នឹង​ឡើងដល់​ ១ ៩២៤ ដុល្លារ ធៀប​នឹង​ ១៧៨៥​ ដុល្លារ ក្នុង​ឆ្នាំ​ ២០២២​។​

​ចំណែក​ធនាគារពិភពលោក កាលពី​ថ្ងៃទី​ ៧ ខែធ្នូ បាន​ព្យាករ​ថា កំណើនសេដ្ឋកិច្ច​កម្ពុជា​នឹង​កើនឡើង​ដល់ ​៤,៨​ភាគរយ​ក្នុង​ឆ្នាំ ​២០២២ ហើយ​នៅ​ឆ្នាំ​ ២០២៣ កំណើនសេដ្ឋកិច្ច​នឹង​កើន​ដល់ ៥,២​ ភាគរយ ដោយសារ​ការកើនឡើង​នៃ​ការជួយ​គាំទ្រ​ដល់​ការកើនឡើង​នៃ​ការប្រើប្រាស់​ក្នុងស្រុក និង​អតិផរណា​ធ្លាក់ចុះ​។​

​ពាណិជ្ជកម្ម​អន្តរជាតិ​កម្ពុជា កាលពី​ឆ្នាំ ​២០២១ មាន​ទឹកប្រាក់ ​៤៨,០១១ ​ពាន់​លាន​ដុល្លារ កើន ២៨,២​ ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០២០ ក្នុងនោះ​ការនាំ​ចេញ​មាន ១៩,៣០​ ពាន់​លាន​ដុល្លារ កើន ៥,៣​ ភាគរយ និង​ការ​នាំចូល​មាន​ទឹកប្រាក់ ២៨,៧០ ​ពាន់​លាន​ដុ​ល្លារ កើនឡើង ៥០,៣​ ភាគរយ​។ នេះ​បើ​យោងតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​៕