​ភ្នំពេញៈ ឯកអគ្គរដ្ឋទូត​សហ​រដ្ឋ​អាមេរិក W. Patrick Murphy លើកឡើងថា ផលិតផល​ក​សិ​កម្ម​កម្ពុជា​​ ៣ ​មុខ​រួមមាន ផ្លែស្វាយ គ្រាប់ស្វាយចន្ទី និង​ម្រេច​កំពត មានគុណ​ភាព​ខ្ពស់​រសជាតិ​ឆ្ងាញ់ ដែល​អាច​ទទួលបាន​កា​រ​​គាំទ្រ​ខ្លាំង​ពី​សំណាក់​អ្នកទិញ​នៅ​សហរដ្ឋអាមេរិក​។​ឆ្លើយតប​ការលើកឡើង​នេះ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​កម្ពុជា​លើក​ទឹក​ចិត្ត​ឱ្យមាន​ការវិនិយោគ​ដោយផ្ទាល់​ពី​វិនិយោគិន​អាមេរិក​មក​កម្ពុជា​។ នេះ​បើតាម​អ្នក​នាំ​ពាក្យ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​។

​កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានឱ្យដឹង​នៅ​ថ្ងៃ​ ទី​ ១០ ខែមករា​ថា ជំនួប​សម្តែង​ការគួរសម និង​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ​រ​វាង​អាមេរិក និង​កម្ពុជា​នៅក្នុង​វិស័យ​កសិកម្ម រវាង​លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក និង​លោក ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នេះ​ធ្វើឡើង កាលពី​ថ្ងៃ​ចន្ទ ទី ៩ ខែមករា ឆ្នាំ ២០២៣​។

​កញ្ញា​បានឱ្យដឹងថា ក្នុងជំនួប​នោះ ឯកអគ្គរដ្ឋទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក​ W.Patrick Murphy បានលើកឡើង​ពី​ផលិតផល​កសិកម្ម​កម្ពុ​ជាមួយ​ចំនួន​ដែល​លោក​មើលឃើញថា ទំនងជា​មានការ​ពេញនិយម​នៅ​សហ​រដ្ឋ​អាមេរិក ប្រសិនបើ​កម្ពុជា និង​អាមេរិក​អាច​បើក​ទីផ្សារ​នាំយក​ផលិតផល​កសិកម្ម​កម្ពុ​ជា​ទៅកាន់​ទីផ្សារ​អាមេរិក​បាន​។ ផលិតផល​ទាំងនោះ​មាន​ដូច​​ជា ផ្លែស្វាយ គ្រាប់ស្វាយចន្ទី និង​ម្រេច​កំពត​។

បុរសម្នាក់ដឹកស្វាយលក់នៅរាជធានីភ្នំពេញ នាពេលកន្លងទៅ។ រូបថត ហេង ជីវ័ន

​កញ្ញា​បាន​ថ្លែងថា​៖ «​សម្រាប់​លោក​ទូត គឺថា ផលិតផល​កសិកម្មរ​បស់​ខ្មែរ​នេះ​គឺមាន​គុណភាព​ខ្ពស់ មាន​រសជាតិ​ឆ្ងាញ់ ហើយ​បើសិនជា​បាន​ឈានចូល​ទីផ្សារ​របស់​អាមេរិក​លោក មាន​សុទិដ្ឋិនិយម​ថា នឹង​អាច​ទទួលបាន​ការគាំទ្រ និង​ទទួលបាន​ការពេញនិយម​ពី​សំណាក់​អ្នកទិញ​នៅ​សហរដ្ឋអាមេរិក​»​។

​កញ្ញា​បន្តថា ជាការ​ឆ្លើយតប​ការលើកឡើង​របស់​ឯក​អគ្គ​រដ្ឋ​ទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​នេះ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ លោក ឌិ​ត ទីណា បាន​លើកទឹកចិត្ត​ឱ្យមាន​ការ​​វិនិយោគ​ដោយផ្ទាល់​ពី​សំណាក់​វិនិយោគិន​អាមេរិក មានន័យថា វិនិយោគិន​អាមេរិក​អាច​ចូលមក​ប្រទេស​កម្ពុជា ហើយ​ពិនិត្យមើល​កសិផល​រប​ស់​កម្ពុជា ដោយផ្ទាល់​បើសិនជា​មើលឃើញថា ផលិតផល​មួយណា​ដែលមាន​សក្តានុពល​ខ្ពស់​អាច​ទទួល​បានការ​ពេញនិយម​នៅលើ​ទីផ្សារ​អាមេរិក គឺ​វិ​និ​យោគិន​អាមេរិក អាចធ្វើ​ការនាំចេញ​ដោយផ្ទាល់​បាន​។

​កញ្ញា​ ​រចនា បាន​បញ្ជាក់ថា​៖ «​សម្រាប់​ឯកឧត្តម​ឌិ​ត ទីណា លោក​យល់ឃើញថា ការនាំ​ចេញ​តាមរយៈ​វិធីសាស្ត្រ​បែបនេះ​វា​ល្អប្រសើរ ហើយ​វា​អាច​ធានា​នូវ​អត្រា​ជោគជ័យ បាន​ខ្ពស់ជាង​ការដែល​វិនិយោគិន​ខ្មែរ​ប្រឹងប្រែង​នាំ​កសិផល​ខ្មែរ​ទៅកាន់​ទីផ្សារ​អាមេរិក​»​។

​អ្នកនាំពាក្យ​ក្រសួងកសិកម្ម​បាន​គូសបញ្ជាក់​បន្ថែមថា ការ​លើកឡើង​របស់​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម លោក ឌិ​ត ទីណា ជុំវិញ​ការលើកទឹកចិត្ត​ឱ្យ​វិ​និ​យោ​គិ​ន​អាមេរិក​ជា​អ្នកវិនិយោគ​ដោយផ្ទាល់​លើ​ផលិតផល​កសិកម្ម​រប​ស់​កម្ពុជា​ចូលទៅ​កាន់​ទីផ្សារ​អាមេរិក​នេះ ត្រូវបាន​លោក​ទូត​អាមេរិក W.Patrick Murphy យល់ស្រប​ផងដែរ​។​

​កញ្ញា​ថ្លែងថា​៖ «​ឯកឧត្តម​រដ្ឋមន្ត្រី ឌិ​ត ទីណា លោក​យល់​ឃើញថា កសិកម្ម​វា​ផ្សារភ្ជាប់​ទៅនឹង​វប្បធម៌ មានតែ​អាមេរិក​ខ្លួនឯង​ទេ ដែល​ដឹងថា ជនជាតិ​ខ្លួន​ចូលចិត្ត​បរិភោគ​អី ទទួលទាន​អី អ៊ីចឹង​បើសិនជា​វិ​និ​យោ​​គិ​ន គាត់​គឺជា​អ្នក​មក​ពិនិត្យមើល​ទីផ្សារ មក​មើ​លពី​ក​សិ​ផល​ខ្មែរ​គាត់​នឹង​ដឹងថា កសិផល​ខ្មែរ​មួយណា​ដែល​ចូល​ទីផ្សារ​អាមេរិក​ទៅ អ្នក​នៅ​អាមេរិក​នោះគេ​ចូលចិត្ត​ញ៉ាំ​»​។​

​លោក ឌិ​ត ទីណា បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់លោក នៅ​ថ្ងៃទី ១០ ខែមករា នេះ​ថា នៅក្នុង​ជំនួប​នោះ​លោក​បាន​សម្ដែង​ការស្វាគមន៍​ចំពោះ​កិច្ច​សហ​ប្រតិបត្តិការ​រវាង​អាមេរិក និង​កម្ពុជា ក្នុង​វិស័យ​កសិកម្ម តាមរយៈ​កម្មវិធី USDA/USAID ដែល​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជា​មួយ​អគ្គនាយកដ្ឋាន​កសិកម្ម អគ្គនាយកដ្ឋាន​ជលផល និង​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ព្រមទាំង​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម ផងដែរ​។

​លោក​បញ្ជាក់ថា​៖ «​តាមរយៈ​កិច្ចសន្ទនា​រយៈពេល​ជាង​ ១​ ម៉ោង​កន្លះ​ប្រកបដោយ​លក្ខណៈ​ស្ថាបនា និង​ត្រង់​ទៅ​ត្រង់​មក ខ្ញុំ​សង្ឃឹមថា ទំនាក់​​ទំនង​រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក ជាពិសេស​ស​នៅក្នុង​វិស័យ​កសិកម្ម នឹង​បន្ត​មាន​ភាពរលូន ឬ​អាចឈាន​ទៅកាន់​ភាពល្អប្រសើ​រ​ថែម​ ១​ កម្រិត​ទៀត​នាពេល​អនាគត​»៕

ម្រេចខ្មៅកំពត។ រូបថត ហុង មិនា

ស្វាចន្ទីរបស់ប្រជាកសិករខេត្តកំពង់ធំ។ រូបថត ហុង មិនា