​ភ្នំពេញៈ ហ្គោល​ដេ​ន​ទ្រី (Golden Tree) បាន​ក្លាយជា​ក្រុមហ៊ុន​ក្នុងស្រុក​ដំបូង​គេ​បង្អស់​ដែល​បានធ្វើ​ការបោះ​​ផ្សាយ​សញ្ញា​បណ្ណ​បៃតង​នៅ​ផ្សា​រមូល​​ប​ត្រ​កម្ពុជា​ (CSX) ដោយ​កៀរគរ​មូល​ធន​ប្រមាណ ១,៤៦​ លាន​ដុល្លារ​ ដើម្បី​យកទៅ​ពង្រីក​អាជីវកម្ម​របស់ខ្លួន​។​

​ការបោះ​ផ្សាយ​មូល​ប​ត្រ​បៃតង​នេះ​ធ្វើ​ឡើងជា​ផ្លូវការ​ កាលពី​ថ្ងៃទី​ ១៩ ខែមករា​នៅ​ទីស្នាក់ការ​នៃ​ផ្សា​រមូល​ប​ត្រ​កម្ពុជា ដែល​នេះ​ក្លាយជា​ការចុះបញ្ជី​ជា​ប្រវត្តិ​​សាស្ត្រ​ថ្មី​មួយទៀត​នៃ​ការអភិវឌ្ឍ​ផ្សារ​​មូល​ប​ត្រ​កម្ពុជា​ទៅកាន់​មូល​ប​ត្រ​បៃតង​ដំបូង​គេ​។​

​លោក អ៊ុំ សេរី​រតនៈ អគ្គនាយករង​ប្រតិ​​ប​ត្តិ​ផ្នែក​ហិរញ្ញវត្ថុ​ក្រុមហ៊ុន ហ្គោល​ដេ​នទ្រី បានឱ្យដឹង​ក្នុង​ពិធី​បោះផ្សាយ​មូល​​ប​ត្រ​ជា​ផ្លូវការ​ថា សញ្ញា​បណ្ណ​បៃតង​នេះ បានទទួល​ជំនួយ​បច្ចេកទេស​ពី​ធនា​​គារ​អភិវឌ្ឍន៍​អា​ស៊ូ​ (ADB) ដើម្បី​បោះផ្សាយ​ឱ្យស្រប​តាម​សញ្ញា​បណ្ណ​បៃតង​អាស៊ាន​។ ការបោះ​ផ្សាយ​សញ្ញា​បណ្ណ​បៃតង​នេះ​គឺ​ស្របតាម​ទស្សនៈ​ និង​ចក្ខុវិស័យ​ប្រកបដោយ​យុទ្ធសាស្ត្រ​យូរ​​អង្វែង ដើម្បី​ក្លាយជា​ក្រុមហ៊ុន​អចលន​​ទ្រព្យ​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា​។​

​លោក​ថ្លែងថា​៖ «​ការបោះ​ផ្សាយ​នេះ​គឺជា​ជំហាន​មួយ​ដែល​ធ្វើឱ្យ​វិនិយោគិន​របស់​យើង​យល់ដឹង​មួយកម្រិត​ទៀត​លើ​វិស័យ​វិនិយោគ​និរន្តរភាព​ដែល​ពួក​​គេ​អាច​ទទួលបាន​ផលចំណេញ និង​គាំពារ​បរិស្ថាន​ក្នុងពេល​តែមួយ​។ ការ​​បោះផ្សាយ​លក់​មូល​ប​ត្រ​បៃតង​នេះ មិន​ត្រឹមតែ​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​ហ្គោល​ដេ​ន​​ទ្រី ទទួលបាន​ទុន​សម្រាប់​ពង្រីក​អាជីវ​​កម្ម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ទទួលបាន​ការជឿទុកចិត្ត​ពី​សំណាក់​វិនិយោគិន​ជាតិ និង​អន្តរជាតិ​លើ​ធុរកិច្ច​របស់​ក្រុមហ៊ុន​។ លើសពីនេះ​ទៀត ក្រុមហ៊ុន​ក៏បាន​ចូល​​រួម​បង្កើន​សក្តានុពល​នៃ​វិស័យ​ហិរញ្ញវត្ថុ​និរន្តរភាព​នៃ​ប្រទេស​កម្ពុជា​ផងដែរ​»​។​

​លោក ហុង សុ​ហួរ អគ្គនាយក CSX បាន​និយាយថា រលក​បៃតង ដែល​ចាប់​​ផ្តើម​ជាមួយនឹង​ការបោះ​ផ្សាយ និង​ចុះ​​បញ្ជី​លក់​សញ្ញា​បណ្ណ​បៃតង​របស់​ក្រុម​​ហ៊ុន​ហ្គោល​ដេ​នទ្រី បញ្ជក់​ឱ្យឃើញថា​វិស័យ​មូល​ប​ត្រ​ក៏​កំពុង​ចូលរួម​យ៉ាង​​សកម្ម​ក្នុង​ការគាំទ្រ និង​លើកកម្ពស់​បរិ​​ស្ថាន​ជាស​កល ដើម្បី​សង្គមជាតិ និង​ពិភពលោក​ទាំងមូល​។​

​លោក​ថ្លែងថា​៖ «​សម្រាប់​សមិទ្ធផល​បៃតង​ថ្មី​នេះ ខ្ញុំ​សូម​លើកទឹកចិត្ត​ទៅដល់​ម្ចាស់​អាជីវកម្ម​នានា​ពិចារណា​ក្នុងការ​​ធ្វើ​ពិពិធ​កម្ម​មូលធន​តាមរយៈ​ទីផ្សារ​មូល​ប​ត្រ ពិសេស​ជាមួយនឹង​ការ​កៀរគរ​ទុន​ដោយ​បោះផ្សាយ និង​ចុះបញ្ជី​សញ្ញា​បណ្ណ​សាជីវកម្ម​បី​ប្រភេទ​រួមមាន សញ្ញា​បណ្ណ​បៃតង សញ្ញា​បណ្ណ​សង្គម និង​សញ្ញា​បណ្ណ​និរន្តរភាព ដែល​ទាក់ទាញ​ទៅដល់​វិនិយោគិន​សាធារណៈ ក៏ដូចជា​វិនិយោគិន​ស្ថាប័ន ថែមទាំង​ជួយ​គាំទ្រ​ទៅដល់​បរិស្ថាន សង្គម និង​សេដ្ឋកិច្ចជាតិ​ផងដែរ​»​។​

​អគ្គនាយក​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា (SERC) លោក ស៊ូ សុជាតិ បាន​ប្រាប់ថា ក្រុមហ៊ុន​នេះ​បាន​កៀរគរ​មូលធន​ប្រមាណ ១,៤៦​ លាន​ដុល្លារ ​ជាមួយនឹង​អត្រា​គូ​ប៉ុង ៧ ​ភាគរយ ​ក្នុង ​១ ​ឆ្នាំ មានតម្លៃ​ចារឹក​ក្នុង​ ១​ ឯក​តា ​ស្មើនឹង ១ សែន​រៀល និង​មាន​ឥណប្រតិទាន​រយៈពេល ៥ ​ឆ្នាំ​ (២០២២-២០២៧) ដែល​នឹង​ទូទាត់​គូ​ប៉ុង​ជាប្រចាំ​ឆមាស​។​

​លោក​ថ្លែងថា​៖ «​ខ្ញុំ​ពិតជា​កោតសរសើរ​ដល់​ក្រុមហ៊ុន ហ្គោល​ដេ​ន​ទ្រី ដែលមាន​ឆន្ទៈ​ក្នុងការ​បោះផ្សាយ​លក់​សញ្ញា​បណ្ណ​បៃតង​ជា​សាធារណៈ​ដំបូង​គេ​នៅ​កម្ពុជា បើទោះបី​មាន​ឧបសគ្គ​យ៉ាងណាក្តី​នៅ​អំឡុងពេល​បោះផ្សាយ​ក៏​ក្រុមហ៊ុន​នៅតែ​បន្ត​ឆន្ទៈ​របស់ខ្លួន​រហូត​ធ្វើឱ្យ​មានកម្ម​​វិធី​ចុះបញ្ជី​លក់​សញ្ញា​បណ្ណ​បៃតង​ដំបូង​គេ​ជា​ផ្លូវការ​នៅថ្ងៃនេះ​កើតឡើង​»​។​

​លោក ហ៊ាន សា​ហ៊ី​ប រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​ធ្វើជា​អធិបតីភាព​ក្នុង​កម្មវិធី​ខាងលើ​បាន​លើកឡើងថា សម្រាប់​ការបោះ​ផ្សាយ​មូល​ប​ត្រ​បៃតង​នៅថ្ងៃនេះ គឺជា​ការបោះ​​ជំហាន​ថ្មី​មួយទៀត​នៃ​ការអភិវឌ្ឍ​វិស័យ​មូល​ប​ត្រ​កម្ពុជា ដោយ​ក្រុមហ៊ុន​ហ្គោល​​ដេ​ន​ទ្រី គឺជា​ក្រុមហ៊ុន​ដំបូងបង្អស់​ជា​ប្រវត្តិសាស្ត្រ​ដែល​បាន​បោះផ្សាយ​មូល​​ប​ត្រ​បៃតង​នេះ​។​

​លោក​ថ្លែងថា​៖ «​ខ្ញុំ​សង្ឃឹមថា លោក​អគ្គនាយក​នឹង​យក​ក្រុមហ៊ុន​ដែលជា​បុត្រ​សម្ព័ន្ធ​របស់ខ្លួន​ផ្សេងៗ​ទៀត​ ដើម្បី​ធ្វើការ​បោះផ្សាយ​មូល​ប​ត្រ​បៃតង​ ឬ​មូល​​ប​ត្រ​កម្មសិទ្ធិ​។ ជាការ​ពិត ហ្គោល​ដេ​ន​ទ្រី ​បាន​កៀរគរ​ទុន​ពី​វិនិយោគិន​សា​ធា​រណៈ និង​វិនិយោគិន​ស្ថាប័ន​តាមរយៈ​ផ្សារ​មូល​ប​ត្រ​កម្ពុជា​ដើម្បី​អភិវឌ្ឍ​លំនៅឋាន​បៃតង​ដើម្បី​បំពេញតម្រូវការ​អតិថិជន និង​ពង្រីក​សក្តានុពល​អាជីវ​​កម្ម​របស់​ក្រុមហ៊ុន​»៕