ភ្នំពេញៈ ប្រតិបត្តិ​ករ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​ ​(PPAP) ដែល​បាន​ចុះបញ្ជី​ភាគហ៊ុន​ជា​សា​ធា​​រណៈ​បាន​រាយការណ៍​អំពី​ប្រតិ​ប​ត្តិ​ការ​អាជីវកម្ម​កើនឡើង​ខ្លាំង​ក្នុង​ឆ្នាំ​ ២០២២ ទោះបី​ជាមាន​ភាពមិនច្បាស់លាស់​ពី​សេដ្ឋកិច្ច​​សកល និង​ក្នុង​តំបន់​ក្តី​។​

​បើ​យោងតាម​ឯកសារ​របស់ ​PPAP ដែល​ផ្ញើ​ទៅឱ្យ​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា ​(CSX) កាលពី​ថ្ងៃទី ​១០ ខែមករា ចំនួន​នាវា​ដឹកទំនិញ​ឆ្លងកាត់​ផែ​ក្នុងអំឡុង​ខែមករា​ខែធ្នូ ឆ្នាំ​ ២០២២ បាន​កើន ៦៤,៣៤​ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​ ២០២១ ដល់ ៣ ៧៨៣ គ្រឿង​, ការដឹក​ប្រេង ឧស្ម័ន និង​ទំនិញ​ឆ្លងកាត់​បាន​កើនឡើង ៥,១៦​ ភាគរយ កើន ៤,០៤៤​ លាន​តោន ហើយ​ការដឹកជញ្ជូន​តាម​កុងតឺន័រ កើនឡើង ​១៩,៧២​ ភាគរយ​ទៅដល់ ៤១៧,៦៩៦ TEUs (TEU ២០ ​ហ្វី​ត​)​។​

​ក្រុមហ៊ុន PPAP ក៏បាន​កត់​សម្គាល់​ផងដែរ​ថា នាវា​ដឹក​អ្នក​ដំណើរ​ចំនួន ១០៩ ដែល​ផ្ទុក​មនុស្ស​ចំនួន ៦ ៩៤៧​ នាក់​បាន​ចូល​ចត​នៅ​ទីតាំង​របស់ខ្លួន​ក្នុងអំឡុងពេល​ខាងលើ ពោលគឺ​កើនឡើង​ពី​សូន្យ​ក្នុង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ ​២០២១​។​

​លោក ហ៊ឺ បា​វី អគ្គនាយក​កំពង់ផែ​ស្វយ័ត​ភ្នំពេញ កាលពី​ខែ​មុន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ភាព​ប្រសើរឡើង​នៃ​ការទប់ស្កាត់​ការរីក​រាល​ដាល​ជំងឺ​កូ​វីដ​ ១៩ បានរួម​ចំណែក​ដល់​ការកែលម្អ​សកម្មភាព​សេដ្ឋកិច្ច ដែលជា​លទ្ធផល​ធ្វើឱ្យ​សកម្មភាព​អាជីវកម្ម​របស់​កំពង់​ផែ​មាន​ភាពប្រសើរ​។​

​លោក​ថ្លែងថា​៖ «​យើង​មើលឃើញថា សកម្មភាព​សេដ្ឋកិច្ច​មាន​ភាពល្អ​​ប្រសើរ​ចាប់តាំងពី​ប្រទេស​ភាគច្រើន​បាន​បើក​ព្រំដែន​ពី​ការរីក​រាលដាល​ជំងឺ​កូ​វីដ​ ១៩​។ ការណ៍​នេះ​រួមចំណែក​ដល់​កំណើន​នៃ​ប្រតិបត្តិការ​អាជីវក​ម្ម​របស់​កំពង់ផែ​ក្នុងអំឡុង​ពេលនេះ​»​។​

​លោកស្រី គឹម សុ​ផានី​តា ប្រធាន​​នាយកដ្ឋាន​ប្រតិបត្តិការ​ទីផ្សារ CSX បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១១ ខែ​មករា ថា ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​ការរីក​រាលដាល​ជំងឺ​កូ​វីដ​ ១៩ របស់​រដ្ឋាភិបាល ដែល​ជំរុញឱ្យមាន​ការ​ងើបឡើង​វិញ​នៃ​កំណើនសេដ្ឋកិច្ច និង​តម្រូវ​ការ និង​សកម្មភាព​ដឹកជញ្ជូន បានរួម​ចំណែក​សំខាន់​ដល់​កំណើន​របស់​ក្រុមហ៊ុន PPAP ក្នុង​ឆ្នាំ​ ២០២២​។​

​លោកស្រី​ថ្លែងថា​៖ «​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​ការរីក​រាលដាល​ជំងឺ​កូ​វីដ​ ១៩ របស់​រដ្ឋាភិបាល​គឺជា​កត្តា​សំខាន់​ក្នុងការ​ជំរុញ​សេដ្ឋកិច្ច​របស់​កម្ពុជា និង​កំណើន​សកម្មភាព​អាជីវកម្ម​របស់​កំពង់​ផែ ខណៈដែល​តម្រូវការ​កំ​ពុង​កើនឡើង​។ ខ្ញុំ​ព្យាករ​ថា ឆ្នាំ​ ២០២៣ នឹង​ក្លាយជា​ឆ្នាំ​ដ៏​ល្អ​មួយទៀត​សម្រាប់​កំពង់ផែ​នេះ ដោយសារ​កំណើន​សេដ្ឋ​​កិច្ច​យើង​ត្រូវបាន​ព្យាករ នឹង​កើនឡើង​ជាង ៥​ ភាគរយ ខណៈ​ប្រទេស​ចិន បាន​បើក​សេដ្ឋកិច្ច​របស់ខ្លួន​»៕