​ភ្នំពេញៈ សភាពាណិជ្ជកម្ម​កម្ពុជា​ដែល​តំណាងឱ្យ​វិស័យ​ឯកជន​កម្ពុជា ជំរុញ​ឱ្យ​គយ​វៀតណាម​អនុវត្ត​ឱ្យបាន​ពេញលេញ​លើ​ការត្រួតពិនិត្យ​បញ្ជរ​តែ​​ ១ និង​ទីលាន​ត្រួតពិនិត្យ ​(SSI & CCA)​ ក្នុង​គោលបំណង​ជំរុញ​ពាណិជ្ជ​កម្ម​ឆ្លង​ព្រំដែន​រវាង​ប្រទេស​ទាំង​ ២ ​ឱ្យ​កាន់តែ​ទូលំទូលាយ​។​

​លោក ងួន ម៉េង​តិច អគ្គនាយក​នៃ​សភាពាណិជ្ជកម្ម​កម្ពុជា នៅ​ថ្ងៃទី​ ១១ ខែមករា បានឱ្យ​ ភ្នំពេញ ​ប៉ុស្តិ៍​ ដឹងថា កម្ពុជា​បាន​អនុវត្ត​យ៉ាង​ពេញលេញ​នូវ SSI & CCA ក្រោម​ក្របខ័ណ្ឌ​អាស៊ាន និង​មហា​អនុតំបន់​មេគង្គ ប៉ុន្តែ​មាន​បញ្ហា​ប្រឈម​មួយចំនួន​ដែល​រដ្ឋ​ជា​សមាជិក​មួយចំនួន​មិនទាន់បាន​អនុ​​វត្ត​ពេញលេញ ដើម្បី​ជំរុញ​ពាណិជ្ជកម្ម​ឆ្លងដែន​ក្នុង​តំបន់​។​

​លោក​និយាយថា​៖ «​យើង​សូម​កោត​​សរសើរ​ចំពោះ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ដែល​បានធ្វើ​សកម្ម​ភាព​យ៉ាងសកម្ម​ជួយ​សម្រួល​ដល់​វិស័យ​ឯកជន​លើ​ការធ្វើ​ពាណិជ្ជកម្ម​ឆ្លងដែន​។ យើង​មើលឃើញថា ខាង​ភាគី​ថៃ ក៏​សហការ​លើ​បញ្ហា​នេះដែរ ប៉ុន្តែ​យើង​មានការ​លំបាក​ខ្លះ​ជាមួយ​គយ​វៀតណាម ដោយសារ​ពួកគេ​មិនបាន​អនុវត្ត​ពេញលេញ ដែល​ក្លាយជា​ឧបសគ្គ​សម្រាប់​ការជំរុញ​ពាណិជ្ជកម្ម​ឆ្លងដែន​រវាង​ប្រទេស​ទាំង​២»​។​

​លោក​ឱ្យដឹងទៀតថា ស្ថាប័ន​របស់លោក​បាន​ពិភាក្សា ២-៣​ ដង​រួចហើយ​ជាមួយ​វិស័យ​ឯកជន​វៀតណាម ដើម្បី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ពួកគេ​អនុវត្ត​ឱ្យបាន​ពេញលេញ​នូវ SSI & CCA ស្របតាម​ក្របខ័ណ្ឌ​អាស៊ាន​ក្នុង​ការលើក​កម្ពស់​ពាណិជ្ជកម្ម​ឆ្លង​ព្រំដែន​។​

​លោក ស៊ិន ច​ន្ធី ប្រធាន​សមាគម​ភ័ស្តុភារ​កម្ពុជា បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍ថា លោក​ធ្លាប់បាន​ដឹកនាំ​ក្រុម​ប្រតិភូ​ពី​ក្រុមហ៊ុន​ដឹកជញ្ជូន​ចំនួន​ ៥០ ទៅ​ចូលរួម​ក្នុង​មហាសន្និបាត​សហព័ន្ធ​អ្នក​បញ្ជូន​ទំនិញ​អាស៊ាន នៅ​ប្រទេស​ឡាវ កាលពី​ខែវិច្ឆិកា ឆ្នាំមុន និង​បាន​លើក​ឡើង​ពី​បញ្ហា SSI & CCA នៅ​ប្រទេស​វៀតណាម ដែល​មិនទាន់​បានផ្តល់​ការ​ឆ្លើយតប​ជា​វិជ្ជមាន​លើ​ការអនុវត្ត​។​

​លោក​លើកឡើងថា​៖ «​យើង​បាន​បើកចំហ​សម្រាប់​សមាជិក​ទាំងអស់​រួចហើយ​។ ប៉ុន្តែ​យើង​ម្នាក់ឯង វា​មិនអាច​ដំណើរការ​បានទេ ដូច្នេះ​យើង​ត្រូវការ​ប្រទេស​ជា​សមាជិក​ចូលរួម ដើម្បី​ជួយ​សម្រួល​ដល់​ពាណិជ្ជកម្ម​ឆ្លងដែន និង​ថ្លៃ​ហេដ្ឋារចនាសម្ព័ន្ធ​ពាក់ព័ន្ធ​មួយចំនួនទៀត​ដែល​ប្រទេស​ជា​សមាជិក​នៅតែ​យក ដែល​បង្កឱ្យមាន​ឧបសគ្គ​មួយចំនួន​លើ​ការនាំចេញ​ពាណិជ្ជកម្ម​ពី​វៀតណាម​មក​កម្ពុជា​»​។​

​យោងតាម​លោក ច​ន្ធី រដ្ឋាភិបាល​កម្ពុជា និង​ភាគី​ពាក់ព័ន្ធ​លើ SSI និង​CCA បាន​ជជែក​គ្នា​តាំងពី​ឆ្នាំ​ ២០០៥ នៅក្នុង​ចំណោម​សមាជិក ជាពិសេស​ជាមួយ​ប្រទេសជិតខាង​ចំនួន​ ៣ គឺ​ឡាវ វៀតណាម និង​ថៃ​។​

​លោក​ថ្លែងថា​៖ «​នៅពេល​យើង​និ​យាយ​អំពី SSI គឺ​វា​ទាមទារ​ឱ្យ​គយ​កម្ពុជា និង​វៀតណាម ប្រចាំការ​នៅ​កន្លែង​កំណត់​តែមួយ ដើម្បី​ត្រួតពិនិត្យ​ទំនិញ​ឆ្លង​ព្រំដែន ជាមួយគ្នា​ក្នុងពេល​តែមួយ ប៉ុន្តែ​ឥឡូវនេះ​យើង​មិនទាន់​ដោះស្រាយ​បញ្ហា​នេះ​បានទេ​»​។​

​កម្ពុជា​-​វៀតណាម បាន​ព្រមព្រៀងគ្នា​រួចហើយ​នៅក្នុង​ការសាងសង់​ផ្សារ​ចំនួន​៣ នៅ​ព្រំដែន គឺ​ផ្សារ​ដា ក្នុង​ខេត្ត​ត្បូងឃ្មុំ ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​រួចហើយ​កាលពី​ថ្ងៃទី​ ២៤ ខែធ្នូ ឆ្នាំ ​២០២០ និង​កំពុង​ស្ថិតក្នុង​ផែនការ​នឹង​សាងសង់​ ១ ​ទៀត​នៅ​ខេត្តស្វាយរៀង និង​កំពត ដើម្បី​ទុកជា​កន្លែង​ស្តុក​ទំនិញ​។​

​លោក ម៉េង តិច បានឱ្យដឹងថា ផ្សារ​ព្រំដែន​នឹង​ក្លាយជា​តំបន់​សម្រាប់​ទាំង​គយ​កម្ពុជា និង​គយ​វៀតណាម ធ្វើការ​រួមគ្នា ដើម្បី​អនុវត្ត SSI និង CCA ប្រកបដោយ​ជោគជ័យ​។​

​លោក​លើកឡើងថា​៖ «​បើសិន​ទីផ្សារ​ព្រំដែន​ដំណើរ​ការល្អ ខ្ញុំ​ជឿថា គយ​ភាគី​ទាំង​ ២ [​កម្ពុជា​-​វៀតណាម​] នឹង​ងាយស្រួល​ធ្វើការ​រួមគ្នា ដើម្បី​ជំរុញ​ពាណិជ្ជកម្ម​ឆ្លងដែន​រវាង​ប្រទេស​ជិត​​ខាង​អាស៊ាន​ទាំង​ ២ ​នេះ​»​។​

​ពាណិជ្ជកម្ម​ទំនិញ​ទ្វេភាគី​រវាង​កម្ពុជា និង​វៀតណាម ក្នុង​ឆ្នាំ​ ២០២២ មាន​ចំនួន ៦ ១៣៥,៧៦​ លាន​ដុល្លារ កើន​ឡើង ១៩,៦​ ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១​។ នេះ​បើតាម​អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​៕