
ទិដ្ឋភាពកំពង់ផែព្រសីហនុ។ ហុង មិនា
ភ្នំពេញៈ ប្រទេសចិនបានបន្តឈរលើកំពូលតារាងជាប្រទេសដែលមានទំហំពាណិជ្ជកម្មទ្វេភាគីជាមួយកម្ពុជាច្រើនជាងគេក្នុងឆ្នាំ ២០២២ ដោយសម្រេចបានជាង ១១,៦៨ ពាន់លានដុល្លារកើនជាង ៤ ភាគរយបើធៀបឆ្នាំ ២០២១ ខណៈចំនួនទឹកប្រាក់ដែលចិននាំទំនិញមកកម្ពុជាបានគ្របដណ្តប់ដល់ជិត ៩០ ភាគរយនៃទំហំពាណិជ្ជកម្មសរុប។ នេះបើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ស្ថិតិជញ្ជីងពាណិជ្ជកម្មទំនិញនាំចូលនាំចេញ ឆ្នាំ ២០២២ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបង្ហាញថា ក្នុងឆ្នាំ ២០២២ ការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន មានទឹកប្រាក់សរុបជាង ១១, ៦៨៦ ពាន់លានដុល្លារ កើន ៤,៤ ភាគរយពីចំនួន ១១, ១៩៤ ពាន់លានដុល្លារកាលពីឆ្នាំ ២០២១។ ទំហំទឹកប្រាក់ធ្វើពាណិជ្ជកម្មរវាងប្រទេសទាំង ២ គឺស្មើនឹង ២២,២៩ ភាគរយនៃទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជាក្នុងឆ្នាំ ២០២២ ដែលមានចំនួនជាង ៥២ ៤២៤ លានដុល្លារ។
យោងតាមទិន្នន័យខាងលើ គឺការនាំទំនិញពីប្រទេសចិនមកកម្ពុជា មានទឹកប្រាក់ជាង ១០,៤៤៥ ពាន់លានដុល្លារ កើន ៧,៩ ភាគរយ ពីចំនួន ៩,៦៨៤ ពាន់លានដុល្លារ ដែលឈរលេខ ១ ក្នុងនាមជាប្រទេសនាំទំនិញមកកម្ពុជាច្រើនជាងគេ ស្មើនឹងចំណែកទីផ្សារ ៣៤,៩ ភាគរយ។ ចំណែកទំនិញដែលកម្ពុជានាំទៅប្រទេសចិន មាន ១ ២៤០,៦៣ លានដុល្លារ ធ្លាក់ចុះ ១៧,៩ ភាគរយពីចំនួន ១,៥១០ ពាន់លានដុល្លារ និងស្មើ ៥,៥ ភាគរយនៃទីផ្សារនាំចេញសរុបរបស់កម្ពុជា។ ជញ្ជីងពាណិជ្ជកម្មកម្ពុជាជាមួយប្រទេសចិន ក្នុងឆ្នាំ ២០២២ គឺកម្ពុជាមានឱនភាពប្រមាណ ៩ ២០៤,៩០៣ លានដុល្លារ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១១ ខែមករា ថា ទោះបីឆ្នាំ ២០២២ កន្លងមកប្រទេសចិនបានដាក់ចេញនូវវិធានការរឹតបន្តឹងជាច្រើន លើការចរាចរមនុស្ស និងទំនិញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ក៏សកម្មភាពនៃការផ្លាស់ប្តូរទំនិញទ្វេភាគីរវាងកម្ពុជា និងប្រទេសចិនមិនបានធ្លាក់ចុះនោះទេ។
លោកបន្តថា ការរក្សាបាននូវកំណើនទំហំពាណិជ្ជកម្មទ្វេភាគីនេះគឺមកពីកត្តាសំខាន់ដូចជា ភាពល្អប្រសើរនៃទំនាក់ទំនងរវាងរដ្ឋាភិបាលប្រទេសទាំង ២, ការចូលជាធរមានព្រមគ្នានៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន (CCFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)នាដើមឆ្នាំ ២០២២។
លោកបន្ថែមថា ខណៈថ្មីៗនេះ (ថ្ងៃទី ៨ ខែមករា) រដ្ឋាភិបាលចិនបានប្រកាសបើកប្រទេសឡើងវិញ ដូច្នេះសកម្មភាពនៃការផ្លាស់ប្តូរទំនិញរវាងប្រទេសទាំង ២ នឹងអាចហក់ឡើងកាន់តែខ្ពស់ ពិសេសការនាំចេញកសិផលពីប្រទេសកម្ពុជា។
លោកលើកឡើងថា៖ «ទោះបីជាចំនួនទឹកប្រាក់នាំចេញទំនិញកម្ពុជានៅមានកម្រិតទាបជាងឆ្ងាយបើធៀបនឹងការនាំចូលរបស់ចិន ប៉ុន្តែវាមិនប៉ះពាល់ដល់ដំណើរការសេដ្ឋកិច្ចកម្ពុជាឡើយ ព្រោះចំនួនប្រាក់ដែលកម្ពុជាបញ្ចេញទៅទីផ្សារចិន គឺភាគច្រើនទៅលើផលិតផលជាវត្ថុធាតុដើមសម្រាប់ការផលិត ឬកែច្នៃដើម្បីនាំទៅលក់នៅទីផ្សារអន្តរជាតិ»។
អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ ថ្មីៗនេះបានប្រាប់ថា បើនិយាយពីទំនាក់ទំនងការទូត និងពាណិជ្ជកម្ម គឺប្រទេសទាំង ២ បានធ្វើជាមួយគ្នារាប់រយឆ្នាំមកហើយ។ ដោយសារប្រទេសចិន មានប្រជាជនច្រើន និងសកម្មភាពសេដ្ឋកិច្ចខ្លាំងដូច្នេះបរិមាណទំនិញដ៏ច្រើនដែលប្រទេសចិននាំមកកម្ពុជា វាមិនមែនជារឿងចម្លែកទេ។
លោកបន្តថា សម្រាប់ចំនួនទឹកប្រាក់ដែលចិននាំទំនិញមកកម្ពុជាច្រើនក្នុងពេលនេះ គឺដោយសារភាគច្រើននៃទំនិញទាំងអស់នោះ គឺជាវត្ថុធាតុដើម ឬគ្រឿងផ្សំគាំទ្រឱ្យសកម្មភាពផលិតសម្រាប់នាំចេញទៅលក់នៅទីផ្សារអន្តរជាតិ។
លោកអះអាងថា៖ «ទោះបីទំហំពាណិជ្ជកម្មរវាងប្រទេសទាំង ២ កើនឡើងប៉ុន្តែសម្រាប់កម្ពុជាវាអាចមានសញ្ញាមិនល្អខ្លះ ដោយសារការនាំចេញរបស់ខ្លួនធ្លាក់ចុះ។ កម្ពុជាត្រូវតែខិតខំធ្វើពិពិធកម្ម ទំនិញនាំចេញរបស់ខ្លួនបន្ថែមទៀត ដើម្បីលើកកម្ពស់សមត្ថភាពនាំចេញឱ្យបានកាន់តែខ្លាំង»។
យោងតាមលោក វណ្ណៈ ក្រៅពីការធ្វើពិពិធកម្មទំនិញនាំចេញ កម្ពុជាក៏ត្រូវតែខិតខំផលិត/កែច្នៃផលិតផលក្នុងស្រុក ដើម្បីកាត់បន្ថយការពឹងផ្អែក លើទីផ្សារនាំចូលផងដែរ។
ទិន្នន័យធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា គិតត្រឹមចុងឆ្នាំ ២០២១ ការវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជាមានទឹកប្រាក់សរុប ៤១ ពាន់លានដុល្លារ ក្នុងនោះការវិនិយោគរបស់អ្នកវិនិយោគចិន ស្ថិតនៅចំណាត់ថ្នាក់ទី ១ ដោយមានចំនួន ១៨ ពាន់លានដុល្លារ ស្មើនឹង ៤៣,៩ ភាគរយ តាមពីក្រោយដោយប្រទេសកូរ៉េ សិង្ហបុរី វៀតណាម ជប៉ុន និងម៉ាឡេស៊ី ជាដើម៕