ភ្នំពេញៈ អតីត​ប្រធានរដ្ឋសភា​កូរ៉េខាងត្បូង លោក Park Byeong-Seug សន្យា​ជំរុញ​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា-កូរ៉េខាងត្បូង​ឱ្យ​កាន់តែ​រឹងមាំ​ឡើង ស្វែងរក​ជំនួយ​ជួយ​ដល់​កម្ពុជា​ក្នុងការ​ដោះមីន និង​ជំរុញ​អ្នកវិនិយោគ​កូរ៉េខាងត្បូង​មកកាន់​កម្ពុជា​កាន់​តែច្រើន​បន្ថែម​ទៀត​នាពេល​ខាងមុខ។​

​ការសន្យា​នេះ​ធ្វើឡើង​ក្នុងជំនួប​រវាង​លោក Park Byeong-Seug និង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី ១១ ខែ​មករា។​

​លោក Park Byeong-Seug បាន​ថ្លែង កាលពី​ឆ្នាំ​កន្លងទៅ​ថា លោក ហ៊ុន សែន បានស្នើ​ឱ្យ​លោក​ជួយ​លើ​ការងារ​ចំនួន ៣ គឺ ទី​១ ការផ្ដល់​សច្ចា​ប័ណ្ណ​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា និង​កូរ៉េខាងត្បូង ទី​២ ការគាំទ្រ​ផ្ដល់​ហិរញ្ញប្បទាន​សម្រាប់​ការសាងសង់​ស្ពាន​មិត្តភាព​កម្ពុជា-កូរ៉េ និង ទី​៣ ការបង្កើន​កូតា​សម្រាប់​ពលករ​កម្ពុជា​បាន​ទៅធ្វើ​ការ​នៅឯ​ប្រទេស​កូរ៉េខាងត្បូង។ នេះ​បើ​យោងតាម​ហ្វេសប៊ុក លោក ហ៊ុន សែន នៅក្រោយ​ជំនួប​នេះ។​

​លោក Park Byeong-Seug បញ្ជាក់ថា លោក​បាន​បំពេញការងារ​ទាំង ៣ នេះ​ប្រកបដោយ​ផ្លែផ្កា ដោយ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-កូរ៉េខាងត្បូង​បាន​ចូល​ជា​ធរមាន ស្ពាន​មិត្តភាព​កម្ពុជា-កូរ៉េ ត្រូវបាន​ចុះហត្ថលេខា​សាងសង់ និង​កូតា​អនុញ្ញាត​ឱ្យ​ពលករ​កម្ពុជា​ទៅ​បម្រើ​ការងារ​នៅ​ប្រទេស​កូរ៉េខាងត្បូង​ក៏បាន​កើនឡើង​ចំនួន ៤០ ភាគរយ​។ នេះ​បើ​យោងតាម​ហ្វេសប៊ុក​ដដែល។​

​ហ្វេ​ស​ប៊ុ​ក​ដដែល​បញ្ជាក់ថា​៖ «​អ្វីដែល​ឯកឧត្តម និង​ប្រតិភូ​ត្រូវធ្វើ​បន្តទៀត​នោះ ទី ១ ធ្វើយ៉ាងណា​ជំរុញ​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា និង​កូរ៉េ [ខាងត្បូង] ឱ្យ​កាន់តែ​រីក​ធំធាត់ និង​រឹងមាំ​បន្ថែមទៀត​។ ទី​២ ស្វែងរក​ការគាំទ្រ​ជួយ​ដល់​កម្ពុជា​លើ​វិស័យ​ដោះមីន។ ទី៣ លើក​ទឹកចិត្ត​ឱ្យ​អ្នកវិនិយោគ​កូរ៉េ [​ខាងត្បូង​] មក​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​បន្ថែ​ម​ទៀត ដោយ​ផ្ទាល់ ឬ​តាមរយៈ​១+ ព្រោះថា​កម្ពុជា​មាន​កត្តា​អនុគ្រោះ​ល្អ​។ កត្តា​ទាំងអស់​នោះ​មាន​ដូចជា កម្លាំង​យុវជន​ប្រកបដោយ​ថាមពល និង​គុណភាព​ខ្ពស់ កម្ពុជា​ប្រើប្រាស់​លុយ​ដុល្លារ កម្ពុជា និង​កូរ៉េ [​ខាងត្បូង​] មាន​កិច្ច​ព្រមព្រៀង​គាំពារ​វិនិយោគ និង​ពាណិជ្ជកម្ម​សេរី ជាមួយ​នឹង​សក្តានុពល​ជាច្រើន​ទៀត​ដែល​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា»៕​