កិច្ច​ប្រជុំ​ពេញ​អង្គ​គណៈរដ្ឋមន្ត្រី ក្រោម​អធិបតីភាព លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃទី​១៣ ខែ​មករា ឆ្នាំ ២០២៣ នេះ បាន​អនុម័ត​លើ​សេចក្តី​ព្រាង “គោល​យោបាយជាតិ​ស្តីពី​ស្វាយ​ចន្ទី ឆ្នាំ ២០២២-២០២៧” ដើម្បី​អភិវឌ្ឍន៍​ផលិតកម្ម កែច្នៃ និង​ទីផ្សារ​ស្វាយចន្ទី​ឱ្យ​មាន​លក្ខណៈ​ប្រកួត​ប្រជែង​ប្រកប​ដោយ​បរិយាប័ន្ន ធានា​នូវ​និរន្តរភាព និង​ការ​ធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច។

លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​ថ្លែង​ថា ដំណាំ​ស្វាយ​ចន្ទី ជា​ដំណាំ​កសិឧស្សាហកម្ម និង​ជា​ដំណាំ​អាទិភាព​មួយ​ក្នុង​ចំណោម​ដំណាំ​អាទិភាព​ទាំង ១២​មុខ ដែល​រាជរដ្ឋាភិបាល​បាន​និង​កំពុង​ផ្តោត​ការ​យកចិត្ត​ទុកដាក់​លើ​ការ​បង្កើន​ផលិតភាព និង​ការ​ប្រកួត​ប្រជែង​តាម​រយៈការ​ធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច​ក្នុង​សកម្មភាព​ដែល​មាន​តម្លៃ​ខ្ពស់។

លោកបន្តថា បច្ចុប្បន្ន​ផលិតផល​ស្វាយចន្ទី​ភាគច្រើន​បាន​នាំចេញ​ជា​ផលិតផល​មិន​ទាន់​បាន​កែច្នៃ​ដែល​នាំ​ឱ្យ​កម្ពុជា​ទទួល​បាន​តម្លៃ​បន្ថែម​ទាប។ ដើម្បី​បន្ត​ជំរុញ​ដល់​កំណើន​កសិពាណិជ្ជកម្ម ប្រកប​ដោយ​ការ​ប្រកួត​ប្រជែង ផលិតផល​មាន​គុណភាព និង​សុវត្ថិភាព ការ​ដាក់​ចេញ​នូវ​គោល​នយោបាយជាតិ​ស្តីពី​ស្វាយ​ចន្ទី គឺជា​ការ​ចាំបាច់ ស្រប​ទៅ​នឹង​គោលនយោបាយ​និង​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​ផ្សេងៗ​ទៀត សំដៅ​ធានា​ឱ្យ​បាន​នូវ​ឧត្តមភាព​ប្រកួត​ប្រជែង​លើ​ទីផ្សារ​ក្នុង​ស្រុក តំបន់ និង​ពិភពលោក។

លោកបន្ថែមថា សេចក្តី​ព្រាង​គោល​នយោបាយជាតិ​ស្តីពី​ស្វាយ​ចន្ទី​នេះ ត្រូវ​បាន​រៀបចំ​ឡើង​តាម​រយៈការ​ចុះ​សិក្សា​ស្រាវជ្រាវ​ទីតាំង​ដាំដុះ កែច្នៃ អ្នក​នាំចេញ និង​សិក្ខា​សាលា​ពិគ្រោះ​យោបល់ ព្រម​ទាំង​ការ​ផ្តល់​ធាតុ​ចូល​ពី បណ្តា​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន​ពាក់ព័ន្ធ លើ​គ្រប់​សកម្មភាព​ក្នុង​ខ្សែ​ច្រវាក់​តម្លៃ និង​បាន​រំលេច​អំពី​ភារកិច្ច និង​ការ​ទទួល​ខុស​ត្រូវ​របស់​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់ សំដៅ​ធ្វើយ៉ាង​ណា​ឱ្យ​ការ​អនុវត្ត​ចំ​គោលដៅ និង​ប្រកប​ដោយ​ប្រសិទ្ធភាព។

លោកបញ្ជាក់​ទៀតថា គោល​នយោបាយជាតិ​ស្តីពី​ស្វាយចន្ទី មាន​ចក្ខុវិស័យ​អភិវឌ្ឍន៍​ផលិតកម្ម កែច្នៃ និង​ទីផ្សារ​ស្វាយ​ចន្ទី​ឱ្យ​មាន​លក្ខណៈប្រកួត​ប្រជែង​ប្រកប​ដោយ​បរិយាប័ន្ន ធានា​នូវ​និរន្តរភាព និង​ការ​ធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច។

គោល​នយោបាយជាតិ​ស្តីពី​ស្វាយចន្ទី មាន​គោលបំណង​ប្រែ​ក្លាយ​កម្ពុជា​ឱ្យ​ទៅ​ជា​ប្រទេស​ផលិត និង​ផ្គត់ផ្គង់​ផលិតផល​សា្វយ​ចន្ទី​ដ៏​សំខាន់មួយ សម្រាប់​បម្រើ​ទីផ្សារ​ក្នុង​ស្រុក តំបន់ និងពិភពលោក។

លោកបន្តថា ដើម្បី​សម្រេច​បាន​ចក្ខុវិស័យ និង​គោល​បំណង​ខាងលើ គោល​នយោបាយជាតិ​ស្តីពី​ស្វាយ​ចន្ទី បាន​ដាក់​ចេញ​នូវ​គោលដៅ​ចម្បង​ចំនួន ៣ រួមមាន លើក​កម្ពស់​ទិន្នផល​នៃ​ការ​ផលិត និង​ផលិតកម្ម ប្រកប​ដោយ​គុណភាព​ប្រកួត​ប្រជែង ជំរុញ​ការ​ធ្វើ​ឧស្សាហូបនីយកម្ម ដើម្បី​បង្កើន​តម្លៃ​បន្ថែម​​​លើ​ការ​ប្រមូល​ផល​និង​ការ​កែច្នៃ​អនុផល ស្វាយចន្ទី ឱ្យ​សម្រេច​បាន ២៥ភា​គរយ នៅ​ឆ្នាំ ២០២៧ និង​យ៉ាងតិច ៥០​ភាគរយ នៅ​ឆ្នាំ២០៣២ និង​ជំរុញ​ការ​នាំ​ចេញ​តាម​រយៈការ​ធ្វើ​ពិពិធកម្ម​ទីផ្សារ ការ​ផ្សារភ្ជាប់​អន្តរវិស័យ​ក្នុង​ការ​នាំ​ចេញ កិច្ច​សម្រួលពាណិជ្ជកម្ម ការ​កាត់​បន្ថយ​ថ្លៃដើម និង​ការ​លើក​កម្ពស់​ឧត្តម​ភាព​លើ​ទីផ្សារ។

បើតាម លោក ផៃ ស៊ីផាន គោល​នយោបាយជាតិ​ស្តីពី​ស្វាយចន្ទី នឹង​ដើរ​តួនាទី​ជា​ផែនទី​បង្ហាញ​ផ្លូវ និង​ជា​កម្លាំង​ចលករ​ដ៏​មាន​ប្រសិទ្ធភាពសម្រាប់​ពង្រឹង​ផលិតភាព​នៃ​ផលិតកម្ម​ដំណាំ​ស្វាយ​ចន្ទី និង​លើក​កម្ពស់​ការ​ប្រកួត​ប្រជែង​ទាំង​ទិន្នផល និង​គុណភាព ការ​ធ្វើ​ពិពិធកម្ម ការកែច្នៃ ការ​នាំចេញ និង​ការ​បង្កើន​តម្លៃ​បន្ថែម ដល់​ភាគី​ពាក់ព័ន្ធ​ក្នុង​ខ្សែ​ច្រវាក់​តម្លៃ សំដៅ​ជួយ​គាំទ្រ​ដល់​តួអង្គ​ដែល​មាន​ស្រាប់​និង​ទាក់ទាញ​វិនិយោគ​បន្ថែម រក​ទីផ្សារ​ចាស់ និង​ស្វែងរក​ទីផ្សារ​ថ្មី​ប្រកប​ដោយ​ចីរភាព ដែល​នឹង​បង្កើត​ឱកាស​ការងារ​ជូន​ប្រជាពលរដ្ឋ ព្រម​ទាំង​កាត់​បន្ថយ​ភាព​ក្រីក្រ​និង​ចំណាក​ស្រុក​និង​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ។

លោក គី សេរីវឌ្ឍន៍ អ្នក​ជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា ថ្លែងថា គោល​នយោបាយ​ខាងលើ​នេះ គឺ​ល្អ និង​ពិត​ជា​មាន​សារៈសំខាន់ ខណៈ​លោក​ថា ក្រៅតែ​ពី​គោល​នយោបាយជាតិ​ស្វាយចន្ទី​នេះ គួរតែ​មាន​គោល​នយោបាយជាតិ​ដំណំា​កសិកម្ម ដើម្បី​ជំរុញ​ការ​នាំចេញ​ឱ្យ​បាន​ច្រើន។

លោកបន្តថា ក្នុង​គោលនយោបាយ​ស្វាយចន្ទី​នេះ គឺជា​យុទ្ធសាស្ត្រ​មួយ​សម្រាប់​ជំរុញ​ទីផ្សារ និង​ជួយ​កសិករ ផលិតកម្ម​កសិកម្ម ជាពិសេស ជួយ​ពង្រីក​ការ​កែច្នៃ​ស្វាយចន្ទី​ឱ្យ​មាន​លទ្ធភាព​នាំ​ចេញ​បាន​កាន់តែ​ច្រើន​ថែម​មួយ​កម្រិត​ទៀត និង​បង្កើន​តម្លៃ​បន្ថែម​ក្នុង​សេដ្ឋកិច្ច​ជាតិ ជាពិសេស​គឺ​ជួយ​បង្កើត​កម្លាំង​ពលកម្ម​ជូន​ប្រជាពលរដ្ឋ​ផងដែរ។

លោកថ្លែងថា៖ «វាជា​ចំណែក​ថ្មី​មួយ​សម្រាប់​កម្ពុជា ជាពិសេស គឺជា​អ្វី​ដែល​រាជរដ្ឋាភិបាល​កំពុង​ជំរុញ​ឱ្យ​មាន​កំណើន​ប្រកប​ដោយ​និរន្តរភាព ក្នុង​ផលិតកម្ម និង​សេដ្ឋកិច្ច​ផងដែរ»៕