
នាវាទេសចរណ៍ខ្នាតធំឈ្មោះ SEABOURN ENCORE ចូលចតនៅកំពង់ផែស្វយ័ត ខេត្តព្រះសីហនុ នៅថ្ងៃទី ១៤ មករា ឆ្នាំ២០២៣។ រូបថត ក្រសួងទេសចរណ៍
ព្រះសីហនុៈ នាវាទេសចរណ៍ខ្នាតធំ ១ គ្រឿង មានឈ្មោះ SEABOURN ENCORE សញ្ជាតិ Bahamas មានបណ្ដោយប្រវែង ២១០ ម៉ែត្រ ទទឹង ២៨ ម៉ែត្រ និងជម្រៅទឹក ៦,៧០ ម៉ែត្រ ផ្ទុកភ្ញៀវទេសចរចម្រុះជាតិសាសន៍ចំនួន ៤២៩ នាក់ និងនាវិក៤៣០នាក់ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ ដើម្បីដាក់ភ្ញៀវទេសចរចុះទស្សនកិច្ចពីតំបន់មានសក្តានុពលធំៗ នៅខេត្តព្រះសីហនុ ក្នុងរយៈពេល១ថ្ងៃ។
មន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារកំពង់ផែក្រុងព្រះសីហនុ ឱ្យដឹងថា នាវាទេសចរណ៍ខ្នាតយក្សនេះ បានធ្វើដំណើរមកពីប្រទេសថៃ ចូលចតនៅកំពង់ផែស្វយ័ត ពេលធ្វើទេសចរណ៍នៅ តាមតំបន់រមណីយដ្ឋាន និងទីប្រជុំជនសំខាន់ៗក្នុងខេត្ត មុនចាកចេញទៅប្រទេសវៀតណាម នៅយប់ថ្ងៃដដែលនេះ។ នៅលើនាវាខ្នាតយក្សនេះ ភ្ញៀវទេសចរដែលមានសញ្ជាតិច្រើនជាងគេ គឺជនជាតិអាមេរិកចំនួន២៥០នាក់ អង់គ្លេសចំនួន៥០នាក់ និងអូស្ត្រាលីចំនួន៥៤នាក់។
លោកតាំង សុចិត្រគ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ឱ្យដឹងថា ភ្ញៀវទេសចរ ដែលមកតាមរយៈនាវាទេសចរណ៍ខ្នាតធំSEABOURN ENCORE បានធ្វើដំណើរទៅដល់កន្លែងកម្សាន្តមួយចំនួន ដូចជា នៅតាមតំបន់ឆ្នេរ ក្នុងទីក្រុងព្រះសីហនុ នៅតាមផ្សារ វត្តអារាម សាលារៀន និងតំបន់ទេសចរណ៍ធម្មជាតិមួយចំនួនទៀត។
លោកថ្លែងថា៖«ដោយសារតែភ្ញៀវទេសចរចូលមកកម្សាន្តមានរយៈពេលខ្លីពេក ដូចនេះប្រយោជន៍ ដែលពលរដ្ឋ និងអាជីវករទទួលបានពីដំណើរកម្សាន្ត គឺមិនបានច្រើននោះទេ តែយ៉ាងណាក៏ដោយ នេះក៏ជាសញ្ញាល្អមួយសម្រាប់វិស័យទេសចរណ៍យើងដែរ។ ហេតុដូចនេះហើយ ទើបមន្ទីរទេសចរណ៍ សហការជាមួយអាជ្ញាធរខេត្ត ធ្វើយ៉ាងណារៀបចំផលិតផលទេសចរណ៍ថ្មី ដើម្បីទាក់ទាញដល់ភ្ញៀវទេសចរតាមនាវាទេសចរណ៍ខ្នាតយក្សទាំងនោះ ឱ្យមកកម្សាន្តបានយូរជាងនេះ»។
លោកហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ឱ្យដឹងដែរថា ការចូលចតនៃនាវាទេសចរណ៍ខ្នាតយក្សនេះ បានបង្ហាញពីសញ្ញាវិជ្ជមានមួយ សម្រាប់វិស័យទេសចរណ៍របស់កម្ពុជា ជាពិសេសក្នុងខេត្តព្រះសីហនុផ្ទាល់។ ម្យ៉ាងវិញទៀត គោលការណ៍ក្នុងការទាក់ទាញទេសចរ រាជរដ្ឋាភិបាល បាននិងកំពុងពិចារណាទៅលើទេសចរណ៍រយៈពេលខ្លី ដែលមានន័យថា ទេសចរដែលមកកម្សាន្ត មិនស្នាក់នៅទេ ប៉ុន្តែចូលក្នុងចំនួនរាប់ពាន់នាក់ ឬឈានដល់រាប់ម៉ឺននាក់ ក្នុងនាវាយក្សនីមួយៗ។
លោកបន្ថែមថាក្នុងករណីដែលមានការលើកលែងណាមួយ ឬការលើកទឹកចិត្តនោះ នឹងទទួលបានកំណើនភ្ញៀវទេសចរច្រើនដែរ ដើម្បីឱ្យទេសចរទាំងនោះមានឱកាសបានមកស្គាល់ពីកម្ពុជាកាន់តែច្រើន។ ជាពិសេសខេត្តព្រះសីហនុ តាមរយៈការចុះកម្សាន្តតាមរមណីយដ្ឋាននានា ការភ្លក្សអាហារដ៏ឈ្ងុយឆ្ងាញ់ ហើយដែលរដ្ឋាភិបាល នឹងទទួលបានប្រាក់ចំណូលផ្សេងៗខ្លះដែរ ពីការចូលចតរបស់នាវាទាំងនោះ។
លោកហូ វណ្ឌី បញ្ជាក់ថា៖«យើងឃើញថា កូវីដនៅមានដដែល ប៉ុន្តែមិនមានភាពធ្ងន់ធ្ងរ ដូចកាល[ពីមិនទាន់មាន]វ៉ាក់សាំងនោះទេ ហើយគួបផ្សំនឹងការជំរុញឱ្យមានការចាក់វ៉ាក់សាំងឱ្យបានគ្រប់ដូសទៀតនោះ បានជំរុញដំណើរការនៃការបើកទទួលទេសចរបរទេសឡើងវិញ ហាក់មានភាពរលូន ដែលអាចនឹងឈានដល់ការកើនឡើងនៃភ្ញៀវទេសចរបរទេសក្នុងឆ្នាំ២០២៣នេះផងដែរ»។
សូមបញ្ជាក់ថា នាវាទេសចរណ៍ខ្នាតយក្ស SEABOURN ENCORE គឺជានាវាទី៣ ដែលបានចូលចតនៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ។ កាលពីលើកទី១ គឺនាវាទេសចរណ៍ខ្នាតយក្ស Westerdam ផ្ទុកអ្នកទេសចរចំនួន៤១ជាតិសាសន៍ ក្នុងនោះជនជាតិអាមេរិកច្រើនជាងគេ និងលើកទី២ គឺនាវាទេសចរណ៍ខ្នាតយក្ស ឈ្មោះ NORWEGIAN SPIRIT ៕