​ភ្នំពេញៈ ​ព័ត៌មាន​ស្តីពី​ការចរចា​បើក​ទីផ្សារ​នាំចេញ​សម្បុក​ត្រចៀកកាំ​កម្ពុជា​ទៅ​ប្រទេស​ចិន បានធ្វើឱ្យ​ប្រជាកសិករ និង​អ្នកវិនិយោគ​ជាច្រើន​បញ្ចេ​ញ​ទុនវិនិយោគ​លើផ្ទះ​អភិរក្ស​ត្រចៀកកាំ ពិសេស​ក្នុង​រយៈពេល ​២-៣ ​ឆ្នាំ​ចុង​ក្រោយនេះ​។ ទោះយ៉ាងណា​ចំនួន​ផ្ទះ​អភិរក្ស​ត្រចៀកកាំ​ដែល​បាន​ចុះបញ្ជី​តាមផ្លូវ​ច្បាប់ គឺ​នៅមានកម្រិត​តិចតួច​នៅឡើយ​ដែល​បញ្ហា​នេះ​នឹង​អាចធ្វើឱ្យ​កម្ពុជា​ពិបាក​គ្រប់គ្រង និង​អាច​បាត់បង់​ឱកាស​នាំចេញ​ច្រើន​ទៅ​ទីផ្សារ​ប្រទេស​ចិន​នាពេល​អនាគត​។​

​លោក ស៊ុយ កុក​ធាន ប្រធាន​សមាគម​ត្រចៀកកាំ​ខ្មែរ ដែល​បច្ចុប្បន្ន​មាន​ម្ចាស់ផ្ទះ​អភិរក្ស​ត្រ​ចៀ​កាំ​ជាង ១ ០០០​នាក់ ជា​សមាជិក បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ កាលពី​ថ្ងៃទី ​១៦ ខែមករា​ថា សម្ទុះ​នៃ​ការវិនិយោគ​លើផ្ទះ​អភិរក្ស​ត្រចៀកកាំ​នៅ​កម្ពុជា​បាន​កើន​ឡើងជា​បន្តបន្ទាប់​ក្នុង​រយៈពេល ២-៣ ​ឆ្នាំ​ចុង​ក្រោយនេះ ដោយ​តាម​ការប៉ាន់ស្មាន​អាចមាន​ចំនួន​ជាង ៥ ០០០​ខ្នង​។

ទីផ្សារ​នាំចេញ​ទៅ​ប្រទេស​ចិន គឺជា​មូលហេតុ​ចម្បង​ដែល​ជំរុញឱ្យមាន​ការវិនិយោគ​លើផ្ទះ​អភិរក្ស​ត្រចៀកកាំ ព្រោះ​ក្រៅពី​មាន​ប្រជាជន​ច្រើន​និយម​ទទួលទាន​ផលិតផល​ពី​សម្បុក​ត្រចៀកកាំ ទីនោះ​ក៏​ទទួលបាន​តម្លៃ​ខ្ពស់​ផងដែរ​។​

​លោក​ថ្លែងថា​៖«​ក្នុងនាម​សមាគម យើង​ពិតជា​រីករាយ​បើ​រដ្ឋាភិបាល​ចិន​អនុញ្ញាត​ជា​ផ្លូវ​ការឱ្យ​កម្ពុជា​នាំចេញ​សម្បុក​ត្រចៀកកាំ ព្រោះ​ផលិតផល​សម្បុក​ត្រចៀកកាំ គឺមាន​ការពេញនិយម និង​មានតម្លៃ​ខ្ពស់​នៅ​ប្រទេស​ចិន​»​។​

​ទោះយ៉ាងណា លោក កុក​ធាន អះអាងថា បើ​អាជ្ញាធរ​ចិន​អនុញ្ញាតឱ្យ​កម្ពុជា​នាំចេញ​សម្បុក​ត្រចៀកកាំ​ទៅ​ទីផ្សារ​របស់ខ្លួន​នៅពេលនេះ ក៏​កម្ពុជា​ក៏​មិនទាន់​អាច​នាំចេញ​បាន​បរិមាណ​ច្រើន​ដែរ ព្រោះ​ដើម្បី​អាច​នាំចេញ គឺ​គេ​តម្រូវឱ្យ​កន្លែង​ចិញ្ចឹម​នីមួយៗ​ត្រូវ​ចុះបញ្ជី ដើម្បី​អនុវត្តតាម​ស្តង់ដា និង​ច្បាប់​ស្តីពី​ភូតគាម​អនាម័យ ជាដើម​។ បច្ចុប្បន្ន គឺអាច​មានផ្ទះ​អភិរក្ស​ត្រចៀកកាំ​ប្រហែល ១០​ភាគរយ​ប៉ុណ្ណោះ​ដែល​បាន​ចុះបញ្ជី​នៅ​អាជ្ញាធរ​។​

​ទាក់ទង​នឹង​ការចុះបញ្ជី​នេះ លោក កុក​ធាន លើកឡើងថា ម្ចាស់ផ្ទះ​អភិរក្ស​ត្រចៀកកាំ​ភាគច្រើន​គេចវេះ​ពី​ការចុះបញ្ជី ដោយសារ​ពួកគេ​បារម្ភ​អាជ្ញាធរ​នឹង​យកពន្ធ​លើ​អាជីវកម្ម​របស់​ពួកគេ​។​

​លោក​និយាយថា​៖«​ប្រសិនបើ​រដ្ឋាភិបាល​អាច​ចេញ​គោលការណ៍​លើកលែង​យកពន្ធ​ពី​អាជីវកម្ម​ផ្នែក​នេះ ខ្ញុំ​គិតថា​នឹងមាន​ម្ចាស់ផ្ទះ​អភិរក្ស​ត្រចៀកកាំ​ជាច្រើន​ទៅ​ចុះបញ្ជី​។

ការចុះបញ្ជី​តាមផ្លូវ​ច្បាប់ មិន​ត្រឹមតែ​ធ្វើឱ្យ​ម្ចាស់​អាជីវកម្ម​មាន​ទំនុកចិត្ត​លើ​អាជីវកម្ម​របស់ខ្លួន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​អាច​ចូលរួមចំណែក​ជំរុញ​ការនាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ​ផងដែរ ព្រោះ​ផលិតផល​នាំចេញ គឺ​គេ​ទាមទារ​ឱ្យមាន​ប្រភព​ច្បាស់លាស់​»​។​

​បច្ចុប្បន្ន​សម្បុក​ត្រចៀកកាំ​មិនទាន់​សម្អាត​អាចមាន​តម្លៃ​ចន្លោះ​ពី ៦០០​ ទៅ​ ៦៥០ ​ដុល្លារ ​ក្នុង ​១ ​គីឡូក្រាម និង​សម្បុក​ត្រចៀកកាំ​សម្អាត​រួច មានតម្លៃ​ចន្លោះ​ពី ១ ៥០០-២ ០០០ ​ដុល្លារ​។ តម្លៃ​នេះ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២ គឺ​កើនឡើង​ប្រមាណ ៥​ភាគរយ​។ នេះ​បើតាម​លោក កុក​ធាន​។​

​ម្ចាស់ផ្ទះ​អភិរក្ស​ត្រចៀកកាំ ចំនួន ៣​ ខ្នង នៅ​ខេត្តពោធិ៍សាត់ លោក វ៉ាន់ សុវត្ថា បាន​ប្រាប់ថា ទោះបី​តម្លៃ​មិន​កើនឡើង ប៉ុន្តែ​តម្រូវការ​ទីផ្សារ​គឺ​កើនឡើង​ច្រើន​ក្នុង​រយៈពេល​ជាង ២​ឆ្នាំ​មកនេះ​។ ក្រៅពី​ប្រើប្រាស់​ក្នុងស្រុក សម្បុក​ត្រ​ចៀ​កាំ​ត្រូវបាន​នាំចេញ​ទៅ​ប្រទេសជិតខាង ពិសេស​ប្រទេស​វៀតណាម ហើយ​តាមរយៈ​នេះ ក៏មាន​មួយចំនួន​ត្រូវបាន​នាំ​បន្ត​ទៅកាន់​ប្រទេស​ចិន​ផងដែរ​។​

​បើតាម​លោក សុវត្ថា ផ្ទះ​អភិរក្ស​ត្រចៀកកាំ​ទាំង ៣​ខ្នង​របស់លោក គឺអាច​ផ្តល់​ផល​ចន្លោះ​ពី ៥-៧​គីឡូក្រាម​ក្នុង​១​ខែ​។​

​លោក​បញ្ជាក់ថា​ ៖«​ខ្ញុំ​មិនដឹងថា ការចរចា​បើក​ទីផ្សារ​នាំចេញ​ទៅ​ប្រទេស​ចិន​ឈានដល់​ដំណាក់​កាលណា​ហើយ​ទេ​ពេលនេះ ប៉ុន្តែ​បើ​អាច​នាំចេញ​ជា​ផ្លូវការ​បាន វា​នឹង​ធ្វើឱ្យ​តម្លៃ​សម្បុក​ត្រចៀកកាំ​របស់​យើង​បាន​កាន់តែ​ខ្ពស់ជាង​ពេលនេះ​»​។​

​យោងតាម​លោក ស៊ុយ កុក​ធាន កន្លងមក​អាជ្ញាធរ​ចិន​(​រដ្ឋបាល​គយ​ចិន​)​ធ្លាប់បាន​ផ្ញើ​កម្រង​សំណួរ​មួយចំនួន​ឱ្យ​ភាគី​កម្ពុជា​បំពេញ និង​ផ្ញើ​ទៅវិញ​អស់ហើយ ដោយ​នៅពេលនេះ​កម្ពុជា​កំពុង​រង់ចាំ​បន្ត​កិច្ចការ​នេះ​ជាមួយ​អាជ្ញាធរ​ចិន​។​

​ក្នុង​ពិធី​សម្ពោធ​ការនាំចេញ​ផ្លែ​មៀន​ស្រស់​កម្ពុជា​ជា​ផ្លូវការ​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន កាលពី​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២២ ឯកអគ្គរដ្ឋទូត​ប្រទេស​ចិន​ប្រចាំ​កម្ពុជា លោក Wang Wentian​បាន​លើកឡើងថា បច្ចុប្បន្ន​កម្ពុជា​-​ចិន កំពុង​ខិតខំ​ជំរុញ​ការងារ​នាំចេញ​ផលិតផល​មួយចំនួន ដូចជា ម្រេច ផលិតផល​វារីវប្បកម្ម​សត្វព្រៃ សត្វ​ក្នុង​ទឹក ដែល​អាច​បរិភោគបាន សម្បុក​ត្រចៀកកាំ និង​ដូង ជាដើម​ទៅកាន់​ប្រទេស​ចិន​៕