​ភ្នំពេញៈ កម្ពុជា​រំពឹងថា​ទំនាក់​ទំនង​ពាណិជ្ជកម្ម ពិសេស​វិស័យ​ទេសចរណ៍​ជាមួយ​ម៉ា​ល់​ឌី​វ នឹង​កាន់តែ​ល្អ ខណៈ​ក្រុម​អ្នកជំនួញ​កម្ពុជា​នឹង​រៀបចំ​ជំនួប​ជាមួយ​វិនិយោគិន​ម៉ា​ល់​ឌី​វ ក្នុងអំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់​ប្រទេស​ម៉ា​ល់​ឌី​វ​។​

​លោក ហ៊ុន សែន ពីថ្ងៃ​ទី​ ១៥ ​​ដល់​ ១៧ ខែមករា ឆ្នាំ​ ២០២៣ បាន​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​ម៉ា​ល់​ឌី​វ ដែល​ក្នុងនោះ​ក៏មាន​ថ្នាក់ដឹកនាំ​នៃ​សភាពាណិជ្ជកម្ម​កម្ពុជា​ផងដែរ​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​សភាពាណិជ្ជកម្ម​កម្ពុជា​ (CCC) កាលពី​ថ្ងៃទី​ ១៥ ខែមករា ឱ្យដឹងថា ក្នុង​បេសកកម្ម​អមដំណើរ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ក​ម្ពុ​ជា សភាពាណិជ្ជកម្ម​កម្ពុជា ដែល​ដឹកនាំ​ដោយ លោក គិត​ ម៉េង ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា ក្រោម​កិច្ចសហការ​ជា​មួយ​ក្រសួង​អភិវឌ្ឍន៍​សេដ្ឋកិច្ច សាធារណរដ្ឋ​ម៉ា​ល់​ឌី​វ នឹង​រៀប​ចំ​វេទិកា​ធុរកិច្ច កម្ពុជា​-​ម៉ា​ល់​ឌី​វ ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​ ១៦ ខែមករា នៅក្រោម​អធិបតីភាព លោក Fayyaz Ismail រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សា​ធារ​ណ​រដ្ឋ​ម៉ា​ល់​ឌី​វ​។​

​សេចក្តីប្រកាស​ព័ត៌មាន បាន​បន្តថា វេទិកា​ធុរកិច្ច​នេះ នឹង​ផ្តោតទៅលើ​ការជំរុញ​ទំនាក់​​ទំនង​ធុរកិច្ច​រវាង​ប្រទេស​ទាំង​២ និង​មានការ​ពិភាក្សា​ផ្លាស់ប្តូរ​យោបល់​អំពី​កាលានុវត្តភាព បរិយាកាស​វិនិយោគ និង​វិស័យ​សក្តានុពល​ផងដែរ ដោយមាន​ការចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ម៉ា​ល់​ឌី​វ ធុរជន​ម៉ា​ល់​ឌី​វ និង​កម្ពុជា​។ តាមរយៈ​ជំនួប​នេះ សភាពាណិជ្ជកម្ម​កម្ពុជា នឹង​ចុះ​អនុស្សរណៈ​យោគ​យល់​ជាមួយ​សភាពាណិជ្ជកម្ម និង​ឧស្សាហកម្ម ប្រទេស​ម៉ា​ល់​ឌី​វ​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់ CCC បាន​បញ្ជាក់ថា​៖ «​អនុស្សរណៈ​នេះ គឺមាន​គោល​បំណង​ជំរុញ និង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ឧស្សាហកម្ម ធុរកិច្ច និង​សេដ្ឋកិច្ច រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​ម៉ា​ល់​ឌី​វ​»​។​

​អគ្គនាយក CCC លោក ងួន​ ម៉េង​តិច បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ​១៥ ខែមករា​ថា វេទិកា​ធុរកិច្ច កម្ពុជា​-​ម៉ា​ល់​ឌី​វ អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងចូលរួម​ចំណែក​យ៉ាងច្រើន​ក្នុងការ​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំង ២ ពិសេស​វិស័យ​ទេសចរណ៍​។ ជា​រៀងរាល់ឆ្នាំ​ប្រទេស​ដែន​កោះ មួយ​នេះ​តែងតែ​ទាក់ទាញ​អ្នក​​ទេសចរ​អន្តរជាតិ​បានជា​ច្រើន ដូច្នេះ​កម្ពុជា​ដែលជា​ប្រទេស​មាន​សក្តានុពល​ទេសចរណ៍ ក៏​អាច​បង្កើន​ការផ្សព្វផ្សាយ​នឹង​ទាក់ទាញ​ភ្ញៀវទេសចរ​ជាមួយនឹង​ប្រទេស​ម៉ា​ល់​ឌី​វ ផងដែរ​។​

​លោក​បញ្ជាក់ថា​៖ «​តាមរយៈ​ទំនាក់ទំនង​នេះ យើង​ក៏​អាច​ទាក់ទាញ​ភ្ញៀវ​ពី​ម៉ា​ល់​ឌី​វ ឱ្យធ្វើ​ដំណើរ​បន្តម​កទ​ស្សនា​តំបន់​ប្រាសាទ និង​ធម្មជាតិ​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​»​។​

​លោក​បន្ថែមថា ម្យ៉ាង​ដោយ​សារ​ម៉ា​ល់​ឌី​វ គឺជា​កន្លែង​ទទួលបាន​ទេសចរ​អន្ត​រ​ជាតិ​ច្រើន​ជា​រៀងរាល់ឆ្នាំ ដូច្នេះ​ក៏​ជា​ឱកាស​សម្រាប់​កម្ពុជា​នៅក្នុង​ការនាំ​ចេញ​កសិផល​ដូចជា​អង្ករ ផ្លែ​ឈើ ឬ​ម្ហូបអាហារ​មួយចំនួន​ទៅ​ផ្គត់ផ្គង់​នៅ​ទីនោះ​ផងដែរ​។​

​កាលពី​ថ្ងៃទី ​២០ ខែកញ្ញា ឆ្នាំ​ ២០២២ ក្នុងជំនួប​ទ្វេភាគី​រវាង​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា និង​លោក Abdulla Shahid រដ្ឋមន្ដ្រី​ការ​បរ​ទេស​ម៉ា​ល់​ឌី​វ គឺ ភាគី​ទាំង ២ បាន​ប្តេជ្ញា​ពិនិត្យ​លទ្ធភាព​លើ​កិច្ចសហ ប្រតិបត្តិការ​សំខាន់ៗ​មួយចំនួន​ដូចជា ការបង្កើត​ជើង​ហោះហើរ​ត្រង់ ការវិនិយោគ​លើ​រោង​ម៉ាស៊ីនកិនស្រូវ​សម្រាប់​នាំ​-​ចេញ រួមទាំង​នាំចេញ​ទៅកាន់​ប្រទេស​ម៉ា​ល់​ឌី​វ​ផងដែរ​។​

​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រ​សួង​ទេសចរណ៍ ក្នុង​ខែមេសា ឆ្នាំ​ ២០២២ ធ្លាប់​លើកឡើងថា កម្ពុជា និង​កោះ​ម៉ា​ល់​ឌី​វ កំពុងមាន​ផែន​ការតភ្ជាប់​ជើង​ហោះ​ហើរ ដើម្បី​ជំរុញ​កំណើន​ភ្ញៀវ​ទេសចរ​ទៅវិញទៅមក​។​

​ម៉ា​ល់​ឌី​វ ស្ថិតនៅ​ភាគ​និរតី​ឧបទ្វីប​ឥណ្ឌា ដោយមាន​ផ្ទៃដី ​៣០០​ គីឡូម៉ែត្រ​ក្រឡា និង​មាន​ប្រជាជន​សរុប ៥៧៩ ៣៣០ ​នាក់​ក្នុង​ឆ្នាំ​ ២០២២៕