
លោកប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងសមភាគីម៉ាល់ឌីវ។ រូបថត FB
ភ្នំពេញៈ សាធារណរដ្ឋម៉ាល់ឌីវ គ្រោងនឹងនាំចូលអង្ករ ព្រមទាំងផលិតផលកសិកម្មផ្សេងៗ ពីប្រទេសកម្ពុជា ខណៈដែលកម្ពុជាមានបំណងនាំចូលត្រីខកំប៉ុងធូណា និងផលិតផលត្រីដទៃទៀត ដើម្បីបំពេញតម្រូវការដល់ប្រជាជន និងភ្ញៀវទេសចរ ដែលមកកម្សាន្តតនៅកម្ពុជា។
យោងតាមការផ្សាយផ្ទាល់ពីទូរទស្សន៍ជាតិកម្ពុជា អំពីសន្និសីទសារព័ត៌មានរួម ពីវិមានប្រធានាធិបតី នៃសាធារណរដ្ឋម៉ាល់ឌីវ រវាងលោក អុីប្រាហ៊ីម ម៉ូហាមេដ សូលី (Ibrahim Mohamed Solih) ប្រធានាធិបតីនៃសាធារណរដ្ឋម៉ាល់ឌីវ និងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ លោក អុីប្រាហ៊ីម បានថ្លែងថា ចំពោះកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្ម ម៉ាល់ឌីវ មានគោលបំណងកែលម្អទំនាក់ទំនងពាណិជ្ជកម្មជាមួយកម្ពុជា ដោយសារតែប្រទេសកម្ពុជា ជាប្រទេសនាំចេញអង្ករដ៏ធំមួយ និងឈានមុខគេ ក្នុងនាមអង្ករដែលគុណភាពកម្រិតពិភពលោក និងផលិតផលកសិកម្មផ្សេងទៀត ដូចជាពោត ម្រេច ដំឡូងមី ផ្លែឈើផ្សេងៗផងដែរ។
លោកបានបញ្ជាក់បន្ថែមថា៖«ដោយសារប្រទេសម៉ាល់ឌីវជាប្រទេសនាំចូលច្រើនដែរ យើងក៏ពិភាក្សាអំពីការនាំចូលផលិតផលផ្សេងទៀតដូចជាផលិតផលសម្លៀកបំពាក់ ផលិតផលឈើ ហើយជាងនេះទៀត កម្ពុជាបានពិចារណានាំត្រីខធូណាកំប៉ុង និងផលិតផលត្រីផ្សេងទៀតពីប្រទេសម៉ាល់ឌីវ។ ការធ្វើពិពិធកម្មនៃការនាំចូលរបស់យើងដើម្បីធ្វើឱ្យទំហំទីផ្សារកើនឡើង មិនត្រឹមតែធ្វើឱ្យថ្លៃទំនិញសំខាន់ៗ ថយចុះប៉ុណ្ណោះទេ ប៉ុន្តែពង្រឹងនូវសន្តិសុខស្បៀងរបស់យើង ព្រមទាំងផ្តល់នូវជម្រើសបន្ថែមទៀតដល់អ្នកប្រើប្រាស់របស់យើង»។
លោកបានបន្ថែមថា ជាមួយដំណើរទស្សនកិច្ចនេះ ក៏ដើម្បីកែលម្អផ្នែកធុរកិច្ច នៃសភាពាណិជ្ជកម្មរបស់ម៉ាល់ឌីវ និងកម្ពុជា និងសហគមន៍ធុរកិច្ច នឹងចូលរួមវេទិការធុរកិច្ច ដែលរៀបចំដោយក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ច ដោយខ្ញុំសង្ឃឹមថា វេទិការធុរកិច្ច នឹងបើកច្រកសម្រាប់ទំនាក់ទំនងពាណិជ្ជកម្មប្រទេសទាំង២ឱ្យកាន់តែកើនឡើងនាថ្ងៃអនាគត។
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានថ្លែងឱ្យដឹងដែរថា កម្ពុជាពិតជាមានលទ្ធភាព ដើម្បីនឹងពង្រីក ទំហំពាណិជ្ជកម្មរវាងប្រទេសទាំង២ ដោយសារតែកម្ពុជាមានទំនិញដែលអាចនាំចូលមកម៉ាល់ឌីវ ដូចជាអង្ករ និងផលិតផលកសិកម្មដទៃទៀត ដែលមិនមែនគ្រាន់តែសម្រាប់ប្រជាជនម៉ាល់ឌីវទេ ប៉ុន្តែសម្រាប់វិស័យទេសចរណ៍ដែលមកទស្សនកិច្ចនៅម៉ាល់ឌីវ ដោយសារអង្ករកម្ពុជា ស្ថិតនៅក្នុងប្រភេទជាអង្ករដែលជាប់លេខ១ ចំនួន៥ ។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖«សង្ឃឹមថា អង្ករនេះ ទទួលបានការពេញនិយមសម្រាប់ប្រជាជនម៉ាល់ឌីវផង និងសម្រាប់អ្នកទេសចរដែលមកកម្សាន្តតនៅម៉ាល់ឌីវផង។យើងគ្រាប់ស្វាយចន្ទី ស្វាយ ចេក អាចបម្រើឱ្យវិស័យទេសចរណ៍របស់ម៉ាល់ឌីវ ដូច្នេះផលិតផលទាំងនេះ អាចនាំចេញពីកម្ពុជាបាន។ ក្រៅពីនេះនៅមានសម្លៀកបំពាក់ ដោយសារយើងជាប្រទេសផលិតសម្លៀកបំពាក់យើងសង្ឃឹមថា ម៉ាល់ឌីវអាចបញ្ជាទិញបានពីកម្ពុជាផងដែរ»។
លោកនាយករដ្ឋមន្ត្រីកម្ពុជា បានបន្តទៀតថា ថ្វីដ្បិតតែជាប្រទេសដែលមានត្រីទឹកសាប និងត្រីសមុទ្រ ប៉ុន្តែមិនគ្រប់គ្រាន់សម្រាប់តម្រូវការនោះទេ ដូចនេះផលិតផលត្រីខកំប៉ុង ជាផលិតផល ដែលអាចមានលទ្ធភាពនាំចេញទៅកម្ពុជាច្រើនជាងគេ ព្រោះក្នុង១ឆ្នាំៗ កម្ពុជាប្រើប្រាស់ត្រីខកំប៉ុងច្រើនណាស់។ លោកថា រាជរដ្ឋាភិបាលលបានប្រើប្រាស់ត្រីខកំប៉ុងប្រមាណជា១០ម៉ឺនកេស ដើម្បីផ្គត់ផ្គង់ដល់ក្រុមគ្រួសារ ដែលមានការលិចលង់ដោយជំនន់ទឹកភ្លៀង។ ដូចនេះគោលដៅនៃទំនិញដំបូង គឺប្រហែលជាចាប់ផ្តើមពីត្រីខកំប៉ុង ដែលផលិតនៅប្រទេសម៉ាល់ឌីវ។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់ឱ្យដឹងថា នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-ម៉ាល់ឌីវ កាលពីថ្ងៃទី១៥ ខែមករា ប្រទេសទាំង២ បានពិភាក្សាគ្នាយ៉ាងច្រើន លើកិច្ចសហការលើវិស័យជាច្រើន ជាពិសេសទេសចរណ៍ និងកសិកម្ម។បានបន្ថែមថា ដោយសារតែប្រទេសកម្ពុជាមានដី ដែលមានជីជាតិច្រើនសម្រាប់កសិកម្មដែលនេះជាឱកាសដ៏ល្អសម្រាប់វិនិយោគិនម៉ាល់ឌីវក្នុងការដាំដុះដំណាំ និងដំណើរការ ឬនាំចេញដើម្បីផ្គត់ផ្គង់ទៅកាន់ប្រទេសម៉ាល់ឌីវ និងពិភពលោកផ្សេងទៀត។
លោកបានបញ្ជាក់ទៀតថា៖«កម្ពុជាត្រូវការនាំចូលផលិតផលជលផលជាក់លាក់ពីប្រទេសម៉ាល់ឌីវ ដើម្បីផ្គត់ផ្គង់ឧស្សាហកម្មភោជនីយដ្ឋានដែលកំពុងរីកចម្រើន និងទីផ្សារលំដាប់ខ្ពស់របស់យើង។ ផលិតផលដែលផលិតក្នុងប្រទេសកម្ពុជាអាចនាំចេញដោយមានប្រព័ន្ធអនុគ្រោះពន្ធក្រោម EBA និង GSP ទៅកាន់សហភាពអឺរ៉ុប ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។ការចូលទៅកាន់ទីផ្សារកម្ពុជាមានលក្ខណៈទូលំទូលាយ ដូចនេះខ្ញុំបានអញ្ជើញពាណិជ្ជករ និងអ្នកវិនិយោគមកពីប្រទេសម៉ាល់ឌីវ មកទស្សនា និងស្វែងយល់ពីឱកាសដែលមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជា ដើម្បីពិភាក្សាជាមួយអ្នកលម្អិតបន្ថែមអំពីផ្នែកនៃកិច្ចសហប្រតិបត្តិការ និងវិស័យសក្តានុពល»។
ក្រៅពីកិច្ចពិភាក្សារវាងកម្ពុជា និងប្រទេសម៉ាល់ឌីវហើយ ភាគីទាំង២ ក៏បានចុះកិច្ចព្រមព្រៀងចំនួន៦ ដោយរំពឹងថា កិច្ចព្រមព្រៀង ក៏ដូចជាកិច្ចពិភាក្សាដែលបានរៀបចំឡើងនាពេលនេះនឹងរួមចំណែកដល់ការកសាងទំនាក់ទំនងប្រទេសទាំង២ឱ្យកាន់តែរឹងមាំថែមទៀត៕