ភ្នំពេញៈ អ្នកតំណាង​វិស័យ​ទេសចរណ៍ និង​មន្ត្រី​អាកាសចរ​ស៊ីវិល បាន​លើកឡើងថា ការ​​សម្រេចបាន​ការសាងសង់​អា​កាស​យានដ្ឋាន​អន្តរជាតិ​តេ​ជោ​ ​(TIA) ឬ​ភ្នំពេញ​ថ្មី ចំនួន​ជាង ៤៣​ ភាគរយ​គិត​ត្រឹម​ដំណាច់​​ខែធ្នូ ឆ្នាំ ​២០២២ នឹង​ចប់​តាម​ផែនការ និង​ដាក់ឱ្យ​ដំណើរការ​នាពេលខាងមុខ គឺជា​ការឆ្លើយ​តប​នឹង​ការ​ត្រឡប់មកវិញ​នូវ​ភ្ញៀវទេសចរ​អន្តរជាតិ​ដូច​មុន​វិបត្តិ​កូ​វីដ​ ១៩​។​

​លោក ស៊ីន ចាន់​សិរី​វុត្ថា អ្នក​នាំពាក្យ​រដ្ឋលេខាធិការ​ដ្ឋា​ន​អា​កាស​ចរ​ស៊ីវិល បាន​ថ្លែងប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា លទ្ធផល​ការងារ​សាងសង់​ដែល​ក្រុមហ៊ុន​សម្រេចបាន ​(​ដំណាក់កាល​ទី​១)​ គិត​ត្រឹម​ថ្ងៃទី ​៣១ ខែធ្នូ ឆ្នាំ​ ២០២២ គឺ​ជាង ៤៣​ភាគរយ​នៃ​ការងារ​សរុប​ដោយ​ចំណាយ​ទឹកប្រាក់​សរុប​សម្រាប់​ការសាងសង់​ចំ​នួន ៦១៧​ លាន​ដុល្លារ​។

លោក​បន្តថា ចាប់ដំណើរការ​សាង​សង់​ឆ្នាំ​ ២០១៩ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ពាក់កណ្តាល​ឆ្នាំ​ ២០២៤ (​ដំណាក់កាល​ទី​១) (​យោងទៅលើ​កម្មវិធី​ការងារ​មេ Updated Master Schedule) ដែល​ធ្វើ​បច្ចុប្បន្នភាព​ចុងក្រោយ​ដោយ CAIC/Cambodia Airport Investment Co.,Ltd ។​

​លោក​ប្រាប់ថា​៖ «​តាម​ការ​​សិក្សា និង​ស្រាវជ្រាវ ឯកសារ​អន្តរជាតិ បង្ហាញឱ្យឃើញថា​ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​ចរាចរ​ណ៍​តាមផ្លូវ​អាកាស​សម្រាប់​ប្រ​ទេស​កម្ពុជា នឹង​អាច​កើតឡើង​ស្មើនឹង​ឆ្នាំ ​២០១៩ គឺ​នៅ​ចុង​ឆ្នាំ​ ២០២៤ ឬ​ដើមឆ្នាំ ​២០២៥ ស្របតាម​និន្នាការ​ការ​ស្ទុះ​ងើបឡើង​វិញ​របស់​ពិភពលោក​»​។​

​លោក​បន្តទៀតថា ការពង្រឹង​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​អាកាស​ចរណ៍​ប្រកបដោយ​គុណភាព គឺជា​ការចាំបាច់​។​

​លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសច​រណ៍​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​កម្ពុជា បាន​សាទរ​ចំពោះ​វឌ្ឍនភាព​នៃ​ការសង់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី ដែល​លោក​រំពឹងថា នឹង​ដើរតួនាទី​សំខាន់​ក្នុង​ការបើក​ទីផ្សារ​ហោះហើរ​ថ្មី​ថែមទៀត​។​

​លោក​ឱ្យដឹងថា​៖ «​ការដែល​យើង​មាន​ព្រលាន​ថ្មី និង​ទំនើប​វា​ឆ្លុះបញ្ចាំង​ពី​ការអភិវឌ្ឍ​ហេ​ដ្ឋា​​រចនាសម្ព័ន្ធ​បម្រើ​ដល់​វិស័យ​អា​កាស​ចរណ៍​កម្ពុជា​ទាំង​ការដឹក​អ្នកដំណើរ​និង​ការដឹក​ទំនិញ​។ ខ្ញុំ​សង្ឃឹមថា​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី​នេះ​នឹង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការបើក​ទីផ្សារ​កាន់តែ​ទូលំទូលាយ​ថែមទៀត​សម្រាប់​ប្រទេស​កម្ពុជា​នាពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​»​។​

​បើតាម​លោក ចាន់​សិរី​វុត្ថា គិត​ត្រឹម​ចុងខែ​ធ្នូ ឆ្នាំ ​២០២២ ​មាន​ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​ ២៧ បាន​ត​ភ្ជាប់​ជើង​ហោះហើរ​ឡើងវិញ គឺ​ស្មើ​ជិត ៦០​ ភាគរយ​ធៀប​ឆ្នាំ ​២០១៩ ដែលមាន​ក្រុមហ៊ុន​អាកាសចរ​ណ៍​ចំនួន ៤៤ ​ក្រុមហ៊ុន ដែល​ធ្លាប់បាន​ធ្វើការ​ហោះហើរ ​(​មិន​រាប់បញ្ចូល​ក្រុមហ៊ុន​អាកាស​ចរណ៍​លក្ខណៈ Charter)​។

​ដោយឡែក​បើ​គិតពី​ខែមករា​ដល់​ខែធ្នូ ឆ្នាំ​ ២០២២ កម្ពុជា​បានទទួល​អ្នកដំណើរ ជាង ២​ លាន​នាក់ (២,៣៨២,០០០), កើនឡើង​ជិត ៩០០​ ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១, បើ​ធៀប​ទៅ​រយៈពេល​ ១២​ ខែ​ដូចគ្នា​ឆ្នាំ​ ២០១៩ គឺ​អ្នកដំណើរ មាន​ចំនួន​ប្រមាណ ២៥ ​ភាគ​រយ​ប៉ុណ្ណោះ​នៃ​ឆ្នាំ​ ២០១៩​។​

​ចំនួន​ជើងហោះហើរ​មាន​ជិត​ ៣ ម៉ឺន​ជើង ​(២៨,៩០០)​ កើន​ជាង ២៦០​ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ ១២ ​ខែ​ដូចគ្នា​(​មករា​-​ធ្នូ​) នៅ​ឆ្នាំ​ ២០២១, បើ​ធៀប​នឹង​រយៈពេល​ ១២ ​ខែ​ដូចគ្នា​នៅ ឆ្នាំ​ ២០១៩ គឺ​ចំនួន​ជើង​ហោះ​ហើរ មាន​ប្រមាណ ២៨​ ភាគ​រយ ប៉ុណ្ណោះ​នៃ​ឆ្នាំ​ ២០១៩ និង​ការដឹក​ទំនិញ​តាមផ្លូវ​អាកាស​មាន​ជាង​ ៥៥០ ​តោន ថយចុះ​ជាង ២២​ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ ១២​ ខែ​ដូចគ្នា ​(​មករា​-​ធ្នូ​) នៅ​ឆ្នាំ​ ២០២១, បើ​ធៀប​នឹង​រយៈពេល​ ១២ ​ខែ​ដូចគ្នា​ឆ្នាំ​ ២០១៩ គឺមាន​ការកើនឡើង​ ៥ ​ភាគរយ​នៃ​ឆ្នាំ ​២០១៩​។​

​លោក​បាន​បន្ថែមថា នៅក្នុង​ឆ្នាំ​ ២០២៣ នេះ កម្ពុជា​រំពឹងថា ចំនួន​អ្នកដំណើរ នឹង​កើន​ឡើងដល់​ប្រមាណ ៤,៦ ​លាន​នាក់​, ចំនួន​ជើងហោះហើរ នឹង​កើនឡើង​ទៅដល់​ជាង ៤៥ ០០០​ ជើង​។ ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​ចំនួន ២៧ បាន​ត​ភ្ជាប់​ជើងហោះហើរ​ឡើងវិញ គឺ​ស្មើ​ជិត ៦០ ​ភាគរយ​នៃ​ឆ្នាំ​ ២០១៩ ដែល​កំពុង​ហោះហើរ​ចេញ​ចូល កម្ពុជា​»៕