
សកម្មភាពលើកទូរកុងតឺន័រនៅកំពុងផែស្វយ័តភ្នំពេញ នាពេលកន្លងទៅ។ ហេង ជីវ័ន
ភ្នំពេញៈ ការនាំទំនិញចេញចូលរវាងប្រទេសកម្ពុជា និងជប៉ុន ក្នុងឆ្នាំ ២០២២ មានចំនួនសរុបជិត ១,៩៥ ពាន់លានដុល្លារ កើនជាង ១២ភាគរយបើធៀបនឹងឆ្នាំ ២០២១ ក្នុងនោះទំនិញនាំពីកម្ពុជាទៅជប៉ុនមានចំនួនជាង ១,១៧ ពាន់លានដុល្លារ។
ទិន្នន័យជញ្ជីងពាណិជ្ជកម្មអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាឱ្យដឹងថា ក្នុងឆ្នាំ ២០២២ ការនាំចេញ-នាំចូលទំនិញរវាងកម្ពុជា និងជប៉ុន មានទឹកប្រាក់សរុប ១ ៩៤៨,០១៩ លានដុល្លារ កើន ១២,៣ ភាគរយបើធៀបឆ្នាំ ២០២១ ដែលមាន ១ ៧៣៤,១៤១ លានដុល្លារ។ ក្នុងនោះកម្ពុជានាំទំនិញទៅជប៉ុន ចំនួន ១ ១៧៣,០៣ លានដុល្លារ កើន ៧,៣ ភាគរយ និងទំនិញនាំពីជប៉ុនមកកម្ពុជា ៧៧៤,៩៨៩ លានដុល្លារ កើនឡើង ២១ ភាគរយ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង មិនអាចទាក់ទងបានទេថ្ងៃម្សិលមិញ ប៉ុន្តែលោកធ្លាប់បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងជប៉ុន បានកើនជាលំដាប់ដោយសាររដ្ឋាភិបាលប្រទេសទាំង ២ មានទំនាក់ទំនងល្អ ហើយចំនួនក្រុមហ៊ុនជប៉ុនវិនិយោគនៅកម្ពុជាដើម្បីផលិតទំនិញនាំទៅទីផ្សារអន្តរជាតិ រួមទាំងទីផ្សារជប៉ុនក៏មានកាន់តែច្រើនផងដែរ។
លោកបានបន្តថា ជប៉ុនជាប្រទេសមានឧស្សាហកម្មរីកចម្រើន និងជីវិតរស់នៅមានកម្រិតខ្ពស់ ដូច្នេះកម្ពុជាអាចមានឱកាសច្រើននៅក្នុងការនាំទំនិញដែលជប៉ុនមិនសូវផលិត ពិសេសផលិតផលកសិកម្មដែលជាប្រភេទមុខទំនិញត្រូវប្រើប្រាស់កម្លាំងពលកម្មច្រើន។
លោកថ្លែងថា៖ «ទីផ្សារជប៉ុននឹងបន្តស្រូបយកកាន់តែច្រើនទៀតនូវផលិតផលកម្ពុជាពិសេសផលិតផលកសិកម្ម។ ទោះបីយ៉ាងណាយើងត្រូវចាំថា ទីផ្សារជប៉ុនមានតម្រូវការស្តង់ដាខ្ពស់ ដូច្នេះយើងត្រូវខិតខំសម្រិតសម្រាំងគុណភាពផលិតផលឱ្យកាន់តែល្អថែមទៀតដើម្បីទទួលបានចំណែកទីផ្សារច្រើន»។
អ្នកជំនាញសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៦ ខែមករាថា ទោះបីឆ្នាំ ២០២២ សេដ្ឋកិច្ចពិភពលោកជួបបញ្ហាជាច្រើនបណ្តាលមកពីវិបត្តិជំងឺកូវីដ ១៩ សង្គ្រាមរវាងប្រទេសរុស្ស៊ី-អ៊ុយក្រែន និងការកើនឡើងតម្លៃប្រេងឥន្ធនៈ ក៏ពាណិជ្ជកម្មកម្ពុជា-ជប៉ុនមិនបានធ្លាក់ចុះឡើយ។ ការរក្សាបានកំណើនទំហំពាណិជ្ជកម្មទ្វេភាគី ពិសេសការនាំចេញរបស់កម្ពុជា គឺដោយសារកម្ពុជាអាចរក្សាបាននូវស្ថិរភាពដំណើរការផលិតកម្មបានពេញលេញ និងអាចបង្កើនចំនួនមុខទំនិញកាន់តែច្រើនក្នុងទីផ្សារជប៉ុន។ លោកបន្ថែមថា ការចូលជាធរមាននៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ក៏រួមចំណែកយ៉ាងច្រើនសម្រាប់ការផ្លាស់ប្តូរទំនិញរវាងកម្ពុជាជប៉ុន និងប្រទេសជាសមាជិកផ្សេងៗផងដែរ។
លោកប្រាប់ថា៖ «ជប៉ុនអាចចាត់ទុកថាជាទីផ្សារធំដែលទទួលទិញទំនិញពីកម្ពុជា ដោយទំនិញដែលកម្ពុជានាំទៅជប៉ុនមានដូចជា ផលិតផលវាយនភណ្ឌ កសិផល គ្រឿងបង្គុំអគ្គិសនី និងគ្រឿងអេឡិចត្រូនិក ជាដើម»។
ធនាគារជាតិនៃកម្ពុជា (NBC) ឱ្យដឹងថា គិតត្រឹមចុងឆ្នាំ ២០២១ ជប៉ុន គឺជាប្រទេសដែលមកវិនិយោគនៅកម្ពុជាច្រើនជាងគេលំដាប់ទី៥ ដោយមានទឹកប្រាក់ចំនួន ២,៤ ពាន់លានដុល្លារ, តាមពីក្រោយប្រទេសចិន មានទឹកប្រាក់ ១៨ ពាន់លានដុល្លារ, កូរ៉េ ៤,៩ ពាន់លានដុល្លារ, សិង្ហបុរី ២,៧ ពាន់លានដុល្លារ និងវៀតណាម ២,៥ ពាន់លានដុល្លារ។ វិនិយោគិនជប៉ុនភាគច្រើនវិនិយោគក្នុងវិស័យឧស្សាហកម្ម ធនាគារ សណ្ឋាគារ ទេសចរណ៍ សំណង់ និងអចលនទ្រព្យ ទីផ្សារលក់រាយ ផ្សារទំនើប វិស័យសេវាកម្ម និងភោជនីយដ្ឋាន ជាដើម៕