
កម្មករ-កម្មការិនី កំពុងធ្វើការក្នុងរោងចក្រ ១ កន្លែង នៅក្រុងតាខ្មៅ ខេត្តកណ្ដាល។ ហេង ជីវ័ន
ភ្នំពេញៈ គម្រោងវិនិយោគចំនួន ៧ ដែលមានទឹកប្រាក់សរុប ៨១,៤ លានដុល្លារ និងបង្កើតការងារ ២១ ១៧៣ កន្លែងត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តឱ្យវិនិយោគនារយៈពេលជាង ២ សប្តាហ៍ដើមខែមករា នេះ ដែលក្នុងនោះ ៥ ស្ថិតក្នុងវិស័យវាយនភណ្ឌ។
បណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ CDC ឱ្យដឹងថា គិតពីដើមខែមករាដល់ថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញវិញ្ញាបនបត្រចុះបញ្ជីឱ្យគម្រោងវិនិយោគចំនួន ៧ ដែលរួមមាន ៥ ជាប្រភេទវាយនភណ្ឌ និងចំនួន ២ ស្ថិតនៅក្នុងផលិតកម្មអំពូលភ្លើងអគ្គិសនី។
បើយោងតាម CDC គម្រោងវិនិយោគទាំង ៥ ក្នុងវិស័យវាយនភណ្ឌ រួមមាន គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ Aroma Success Garment Co., Ltd មានទុនវិនិយោគ ៣៦,៦ លានដុល្លារ, គម្រោងបង្កើតរោងចក្រផលិតស្បែកជើង និងកាបូបរបស់ Qi Heng Xin Factory Co., Ltd នៅផ្លូវជាតិលេខ ២១ ខេត្តកណ្តាល មានទុនវិនិយោគ ៨,៨ លានដុល្លារ, គម្រោងបង្កើតរោងចក្រផលិតកាបូបស្ពាយពីក្រោយ កាបូបដំណេក តង់ កាត់ដេរសម្លៀកបំពាក់ និងកម្រាលក្រាលដេក របស់ Windara International Co., Ltd នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ទុនវិនិយោគ ៥,៤ លានដុល្លារ, គម្រោងបង្កើតរោងចក្រផលិតកាបូបរបស់ Yue Wing Cheong Manufactory Co., Ltd នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ទុនវិនិយោគ ៥,៤ លានដុល្លារ, និងគម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ និងកាត់ដេរសម្លៀកបំពាក់របស់ Xin Shun Jie (Cambodia) Leather Co., Ltd នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគ ៥,២ លានដុល្លារ។
ចំណែក ២ គម្រោងដែលស្ថិតក្នុងផលិតកម្មអំពូលភ្លើងអគ្គិសនី គឺរួមមាន គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងចល័ត អំពូលភ្លើងសូឡា សម្ភារប្លាស្ទិក និងសម្ភារបរិក្ខារជួសជុល (ដែកស្វាន វីស...) របស់ក្រុមហ៊ុន Technomate (Cambodia) Technology Co., Ltd. មានទុនវិនិយោគ ១០ លានដុល្លារ និងគម្រោងបង្កើតរោងចក្រផលិតអំពូល អំពូលភ្លើងសូឡា និងបរិក្ខារអគ្គិសនី របស់ក្រុមហ៊ុន Technomate (Cambodia) Precision Metal Co., Ltd. មានទុនវិនិយោគ ១០ លានដុល្លារ ដែលគម្រោងទាំង ២ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង។
អ្នកសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៧ ខែមករាថា កំណើននៃការចូលមកបណ្តាក់ទុនកើតចេញពីហេតុផលចម្បងចំនួន ២ គឺទី ១ ការខិតខំរបស់រដ្ឋាភិបាលតាមរយៈការកែសម្រួលច្បាប់វិនិយោគឱ្យកាន់តែទាក់ទាញ, ការបង្កើនកិច្ចសហការជាមួយប្រទេសនៅក្នុងតំបន់ និងពិភពលោកដើម្បីជំរុញការនាំចេញទំនិញ, ការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគី, ព្រមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ កំពង់ផែ និងព្រលានយន្តហោះសម្រាប់ការធ្វើដំណើរ និងដឹកជញ្ជូនទំនិញ និងទី ២ ការខិតខំរបស់ផ្នែកឯកជនក្នុងការធ្វើឱ្យកេរ្តិ៍ឈ្មោះ និងគុណភាពផលិតផលកម្ពុជា ត្រូវបានទទួលស្គាល់កាន់តែច្រើនលើពិភពលោក។
លោកថ្លែងថា៖ «ក្រៅពីចំណុចទាំង ២ ខាងលើ កត្តាស្ថិរភាពនយោបាយ និងកម្លាំងពលកម្មសម្បូរបែប និងតម្លៃសមរម្យ ក៏ជាមូលហេតុសំខាន់ដែលបានទាក់ទាញចំណាប់អារម្មណ៍អ្នកវិនិយោគឱ្យចូលមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើនផងដែរ»។
លោកបន្តថា៖«កំណើននៃការបណ្តាក់ទុន គឺមានន័យថា អ្នកវិនិយោគគេមើលឃើញពីឱកាស និងសក្តានុពលដែលកម្ពុជាកំពុងមាន»។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង ថ្មីៗ នេះនិយាយថា សភាពាណិជ្ជកម្មកម្ពុជាកំពុងធ្វើកិច្ចការជាច្រើនទាំងក្នុង និងក្រៅប្រទេសដើម្បីពន្យល់ ក៏ដូចជាបង្ហាញពីសក្តានុពលដែលកម្ពុជាមានទៅអ្នកវិនិយោគ ខណៈស្ថានភាពផលិតកម្ម និងទីផ្សារនាំចេញសម្រាប់ផលិតផលកម្ពុជាក៏មានកាន់តែច្រើនដែរ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន និងកូរ៉េ ព្រមទាំង RCEP នឹងជួយទាក់ទាញអ្នកវិនិយោគឱ្យបណ្តាក់ទុនកាន់តែច្រើន។
លោកប្រាប់ថា៖ «ក្រៅពីការជួបផ្ទាល់ជាមួយអ្នកវិនិយោគ សភាពាណិជ្ជកម្មកម្ពុជាក៏បានបើកការិយាល័យតំណាងនៅប្រទេសមួយចំនួនដូចជា កាណាដា និងជប៉ុន ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការទាក់ទាញអ្នកវិនិយោគឱ្យមកបណ្តាក់ទុននៅកម្ពុជាផងដែរ»៕