​ភ្នំពេញៈ​ ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ​ជាង ២,២៧​លាន​នាក់​បានធ្វើ​ដំណើរ​មក​ក​ម្ពុ​ជា​ក្នុង​ឆ្នាំ​២០២២ កើនឡើង​ជាង ១០០០​ភាគរយ​បើ​ធៀប​ឆ្នាំ​២០២១ ជា​អំឡុង​ពេល ដែល​វិស័យ​​ទេសចរណ៍​នៅ​ទូទាំង​ពិភពលោក​ទទួលរង​ផលប៉ះពាល់​យ៉ាងខ្លាំង​ពី​វិបត្តិ​ជំងឺ​កូ​វីដ​១៩​។ ទោះយ៉ាងណា​ភ្ញៀវទេសចរ​ចិន​ដែល​ធ្លាប់មាន​ចំនួន​ច្រើនជាងគេ​កាលពី​អំឡុង​ឆ្នាំ​២០១៩ គឺមាន​ចំណែក​ត្រឹមតែ​ជិត ៥​ភាគរយ​ប៉ុណ្ណោះ​ក្នុង​ឆ្នាំ​២០២២​។​

​ទិន្នន័យ​ក្រសួងទេសចរណ៍​ប្រចាំឆ្នាំ​២០២២ ដែល​ទើប​ចេញផ្សាយ​បង្ហាញថា ក្នុង​ឆ្នាំ​២០២២ កម្ពុជា​បានទទួល​ភ្ញៀវទេសចរ​អន្តរជាតិ​សរុប ២ ២៧៦ ៦២៦​នាក់ កើនឡើង ១ ០៥៨,៦​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​២០២១ ដែលមាន​ចំនួន​ត្រឹមតែ ១៩៦ ៤៩៥​នាក់​។ ទោះយ៉ាងណា​ចំនួន​ភ្ញៀវ​អន្តរជាតិ​ឆ្នាំ​២០២២ បើ​ធៀប​នឹង​ឆ្នាំ​២០១៩ ដែលជា​ឆ្នាំមាន​កំណត់ត្រា​ខ្ពស់បំផុត ៦,៦១​លាន​នាក់​នោះ គឺ​នៅតែមាន​សញ្ញា​អវិជ្ជមាន-៦៥,៥៦​ភាគរយ​។​

​យោងតាម​ទិន្នន័យ​ខាងលើ គឺ​ក្នុង​ឆ្នាំ​២០២២ ភ្ញៀវទេសចរ​ជនជាតិ​ចិន​ដែល​ធ្វើដំណើរ​មក​កម្ពុជា គឺមាន​ចំនួន ១០៦ ៨៧៥​នាក់ ស្ថិតក្នុង​ចំណាត់ថ្នាក់​ទី​៣ តាម​ពីក្រោយ​ប្រទេស​ថៃ ដែលមាន​ចំនួន ៨៥៣ ៣៧៦​នាក់ និង​វៀតណាម ៤៦៣ ៩៩៥​នាក់​។

ចំនួន​ភ្ញៀវទេសចរ​ចិន​ក្នុង​ឆ្នាំ​២០២២ បើ​ធៀប​នឹង​ឆ្នាំ​២០២១ ដែលមាន​ចំនួន​ត្រឹមតែ ៤៥ ៧៧៥​នាក់ គឺ​កើនឡើង ១៣៣,៥​ភាគរយ ប៉ុន្តែ​ចំនួន​នេះ​បើ​ធៀប​នឹង​ឆ្នាំ​២០១៩ ដែលមាន​ចំនួន ២ ៣៦១ ៨៤៩​នាក់ គឺ​ធ្លាក់ចុះ​រហូតដល់ ៩៥,៤៧​ភាគរយ​។​

​យោងតាម​ក្រសួងទេសចរណ៍ ភ្ញៀវទេសចរ​អន្តរជាតិ​ដែល​ធ្វើដំណើរ​មក​កម្ពុជា​ក្នុង​ឆ្នាំ​២០២២ គឺ​តាម​ផ្លូវគោក មាន​ចំនួន ១ ៤៦៧ ១៥៧​នាក់ ស្មើនឹង ៦៤,៤​ភាគរយ​, ផ្លូវអាកាស ៧៩១ ៦០៣​នាក់ ស្មើនឹង ៣៤,៨​ភាគរយ និង​ផ្លូវទឹក ១៧ ៨៦៦​នាក់ ស្មើ ០,៨​ភាគរយ​។​

​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោកស្រី ឆាយ ស៊ីវ​លីន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃទី​១៨ ខែមករា​ថា បន្ទាប់ពី​ធ្លាក់ចុះ​យ៉ាងគំហុក​កាលពី​ឆ្នាំ​២០២០ និង​ឆ្នាំ​២០២១ វិស័យ​ទេសចរណ៍​កម្ពុជា​ចាប់ផ្តើម​បង្ហាញ​សញ្ញា​វិជ្ជមាន​វិញ​ហើយ ខណៈ​តាម​ការរំពឹងទុក គឺ​ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ​នឹង​អាចមាន​ចំនួន​ដល់ ៤​លាន​នាក់​ក្នុង​ឆ្នាំ​២០២៣ នេះ​។

លោកស្រី​បន្តថា ភ្ញៀវទេសចរ​ចិន នឹងមាន​អត្រាកំណើន​ខ្ពស់​ជាងគេ​ក្នុងឆ្នាំនេះ ដោយសារ​កត្តា​មួយចំនួន​ដូចជា ការប្រកាស​របស់​រដ្ឋា​ភិ​បាល​ចិន​ពី​ការបើក​ប្រទេស​ឡើងវិញ​ចាប់ពី​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០២៣, ការដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ថ្មី​របស់​កម្ពុជា​ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ​ចិន​, និង​ការធ្វើជា​ម្ចាស់ផ្ទះ​របស់​កម្ពុជា​នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​។​

​លោកស្រី​បាន​បញ្ជាក់ថា​៖«​យើង​រំពឹងថា ឆ្នាំ​២០២៣ នេះ​ចំនួន​ភ្ញៀវទេសចរ​ចិន​នឹង​ហក់​ឡើងមក​រត់​នៅមុខ​គេ​វិញ ហើយនឹង​ដើរ​នាទី​សំខាន់​សម្រាប់​ការ​ងើបឡើង​វិញ​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា​បន្ទាប់ពី​កូ​វីដ​១៩ មាន​ភាព​ធូរស្រាល​»​។​

​លោកស្រី​បន្ថែមទៀតថា វិស័យ​ឯកជន​កម្ពុជា​ក៏បាន​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ទទួលភ្ញៀវ​ជនជាតិ​ចិន​ផងដែរ​។​

​ប្រធាន​សមាគម​មគ្គុទេសក៍​ទេសចរណ៍​ភាសា​ចិន​(​នៅ​ខេត្តសៀមរាប​) លោក ធៀ​ម ធឿ​ង បាន​និយាយថា ដោយសារ​ប្រទេស​ចិន​ទើប​ប្រកាស​បើក​ឡើងវិញ ដូច្នេះ​ចំនួន​ភ្ញៀវ​ចិន​ដែល​មកដល់​កម្ពុជា​គិត​ត្រឹម​ពេលនេះ​(​ថ្ងៃទី​១៨) គឺមាន​ចំនួន​តិចតួច​នៅឡើយ ប៉ុន្តែ​បើ​ធៀប​ឆ្នាំ​២០២២ គឺ​ពិតជា​កើនឡើង​ច្រើន​មែន​។

ទោះយ៉ាងណា​ចំនួន​នេះ​អាច​នឹង​កើនឡើង​ខ្ពស់​បន្ទាប់ពី​ចូលឆ្នាំ​ចិន​(​ចុង​សប្តាហ៍​នេះ​) កន្លងផុតទៅ​។ លោក​បន្តថា នៅមុន​ពេល​មាន​វិបត្តិ​ជំងឺ​កូ​វីដ​១៩ ភ្ញៀវទេសចរ​ចិន​បាន​នាំ​ចំណូល និង​បង្កើត​ការងារ​យ៉ាងច្រើន​ដល់​ប្រជាជន​កម្ពុជា​។​

​លោក​និយាយថា​៖«​នៅពេលនេះ​ភ្ញៀវ​ចិន​មិនទាន់មាន​សម្ទុះ​កើន​ខ្ពស់​ទេ ប៉ុន្តែ​ចំនួន​នេះ​អាច​នឹង​កើន​ខ្ពស់​នៅពេល​ឆាប់ៗ ព្រោះ​នៅលើ​អន​ឡាញ គឺ​កំពុង​ឃើញ​មានការ​សួរនាំ​ព័ត៌មាន​ច្រើន​ពី​ការធ្វើដំណើរ​មក​កម្ពុជា​ពី​សំណាក់​ជនជាតិ​។ យើង​កំពុង​រង់ចាំ​ស្វាគមន៍​ពួកគេ​ដោយ​ក្ដី​រីករាយ​»​។​

​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោង ខុន កាលពីដើមឆ្នាំ​២០២៣ នេះ​ធ្លាប់​លើកឡើងថា កម្ពុជា​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ទទួលភ្ញៀវ​ទេសចរ​ចិន​ឡើងវិញ បន្ទាប់ពី​ធ្លាក់ចុះ​យ៉ាងច្រើន​ដោយសារ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​។

លំហូរ​ភ្ញៀវទេសចរ​ចិន​មក​កម្ពុជា​ក្នុងឆ្នាំនេះ​នឹង​អាចមាន​ចំនួន​លើស​ឆ្នាំ​២០២២ ចំនួន ១០​ដង ព្រោះ​ក្រៅពី​លក្ខខណ្ឌ​ខាងក្រៅ ​(​ចិន​ជា​ប្រទេស​ធំ មាន​ប្រជាជន​ច្រើន​) រដ្ឋាភិបាល និង​វិស័យ​ឯកជន​កម្ពុជា ក៏បាន​អភិវឌ្ឍ​រចនាសម្ព័ន្ធ​ផ្លូវថ្នល់ និង​តំបន់​កម្សាន្ត​ជាច្រើន​ផងដែរ​។ លោក​បន្ថែមថា ក្នុង​ឆ្នាំ​២០២៣ នេះ​កម្ពុជា​នឹង​អាច​ទទួលបាន​ទេសចរ​បរទេស​ពី ៣,៥-៤​លាន​នាក់​។​

​លោក​លើកឡើងថា​៖«​ការត្រៀម​ទទួលភ្ញៀវ​ទេសចរ​ចិន​នេះ គឺ​យើង​មាន​ផែនការ និង​កម្មវិធី​ច្បាស់លាស់​»​។

លោក​បន្តថា​៖«​ខ្ញុំ​គិតថា​សម្រាប់​ឆ្នាំ​២០២៣ នេះ​នឹង​បាន​ភ្ញៀវទេសចរ​ចិន​ប្រហែល ១​លាន​នាក់​»៕