
ប្លង់ព្រលានយន្តហោះអន្តរជាតិលំដាប់ 4C នឹងត្រូវសាងសង់នៅកោះរ៉ុង ក្រោមទឹកប្រាក់ $៣០០ លាន។ រូបថត FN
ភ្នំពេញៈ ក្រុមហ៊ុន រ៉ូយាល់ គ្រុប កោះរ៉ុង ឌីវេឡុបមេន ខមភេនី (Royal Group Koh Rong Development Company) នឹងវិនិយោគទឹកប្រាក់ ៣០០ លានដុល្លារ លើការសាងសង់អាកាសយានដ្ឋានអេកូ-ទេសចរណ៍អន្តរជាតិកោះរ៉ុងលំដាប់ 4C និងហេដ្ឋារចនាសម្ព័ន្ធនានានៅលើកោះរ៉ុងនៃខេត្តព្រះសីហនុ បន្ទាប់ពីទទួលបានការអនុញ្ញាតពីរដ្ឋាភិបាលកម្ពុជាក្នុងគោលបំណង ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅទស្សនាដែនកោះមួយនេះកាន់តែច្រើននាពេលអនាគត។
នាថ្ងៃទី ១៨ ខែមករា រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (SSCA) ដែលមានលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក និងលោក គិត ម៉េង ប្រធានក្រុមហ៊ុន រ៉ូយាល់ គ្រុប កោះរ៉ុង ឌីវេឡុបមេន ខមភេនី បានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការ ការផ្សារភ្ជាប់ទំនាក់ទំនង និងការអនុវត្តកាតព្វកិច្ចក្នុងការត្រួតពិនិត្យ ការផ្តល់យោបល់ តម្រង់ទិស និងការតាមដានការសាងសង់អាកាសយានដ្ឋានអេកូទេសចរណ៍អន្តរជាតិកោះរ៉ុង។
លោក ម៉ៅ ហាវណ្ណាល់ បានលើកឡើងក្នុងពិធីចុះហត្ថលេខាថា Royal Group Koh Rong Development គឺជាក្រុមហ៊ុនទទួលបានគោលការណ៍ពីរដ្ឋាភិបាលកម្ពុជា ឱ្យធ្វើការអភិវឌ្ឍគម្រោងពហុបំណងនៅកោះរ៉ុងក្រោមក្របខ័ណ្ឌគតិយុត្ត «សិទ្ធិជួលអចិន្ត្រៃយ៍» ចាប់តាំងពីឆ្នាំ ២០០៨។ ក្រុមហ៊ុនមួយនេះមានសិទ្ធិអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រនានានៅលើទីតាំងជួលដោយអនុលោមតាមប្លង់មេ ក្នុងនោះក៏មានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋាន និងឧទ្ធម្ភាគចក្រដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រមួយចំនួនទៀត។
លោកបន្ថែមថា បន្ទាប់ពីបានទទួលគោលការណ៍អនុញ្ញាតពីរដ្ឋាភិបាលរួចមក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានពិនិត្យ និងផ្តល់គោលការណ៍អនុញ្ញាតនៅក្នុងកម្រិតជំនាញចំនួន ២ លើក ដើម្បីដំណើរការសាងសង់ហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានអេកូ-ទេសចរណ៍អន្តរជាតិ លំដាប់ 4C។
លោកថ្លែងថា៖ «ការចុះហត្ថលេខាលើឯកសារអនុស្សរណៈនៃកិច្ចព្រមព្រៀង គឺបានបង្ហាញពីកិច្ចសហប្រតិបត្តិការ និងការផ្សារភ្ជាប់ទំនាក់ទំនងការងារក្នុងភាពជាដៃគូលើកម្រិតជំនាញក្នុងកិច្ចខិតខំប្រឹងប្រែងគាំទ្រការអភិវឌ្ឍក៏ដូចជាការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋាន និងឋបនីយភណ្ឌគាំទ្រផ្សេងៗទៀត»។
បើតាមកិច្ចព្រមព្រៀង SSCA បានផ្តល់ការទទួលស្គាល់លើផែនការមេសម្រាប់ការកសាងអាកាសយានដ្ឋានអេកូ-ទេសចរណ៍អន្តរជាតិកោះរ៉ុង និងការចេញវិញ្ញាបនបត្រទទួលស្គាល់លើផែនការមេសង្ខេប (Certificate of Acceptance) ជូនដល់ក្រុមហ៊ុន។
លោក គិត ម៉េង បាននិយាយថា សម្រាប់គម្រោងអភិវឌ្ឍន៍នេះ ក្រុមហ៊ុននឹងធ្វើផ្លូវក្រួសក្រហមដែលខ្លួនបានដឹកជញ្ជូនគ្រឿងចក្រមកកសាងផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធលើកោះរ៉ុងតាំងពីខែកក្កដា ឆ្នាំ ២០០៩ មកម្ល៉េះ។ ជាមួយគ្នានេះក្រុមហ៊ុនបានកសាងសណ្ឋាគាររ៉ូយ៉ាល់ សុខសាន្តលំដាប់ផ្កាយ ៣ នៅឆ្នាំ ២០១៣ មានចំនួន ១៥៣ បន្ទប់ ក្រោមទុនវិនិយោគ ១៥ លានដុល្លារ និងកាលពីខែធ្នូ ឆ្នាំ ២០១៥ ក្រុមហ៊ុនបានសាងសង់សណ្ឋាគារលំដាប់ផ្កាយ ៥ រ៉ូយ៉ាល់ស៊ែន កោះរ៉ុង ដែលមានវីឡាភ្ជាប់ដោយអាងហែលទឹកចំនួន ៦៣ ក្រោមទុនវិនិយោគ ៤០ លានដុល្លារ។
លោកបន្ថែមទៀតថា កាលពីថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២០ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កោះរ៉ុង បានចុះកិច្ចព្រមព្រៀងកសាងផ្លូវបេតុងប្រវែង ៧០ គីឡូម៉ែត្រ ទទឹង ៨ ម៉ែត្រ នៅលើកោះរ៉ុង ដោយចំណាយទុន ៣៥ លានដុល្លារ ហើយបច្ចុប្បន្នផ្លូវនេះធ្វើរួច ៥០គីឡូម៉ែត្រ។
លោកបន្តថា ចាប់ពីខែកញ្ញា ឆ្នាំ ២០២២ ក្រុមហ៊ុនក៏បានវិនិយោគជាមួយអគ្គិសនីកម្ពុជា ដើម្បីតភ្ជាប់ខ្សែកាប្លិ៍អគ្គិសនីក្រោមបាតសមុទ្រមកកាន់កោះរ៉ុង។ ខ្សែបញ្ជូនប្រមាណ ៦០ គីឡូម៉ែត្រ ត្រូវបានសាងសង់លើកោះរ៉ុង គ្រោងនឹងបញ្ចប់នៅក្នុងត្រីមាសទី១ នៃឆ្នាំ ២០២៣ ដើម្បីអាចមានអគ្គិសនីចែកចាយនៅក្រោយបុណ្យចូលឆ្នាំខ្មែរនេះ។
លោកបញ្ជាក់ថា៖ «សម្រាប់អាកាសយានដ្ឋានអន្តរជាតិកោះរ៉ុង លំដាប់ 4C ត្រូវបានចាប់ផ្តើមអភិវឌ្ឍនៅក្នុងពេលនេះ គ្រោងនឹងបញ្ចប់ការសាងសង់ក្នុងរយៈពេល ៥ ឆ្នាំ»។

ពិធីចុះ MOU កាលពីថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៣។ ហេង ជីវ័ន
យោងតាមលោក ហាវណ្ណាល់ គម្រោងអភិវឌ្ឍន៍នេះស្ថិតក្នុងក្របខ័ណ្ឌនៃការវិនិយោគពហុបំណងរួមសម្រាប់ក្រុងកោះរ៉ុងទាំងមូលដែលជាការវិនិយោគរបស់វិស័យឯកជនហើយមានលក្ខណៈស្រដៀងគ្នានឹងការវិនិយោគរបស់ក្រុមហ៊ុនយូញៀន (UDG) នៅតំបន់តារាសាគរ (ការវិនិយោគឯកជន ១០០ ភាគរយសម្រាប់ការអភិវឌ្ឍ គម្រោងពហុបំណង)។
លោកថ្លែងថា៖ «ការចូលរួមក្នុងភាពជាដៃគូ Royal Group បង្ហាញពីសញ្ញាវិជ្ជមានមួយសម្រាប់ជំរុញឱ្យមានកំណើន និងការទ្រទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ចកម្ពុជារយៈពេលវែង ជាពិសេសការបង្កើនសមត្ថភាពប្រកួតប្រជែងក្នុងការដឹកជញ្ជូនអ្នកដំណើរ និងទំនិញក្នុងស្រុក និងក្រៅស្រុកតាមផ្លូវអាកាស ក្នុងបរិការណ៍នៃសមាហរណកម្មសេដ្ឋកិច្ចតំបន់ និងពិភពលោក។ វិស័យឯកជននាំមកនូវបច្ចេកវិទ្យាទំនើប នវានុវត្តន៍ភាពប្រសិទ្ធភាពតម្លាភាព និងគណនេយ្យភាព ស្របតាមឧត្តមានុវត្តជាអន្តរជាតិក្នុងការរួមចំណែកលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រងហានិភ័យព្រមទាំងកាត់បន្ថយបន្ទុកចំណាយរបស់រដ្ឋ»៕