
កំពង់ផែស្វយ័តភ្នំពេញ។ រូបថត ហេង ជីវ័ន
ភ្នំពេញៈ ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ឥណ្ឌូនេស៊ី ក្នុងឆ្នាំ ២០២២ មានទឹកប្រាក់សរុបជាង ៩៤៨ លានដុល្លារ កើនឡើងជិត ៥០ ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១ ដែលក្នុងនោះទឹកប្រាក់កម្ពុជាចំណាយលើការនាំទំនិញពីឥណ្ឌូនេស៊ី មានរហូតដល់ជាង ៩៦ ភាគរយនៃចំនួនសរុប។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ទិន្នន័យបានបង្ហាញថា ក្នុងឆ្នាំ ២០២២ ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំង ២ មានទឹកប្រាក់សរុប ៩៤៨,៥៣៣ លានដុល្លារ កើនឡើង ៤៨,៣ ភាគរយ ពីចំនួន ៦៣៩,៧២៨ លានដុល្លារ កាលពីក្នុងឆ្នាំ ២០២១។ ក្នុងនោះទំនិញនាំពីឥណ្ឌូនេស៊ី មកកម្ពុជា មានទឹកប្រាក់រហូតដល់ ៩១១,៦៩៤ លានដុល្លារ កើន ៥០ ភាគរយ និងទំនិញដែលកម្ពុជានាំចេញទៅឥណ្ឌូនេស៊ី គឺមានត្រឹមតែ ៣៦,៨៣៩ លានដុល្លារប៉ុណ្ណោះ កើន ១៥,៩ ភាគរយ។ បើផ្អែកតាមទិន្នន័យខាងលើ គឺជញ្ជីងពាណិជ្ជកម្មកម្ពុជា មានឱនភាព ៨៧៤,៨៥៤ លានដុល្លារ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ក្នុងថ្ងៃទី ១៩ ខែមករាថា ដោយសារកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ ដូច្នេះការនាំចូលវត្ថុធាតុដើម និងឧបករណ៍បរិក្ខារជាច្រើនយកបំពេញតម្រូវការក្នុងស្រុក និងសម្រាប់ផលិត ឬកែច្នៃនាំចេញទៅលក់នៅទីផ្សារអន្តរជាតិ។ ទឹកប្រាក់នៃការនាំចូលខ្ពស់ជាងនាំចេញ គឺមិនសុទ្ធតែអាក្រក់នោះទេ។ លោកបន្ថែមថា ការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន, កម្ពុជា-កូរ៉េ និង RCEP កំពុងក្លាយជាកម្លាំងស្រូបដ៏ខ្លាំងរបស់កម្ពុជាក្នុងការទាក់ទាញអ្នកវិនិយោគបរទេស រួមទាំងឥណ្ឌូនេស៊ី ឱ្យចូលមកបណ្តាក់ទុនកាន់តែច្រើន។
លោកថ្លែងថា៖ «ទោះជញ្ជីងពាណិជ្ជកម្មកម្ពុជាមានឱនភាពខ្លាំងជាមួយឥណ្ឌូនេស៊ី ប៉ុន្តែអ្វីដែលសំខាន់គឺយើងត្រូវមើលទីផ្សារនាំចេញវិញ ព្រោះលទ្ធភាពនៃការនាំចេញរបស់កម្ពុជាទៅទីផ្សារអន្តរជាតិក៏មានចំនួនកាន់តែច្រើនដែរ»។
អ្នកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានឱ្យដឹងថា កំណើនទំហំទឹកប្រាក់ពាណិជ្ជកម្ម គឺជារឿងល្អ ប៉ុន្តែឱនភាពជញ្ជីងពាណិជ្ជកម្មដ៏ច្រើនជាមួយឥណ្ឌូនេស៊ី ក៏ជារឿងដែលត្រូវយកចិត្តទុកដាក់ដែរ។ កម្ពុជាត្រូវតែពិនិត្យទំនិញសក្តានុពលរបស់ខ្លួនដើម្បីបង្កើនការនាំចេញទៅវិញ។ ឥណ្ឌូនេស៊ី ជាប្រទេសមានប្រជាជនច្រើន និងទំហំសេដ្ឋកិច្ចធំជាងគេក្នុងតំបន់អាស៊ាន (ឥណ្ឌូនេស៊ី ជាសមាជិករបស់ G20) ដូច្នេះបើទំនិញកម្ពុជាអាចហូរចូលកាន់តែច្រើន គឺកាន់តែល្អ។
លោកបន្តថា ដើម្បីបង្កើនការនាំចេញ កម្ពុជាក៏ត្រូវខិតខំធ្វើការផ្សព្វផ្សាយ និងទាក់ទាញវិនិយោគិនឥណ្ឌូនេស៊ី ឱ្យមកបណ្តាក់ទុនផ្ទាល់នៅកម្ពុជាផងដែរ។
លោកប្រាប់ថា៖ «ការសិក្សាពីតម្រូវការទីផ្សារ និងការផលិតទំនិញឱ្យស្របទៅនឹងតម្រូវការទីផ្សារឥណ្ឌូនេស៊ី គឺជាឱកាសមួយក្នុងការកាត់បន្ថយគម្លាតពាណិជ្ជកម្មទ្វេភាគី»។
ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា លោក Sudirman Haseng ក្នុងកិច្ចសន្ទនាវិនិយោគកម្ពុជា-ឥណ្ឌូនេស៊ី កាលពីថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២២ ធ្លាប់បាននិយាយថា ស្ថានទូតឥណ្ឌូនេស៊ីនឹងសហការជាមួយសភាពាណិជ្ជកម្មឥណ្ឌូនេស៊ីនៅកម្ពុជា ដើម្បីជំរុញការដោះដូរទំនិញ និងជំរុញវិនិយោគិនរបស់ខ្លួនឱ្យចូលមកវិនិយោគនៅកម្ពុជាកាន់តែច្រើន។
ក្នុងឱកាសនោះដែរ លោក សុខ ចិន្តាសោភា អគ្គលេខាធិការ CDC បានថ្លែងថា វិនិយោគិនឥណ្ឌូនេស៊ីកំពុងរួមចំណែកដល់កំណើនសេដ្ឋកិច្ចកម្ពុជា ហើយលោកសង្ឃឹមថា ចំនួនអ្នកវិនិយោគឥណ្ឌូនេស៊ីមកបណ្តាក់ទុននៅកម្ពុជានឹងមានចំនួនកាន់តែច្រើន ខណៈកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលកម្ពុជាបានចុះហត្ថលេខាជាមួយប្រទេសដៃគូ នាពេលកន្លងមកនឹងផ្តល់ចំណេញយ៉ាងច្រើនសម្រាប់ការចូលមកបណ្តាក់ទុនផ្ទាល់៕