ព្រះសីហនុៈ មន្ត្រី​ជំនាញ​ពាក់ព័ន្ធ កាលពី​រសៀល​ថ្ងៃទី​១៩ខែមករា បាន​បើក​កិច្ចប្រជុំ​អន្តរ​ក្រសួង-ស្ថាប័ន​ដើម្បី​ពិភាក្សា​លើ​ការរៀបចំ​វិធានការ​លើក​ទឹកចិត្ត និង​វិធានការ​ជាកញ្ចប់​សម្រាប់​ដោះស្រាយ​គម្រោង​វិនិយោគ​ដែល​ជាប់គាំង​ក្នុង​ខេត្ត​ព្រះសីហនុ។

កិច្ចប្រជុំ​ត្រូវបាន​ធ្វើ​ឡើង នៅ​ទីស្តីការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រោម​អធិបតីភាព​លោក ហ៊ាន សាហ៊ីប រដ្ឋមន្ត្រី​ប្រតិភូអម​នាយករដ្ឋមន្ត្រី រដ្ឋ​លេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជាប្រធាន​ក្រុមការងារ​ដោះស្រាយ​គម្រោង​វិនិយោគ ជាប់គាំង​ក្នុង​ខេត្ត​ព្រះសីហនុ។

កិច្ចប្រជុំ​នេះ​មាន​គោលបំណង​សំខាន់​គឺ​ដើម្បី​ពិភាក្សា​លើ​ស្ថាន​ភាព បញ្ហា​ប្រឈម ទិដ្ឋភាព​ច្បាប់ សមិទ្ធិ​លទ្ធភាព និង​យន្តការ​ដោះស្រាយ​គម្រោង​វិនិយោគ​ជាប់គាំង​ក្នុង​ខេត្ត​ព្រះសីហនុ។

អង្គប្រជុំ​បាន​គាំទ្រ​លើ​ការសិក្សា និង​ការរៀបចំ​ឱ្យ​មាន​វិធានការ​ដោះស្រាយ​បញ្ហានេះ និង​បាន​ស្នើ​ឱ្យ​មាន​ការកំណត់​អត្ត​សញ្ញាណកម្ម​គម្រោង​វិនិយោគ​ជាប់គាំង និង​ការរៀបចំ​ផែនការ​សកម្មភាព ព្រមទាំង​ស្នើ​ឱ្យ​មាន​ការពិភាក្សា​លម្អិត លើ​វិធានការ​នីមួយៗ​៕