ភ្នំពេញៈ ផ្នែក​ឯកជន​រំពឹងថា វិស័យ​ដឹកជញ្ជូន​នឹងចូលរួម​ចំ​-​ណែ​ក​កាន់តែច្រើន​ថែមទៀត​ក្នុងការ​លើកស្ទួយ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ទាំង​ការដឹកជញ្ជូន​ផលិតផល​ក្នុងប្រទេស និង​ទៅកាន់​ទីផ្សារ​អន្តរជាតិ​។​

​ការលើកឡើង​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុងជំនួប​រវាង​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ឌិ​ត ទីណា ជាមួយ​ថ្នាក់ដឹកនាំ​នៃ​សមាគម​ភ័ស្តុភារ​កម្ម​កម្ពុជា កាលពី​ថ្ងៃទី ​១៨ ខែមករា ឆ្នាំ​ ២០២៣ នៅ​ទីស្តីការ​ក្រសួងកសិកម្ម​។​

​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម លោក ឌិ​ត ទីណា បានឱ្យដឹងថា វិស័យ​ភ័ស្តុភា​រកម្ម​គឺមាន​តួនាទី​សំខាន់​ណាស់​នៅ​​គ្រប់​ចង្វាក់​ផលិតកម្ម ហេតុនេះ​បើសិន​អ្នកពាក់ព័ន្ធ​ធ្វើការ​ចងក្រង​គ្នា​តាម​ខ្សែបណ្តោយ​ចាប់ពី​អ្នក​ផលិត​រហូតដល់​ទីផ្សារ គឺ​នឹង​ទទួលបាន​ផលចំណេញ​ទាំងអស់គ្នា ហើយក៏​អាចជួយ​កាត់បន្ថយ​ការប្រកួតប្រជែង​ដែល​មិន​ចាំ​បាច់​បាន​ផងដែរ​។ ការធ្វើការ​រួមគ្នា ក៏​ជួយ​ឱ្យ​គ្រប់ផ្នែក​ពាក់​​ព័ន្ធ​ទទួលបាន​ព័ត៌មាន​ពី​ទីផ្សារ​បានច្បាស់លាស់​ផងដែរ​។​

​លោក​ថ្លែងថា​៖ «​ការ​ធ្វើតាម​ខ្សែបណ្តោយ​នេះ គឺ​ដើម្បី​ធានា​ឱ្យបាន​នូវ​ប្រសិទ្ធភាព និង​ទំនុក​​ចិត្ត​។ សមាគម​ត្រូវ​ចេះ​ធ្វើការ​ជាមួយគ្នា និង​ត្រូវ​ចេះ​ចែករំលែក​ផលប្រយោជន៍​រវាង​អាជីវករ និង​អ្នកផ្តល់​សេវា​ដឹកជញ្ជូន​»​។

​បន្ថែម​លើ​នេះ លោក​រដ្ឋមន្ត្រី​ក៏បាន​ណែនាំ​ឱ្យ​សមាគម​ភ័ស្តុ​​ភារ​កម្ម​កម្ពុជា ត្រូវយក​ចិត្ត​ទុក​​ដាក់​ទៅលើ​លទ្ធភាព​ផ្គត់ផ្គង់​ក្នុងស្រុក​ឱ្យបាន​គ្រប់គ្រាន់ ដោយ​ធានា​យ៉ាងណា​ឱ្យមាន​ឯករាជ្យ​ខ្លួនឯង​ដោយ​ត្រូវមាន​ផែនការ​ច្បាស់លាស់​នៅក្នុង​ការផលិត ដើម្បី​រក្សា​ស្ថិរភាព​ផ្គត់ផ្គង់ និង​ផលចំណេញ​។

​ប្រធាន​សមាគម​ភ័ស្តុភារ​កម្ម​កម្ពុជា​ ​លោក ស៊ិន ច​ន្ធី ដែលជា​ក្រុម​អ្នកផ្តល់​សេវា​ដឹកជញ្ជូន​ទំនិញ​កសិកម្ម​ក្នុង និង​ទៅ​ក្រៅប្រទេស និង​មាន​សមាជិក​ជាង ១០០ ​សេវាករបាន​ប្រាប់ ​ភ្នំពេញ​ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ​១៩ ខែមករាថា ជំនួប​ពិភាក្សា​នេះ​គឺ​ពិត​ជាមាន​សារៈសំខាន់​ក្នុងការ​ផ្តល់ឱកាស​ឱ្យ​ផ្នែក​ឯកជន អាច​ជួប​ធ្វើការ​ដោយផ្ទាល់​ជាមួយនឹង​អាជ្ញាធរ ដើម្បី​ជំរុញ​ការងារ​ផ្តល់​សេវា​ឱ្យ​អតិថិជន​កាន់តែ​លឿន និង​មាន​ប្រសិទ្ធភាព​។ លោក​បាន​បន្តថា បច្ចុប្បន្ន​វិស័យ​ដឹកជញ្ជូន​កំពុង​ចូលរួម​ដ៏​សកម្ម​ក្នុង​ការតភ្ជាប់​ទំនិញ​ពី​អ្នក​ផលិត​ទៅដល់​អ្នក​ប្រើប្រាស់​ចុងក្រោយ​។

​លោក​និយាយថា​៖ «​តាមរយៈ​ជំនួប​នេះ​យើង​សង្ឃឹមថា ការ​​ដឹកជញ្ជូន​កសិផល​នឹង​ដំណើរ​​ការ​កាន់តែ​ល្អ និង​មានការ​ទទួលខុសត្រូវ​កាន់តែ​ខ្ពស់​»​។​

​ទិន្នន័យ​ក្រសួងកសិកម្មឱ្យដឹងថា ក្នុង​រយៈពេល ១១ ​ខែ​ ឆ្នាំ ​២០២២ ប្រទេស​កម្ពុជា​បាន​នាំ​ចេញ​កសិផល​ទៅ​ទីផ្សារ​អន្តរ​ជាតិ​សរុប ៥ ២២២ ០៥៦,១៩ ​តោន ក្នុងនោះ​នាំទៅ​ប្រទេស​ក្នុង​តំបន់​អាស៊ី​ចំនួន ៤ ២៧៥ ៤៦២,៨​តោន​, ប្រទេស​ចិន​ ចំ​នួន ៦៨៩ ៧០២,៦៥​ តោន​, សហភាព​អឺរ៉ុប ១៨៦ ៨៩៧,៧៤​ តោន និង​ទិសដៅ​ផ្សេងៗ​ទៀត​ចំនួន ៧០ ១៩៦,៥៨ ​តោន​។ រយៈពេល​ ១១ ​ខែ​ កាល​​ពី​ឆ្នាំ ​២០២១ ប្រទេស​កម្ពុជា ​បាន​នាំចេញ​កសិផល​ទៅ​ក្រៅប្រទេស សរុប​ចំនួន ៧ ១៣១ ៩១៥,០៤ តោន​៕