​ភ្នំពេញ៖ ប្រតិបត្តិករឧស្សា​ហកម្ម​ធនាគារ ​និង​គ្រឹះស្ថាន​ហិរញ្ញ​វត្ថុ​ក្នុង​ប្រទេស​កម្ពុជា ​បានប្រកាសក្នុងការអនុវត្តឱ្យ​បាន​ពេញលេញ លើ​ក្រម​ប្រតិបត្តិ​របស់​ឧស្សាហកម្ម​មួយ​នេះ​ដើម្បី​បង្កើត​ការ​ជឿ​ទុក​ចិត្ត​ និង​ធ្វើ​ឱ្យឧស្សាហ​កម្ម​មួយ​នេះ​ដំណើរ​ការ​ប្រកប​ដោយ​វិជ្ជា​ជីវៈ​។

​សមាគម​ធនាគារ​នៅ​កម្ពុជា​ (ABC) ​សមា​គម​មីក្រូហិរញ្ញ​វត្ថុ​កម្ពុជា ​(CMA)​និង​សមាគម​ហិរញ្ញ​វត្ថុ​ និង​បច្ចេកវិទ្យា​កម្ពុជា (​CAFT) ​បាន​ចុះហត្ថ​លេខា​លើ​ក្រម​ប្រតិ​បត្តិ​តាំង​ពី​ខែ​កញ្ញា​ឆ្នាំ​មុន​។

​លោក ​Raymond Sia ​ប្រធាន​សមាគ​មធនាគារ​នៅ​កម្ពុជា​ក្នុង​សិក្ខា​សាលា​ស្តី​ពី​ការ​តម្រង់​ទិស ​និង​ការ​ពង្រឹង​ក្រម​ប្រតិ​បត្តិ​របស់ B​FI​s នៅ​ថ្ងៃ​ទី​១៨​ ខែ​មករា​ បាន​ឱ្យ​ដឹង​ថា ​ក្នុង​វិស័យ​ធនាគារ​ និង​ហិរញ្ញ​វត្ថុ​ឥរិយា​បថ​ និង​សកម្មភាព​របស់​សហការី​របស់​BFIs​គឺ​មាន​សារៈ​សំខាន់​ជា​មូល​ដ្ឋាន​គ្រឹះ​នៃវិ​ស័យ​ធនាគារ​ត្រូវ​បាន​បង្កើត​ឡើង​ដោយឈរលើ​ភាព​ស្មោះត្រង់ និង​ទំនុក​ចិត្ត​ជាមួយ​អតិថិជន និង​សាធារណជន។ លោក​បាន​បន្ថែម​ថា ការ​ប្រព្រឹត្ត​ដែល​គ្មាន​សីលធម៌​ដូច​ជា​ការ​លក់​ហួស​ហេតុ​ពេក និង​សកម្មភាព​មិន​សមរម្យ​មិន​ត្រូវ​បាន​លើក​លែង​ឡើយ។

​លោក​Sia ​ថ្លែង​ថា៖ «​ក្នុង​នាម​ជា​ធនាគារិក​ យើង​ចាំ​បាច់​ត្រូវ​ពង្រឹង​គុណ​តម្លៃ​ទាំង​នេះ ​ហើយ​ខិត​ខំ​ដើម្បីឧត្តម​ភាព​នៅ​ក្នុង​អ្វីៗ​គ្រប់​យ៉ាង​ដែល​យើង​ធ្វើ​។ ខ្ញុំ​មាន​សេចក្តី​សោមនស្ស​រីក​រាយ​ក្នុង​ការ​ប្រកាស​ថា​ ក្រមប្រតិ​បត្តិ​របស់ ​BFIs​និង​គោល​ការណ៍​ណែនាំ​ស្តី​ពី​ការ​ផ្តល់​ប្រាក់​កម្ចី​ឥឡូវ​នេះ​ត្រូវ​បាន​ដាក់​ឱ្យ​អនុវត្ត​ពេញលេញ​សម្រាប់​សមាជិក​ទាំង​អស់​នៃ ​ABC,​ CMA​, និង​CAFT។​ ខ្ញុំ​ក៏​សូម​ថ្លែង​អំណរ​គុណ​ដល់​សមា​ជិកទាំង​អស់​ដែល​បាន​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការ​រៀប​ចំ ​និង​ការអ​នុវត្ត​ក្រម​នេះ ​ហើយ​ដែល​បាន​បញ្ចូល​វាទៅ​ក្នុង​គោល​នយោបាយ​ និង​នីតិ​វិធី​ផ្ទៃ​ក្នុង​របស់​ពួក​គេ»​។

​លោក​ សុខ​ វឿន ​ប្រធាន​សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា ​បាន​ថ្លែង​ក្នុង​ពិធី​នេះ​ថា​ អស់​រយៈ​ពេល​ជិត​១​ឆ្នាំនៃ​ការ​អនុវត្ត​បណ្តោះ​អាសន្ន​CMA ​បាន​ផ្សព្វ​ផ្សាយ ​និង​ពង្រឹង​ក្រម​សីលធម៌​ប្រតិ​បត្តិ​របស់​BFI ដោយ​ធ្វើ​សិក្ខាសាលា​ថ្នាក់​តំបន់​សម្រាប់​សមាជិក​ ជា​ពិសេស​សម្រាប់​ថ្នាក់​គ្រប់​គ្រង​សាខា​ទូទាំង​ប្រទេស​ ដើម្បី​ពង្រឹង​សមត្ថ​ភាព​ ប្រសិទ្ធ​ភាព ​និរន្តរ​ភាព ​ក្រម​សីល​ធម៌​ និង​វិជ្ជា​ជីវៈ​របស់​ពួក​គេ។​ សិក្ខា​សាលា​ទាំង​នោះ​មាន​ការ​ចូល​រួម​ពី​ប្រធាន​សាខា​របស់​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ជាង​ ៨០០​នៅ​ទូទាំង​ប្រទេស។​

​លោក​លើក​ឡើង​ថា៖ «​យើង​សង្កេត​ឃើញ​ថា សមា​ជិក​សមា​គម​ទាំង​បី​បាន​ប្រឹងប្រែង​អនុវត្ត​តាម​វិធាន​នៃ​ក្រម​ប្រតិ​បត្តិ​នេះ។ ​ទោះ​បី​ជា​វា​មិន​មែន​ជារឿង​ងាយ​ស្រួល​ក៏​ដោយ​ ប៉ុន្តែ​សម្រាប់​ការ​ខិត​ខំប្រឹង​ប្រែង​ដើម្បី​រួមចំណែក​ដល់​ការ​ពង្រឹង​ប្រព័ន្ធ​ធនាគារ​ និង​ការ​ការពារ​អតិ​ថិជន​គ្រឹះ​ស្ថាន​ទាំង​អស់​ខិត​ខំកែលម្អ​ប្រព័ន្ធ​ និងគោល​នយោ​បាយ​របស់​ពួក​គេ ​ដើម្បី​ធានា​ថា​ គ្រឹះស្ថាន​របស់​ពួក​គេ​គោរព​យ៉ាង​ពេញ​លេញ​ទៅ​នឹង​វិធាន​ដែល​មាន​ចែង​ក្នុង​ក្រម​ប្រតិ​បត្តិ​នេះ»​។ លោក​បាន​បន្ថែម​ថា ​សមា​គម​ទាំង​បី​នឹង​បង្កើត​យន្ត​ការ​មួយ​ដើម្បីត្រួត​ពិនិត្យ​ការ​អនុវត្ត​ក្រម​ប្រតិ​បត្តិ​របស់ ​BFIs​ដើម្បី​ធានា​ថា​ សមាជិក​ទាំង​អស់​អនុវត្ត​ក្រម​ប្រតិ​បត្តិ​ប្រកប​ដោយ​តម្លា​ភាព ​និង​គណ​នេយ្យ​ភាព​។

​លោក​ គិត​ សុវណ្ណារិទ្ធ​ អគ្គ​នាយក​រង​ទី ​១​ផ្នែក​ត្រួត​ពិនិត្យ​ធនា​គារ​នៅ​ធនា​គារ​ជាតិ​នៃ​កម្ពុជា​បាន​សាទរ​ចំពោះ​សមាគម​ចំនួន​៣ដែល​បាន​ផ្តួច​ផ្តើម​ និង​អនុម័ត​ក្រម​ប្រតិ​បត្តិ​ និង​គោល​ការណ៍​ណែនាំ​ស្តីពី​ការ​ផ្តល់ប្រាក់​កម្ចី​របស់ ​BFI​។ លោក​បាន​បន្ថែម​ថា ​ដើម្បី​រក្សា​ស្ថិរ​ភាព​ និង​និរន្តរ​ភាព​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ធនាគារ​ ការ​ពង្រឹង​ការ​អនុវត្ត​ទីផ្សា​រ និង​ការការពារ​អ្នកប្រើ​ប្រាស់ទាមទារឱ្យមានការចូលរួមយ៉ាងពេញលេញពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ។

លោកបានបន្ថែមថា៖ «ខ្ញុំបានស្នើឱ្យគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់លើកកម្ពស់ការការពារអ្នកប្រើប្រាស់ និង​ចាត់ទុកការងារនេះជាអាទិភាពចម្បង និងចាំបាច់ ហើយដើម្បីធានាថា ការប្រកួតប្រជែង និងប្រតិបត្តិការទាំងអស់ត្រូវតែអនុវត្តប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវ»។

ក្រមប្រតិបតិ្តរបស់ BFIs ត្រូវបានផ្តួចផ្តើម និងអនុម័តស្របតាមយុទ្ធសាស្ត្របរិយាប័ន្នហិរញ្ញវត្ថុថ្នាក់ជាតិ ឆ្នាំ ២០១៩-២០២៥។ ក្រមប្រតិបត្តិនេះនឹង​ធានា​ឱ្យ​បាន​នូវ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​ភាព​ធន់​នឹង​ការ​ជំរុញ និង​ពង្រឹង​ការ​ការពារ​អតិថិជន និង​លើក​កម្ពស់​ក្រមសីលធម៌ និង​វិជ្ជាជីវៈ​ក្នុង​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ៕