
នៅក្នុងរយៈពេល ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៣ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) បានទទួលដំណើរទស្សនកិច្ចសិក្សារបស់គណៈប្រតិភូគយនៃប្រទេសឡាវ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលគយកម្ពុជា និងឡាវ ក្នុងការបង្កើនបាននូវប្រសិទ្ធភាពលើវិធានការបង្ការបង្ក្រាបទំនិញល្មើសច្បាប់។
ក្រៅពីដំណើរទស្សនកិច្ចសិក្សារបស់គណៈប្រតិភូគយនៃប្រទេសឡាវ ដឹកនាំដោយលោកអគ្គនាយករង Saymanolinh SINBANDHIT ហើយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) ក៏ទទួលដំណើរទស្សនកិច្ចរបស់លោក Micheal Cymbalista លោក Joel Carruthers តំណាងកងកម្លាំងការពារព្រំដែនប្រទេសអូស្ត្រាលី (ABF) ដែលជាសមត្ថកិច្ចគយអូស្ត្រាលី ព្រមទាំងលោកស្រី Nuttha Ummarakoon តំណាងអង្គការ United Nations Office on Drugs and Crime (UNODC) ដែលបានអញ្ជើញមកជាមួយគណៈប្រតិភូគយនៃប្រទេសឡាវផងដែរ។
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) បានឱ្យដឹងថា គោលបំណងនៃដំណើរទស្សនកិច្ចនេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលគយទាំងពីរ និងផ្តល់ឱកាសឱ្យរដ្ឋបាលគយប្រទេសឡាវសិក្សាស្វែងយល់អំពីបទពិសោធន៍ជោគជ័យរបស់រដ្ឋបាលគយកម្ពុជាក្នុងការអនុវត្តកម្មវិធីត្រួតពិនិត្យកុងតឺន័រ (UNODC-WCO Container Control Programme-CCP) ដែលជាយន្តការនៃកិច្ចសហប្រតិបត្តិការដើម្បីឆ្លើយតបចំពោះការកើតឡើងនូវបញ្ហាផ្សេងៗពាក់ព័ន្ធសន្តិសុខនៃខ្សែច្រវាក់ផ្គត់ផ្គង់ពាណិជ្ជកម្មសកលលោក។
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា៖«តាមរយៈយន្តការនេះ ប្រទេសសមាជិក បង្កើនបាននូវប្រសិទ្ធភាពលើវិធានការបង្ការបង្ក្រាបទំនិញល្មើសច្បាប់ ជាពិសេសពាណិជ្ជកម្មទំនិញយុទ្ធសាស្ត្រ ការចរាចរណ៍គ្រឿងញៀននិងសារធាតុញៀន ការគេចពន្ធ ការបន្លំពន្ធ និងសកម្មភាពភេរវកម្មផ្សេងៗ»។
នៅក្នុងអំឡុងទស្សនកិច្ចនេះ គណៈប្រតិភូ បានទៅទស្សនកិច្ចនៅអង្គភាពត្រួតពិនិត្យកុងតឺន័រ (CCU) នៃសាខាគយនិងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ដោយបានសិក្សាស្វែងយល់អំពីនីតិវិធីបញ្ចេញទំនិញពីគយ ប្រព័ន្ធស្វ័យប្រវត្តិកម្មគយ ប្រព័ន្ធ E-Customs និងនីតិវិធីអនុវត្តន៍ការងាររបស់ CCU ព្រមទាំងបានចុះទៅពិនិត្យឧបករណ៍ត្រួតពិនិត្យគយ, ម៉ាស៊ីនស្កែនកុងតឺន័រ, ឧបករណ៍រាវរកសារធាតុវិទ្យុសកម្ម, ទីលានត្រួតពិនិត្យទំនិញ, និងទីលានកុងតឺន័រនិងចំណតនាវា។
គណៈប្រតិភូទាំងអស់ ក៏បានបន្តទៅធ្វើទស្សនកិច្ចនៅអង្គភាពត្រួតពិនិត្យទំនិញតាមផ្លូវអាកាស (ACCU) នៃសាខាគយនិងរដ្ឋាករអាកាសយានដ្ឋានអន្តរជាតិ ដោយបានស្វែងយល់អំពីដំណើរការបង្កើត និងប្រតិបត្តិការប្រចាំថ្ងៃរបស់ ACCU ដែលមានដូចជាការវិភាគហានិភ័យទំនិញ ការជ្រើសរើសទំនិញសម្រាប់ត្រួតពិនិត្យរូបវន្ត និងបានចុះទៅពិនិត្យឃ្លាំងទំនិញ និងឧបករណ៍បំពាក់សម្រាប់មន្ត្រី ACCU ប្រើប្រាស់ប្រចាំថ្ងៃ ព្រមទាំងបានសិក្សាលើការងារវិភាគហានិភ័យចំពោះនិវេទនប័ណ្ណ អញ្ញត្តប័ណ្ណ កំណត់ត្រាផ្សេងៗ និងរបាយការណ៍ទំនិញហានិភ័យដែលត្រូវបានជ្រើសរើសដើម្បីត្រួតពិនិត្យ។
ក្នុងឱកាសនោះ លោក Saymanolinh SINBANDHIT ប្រធានគណៈប្រតិភូគយប្រទេសឡាវ បានថ្លែងថា ជាការគួរឱ្យកោតសរសើរណាស់ ដែលរដ្ឋបាលគយកម្ពុជា អាចរៀបចំបង្កើត និងអនុវត្តកម្មវិធី CCP ទទួលបានលទ្ធផលប្រកបដោយជោគជ័យនាពេលកន្លងមក។
លោកបន្តថា៖«ប្រទេសទាំងពីរ កម្ពុជា និងឡាវ ត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការនៃរដ្ឋបាលគយទាំងពីរ ដែលបានអាក់ខានចាប់តាំងពីមានការផ្ទុះរីករាលដាលនៃជំងឺ Covid-19»។
ជាមួយគ្នានោះដែរ លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបន្តជួបពិភាក្សាជាមួយលោក Micheal Cymbalista និងលោក Joel Carruthers ដោយឡែក អំពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងរដ្ឋបាលគយប្រទេសអូស្ត្រាលី ជាមួយ អគរ និងការសហការទទួលរៀបចំវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាថ្នាក់តំបន់ ក្រោមគម្រោងជំនួយរបស់រដ្ឋបាលគយអូស្ត្រាលី នាពេលខាងមុខ៕