
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា នៅកម្ពុជា គ្រាប់ស្វាយចន្ទីដែលពេញនិយមដាំដុះច្រើនជាងគេ គឺពូជ M23 ដែលមានទំហំគ្រាប់ធំ និងមានរសជាតិឆ្ងាញ់ ដោយជាមធ្យមក្នុងមួយហិកតា ស្វាយចន្ទីអាចផ្ដល់ទិន្នផលចំនួន ១,៤៩ តោន។ ជាមួយគ្នានេះដែរ ស្វាយចន្ទី គឺជាកសិផលដែលបានផ្តល់តម្លៃបន្ថែមខ្ពស់រួមជាមួយទស្សនវិស័យ រយៈពេលវែង ពោលគឺប្រាក់ចំណូលពីតម្រូវការសម្រាប់ទំនិញប្រណីតប្រភេទនេះមានការកើនឡើង។
តើហេតុអ្វី បាននៅកម្ពុជា កសិករនិយមចូលចិត្តដាំដុះស្វាយចន្ទី ពូជ M23នេះ?
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានប្រាប់ឱ្យដឹងថា នៅកម្ពុជា មានពូជស្វាយចន្ទីចំនួន ៧ប្រភេទ ដែលត្រូវបានដាំដុះ រួមមាន M1 ឬ SM1, M23, IM4, M10, H09, M7 និង SAN1។ ហើយក្នុងចំណោមពូជទាំង ៧នេះ M23 មានការដាំដុះច្រើនជាងគេ ដែលមានប្រមាណជាង ៦០ភាគរយ ក្នុងចំណោមផ្ទៃដីដាំដុះសរុបទូទាំងប្រទេស។ ក្រៅពីនេះ ក៏មាននាំចូលមកពីវៀតណាមខ្លះដែរ គឺពូជ PN1, MH4, MH5។
ចំពោះមូលហេតុ ដែលពូជ M23 មានប្រជាប្រិយភាពជាងគេ ក្នុងចំណោមពូជទាំងអស់នោះ បើទោះបីជាវាពិបាកក្នុងការថែទាំក៏ដោយនោះ ត្រូវបានលោក ស៊ីឡុត បានបញ្ជាក់យ៉ាងដូច្នេះ៖ «ពូជM23 ជាពូជពិបាកថែទាំ ត្រូវការយកចិត្តទុកដាក់ពីម្ចាស់ចម្ការមិនអាចលែងចោលដូចពូជស្រាលដទៃទៀតទេ។ ក្នុងចំណោមពូជទាំង ៧ នេះ មានពូជស្រាល និងពូជធ្ងន់ ដោយពូជស្រាល គឺជាពូជដែលចេញផ្កាលឿន ដូចនេះ ពូជ 23នេះ អាចជាពូជស្រាលផង និងធ្ងន់ផង ដោយអាចប្រមូលបានច្រើនដង ខុសពីពូជផ្សេងៗទៀត»។

លោកបានបន្តទៀតថា ពូជ M23 នេះ មានលក្ខណៈធន់នឹងអាកាសធាតុជាងពូជដទៃទៀត ដោយទិន្នផល M23 ខ្ពស់ជាងពូជដទៃ ៣០ភាគរយ ទិន្នផលជាមធ្យម ២តោនក្នុង ១ហិកតា បើថែដិតដល់ ទើបធ្វើឱ្យកសិករនិយមចូលចិត្តដាំពូជនេះ ជាងពូជផ្សេងៗទៀត។
លោកបានបន្ថែមថា រាល់អក្សរអង់គ្លេសដែលបានដាក់ឈ្មោះនេះ សុទ្ធតែជាឈ្មោះរបស់ម្ចាស់ចម្ការរបស់មនុស្ស ៣នាក់ ដោយអក្សរ M ជាឈ្មោះរបស់លោក មុន្នី ដែលត្រូវបានលោក វ៉ា រដ្ឋសាន ម្ចាស់ចំការស្វាយចន្ទី ភូមិស្គន់ ឃុំសូរទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម រកឃើញនៅក្នុងចម្ការរបស់លោក មុន្នី នៅថ្ងៃទី ២៣។
លោកបានបញ្ជាក់ថា៖«ពូជ M23 ត្រូវបានលោក វ៉ា រដ្ឋសាន រកឃើញនៅក្នុងចម្ការរបស់លោក មុន្នី នៅថ្ងៃទី ២៣ ដូច្នេះដើម្បីផ្តល់កិត្តិយសដល់គាត់ ដែលខំថែរក្សាពូជហ្នឹង លោក រដ្ឋសាន បានដាក់ឈ្មោះពូជនេះថា Mony23 ឬតាងដោយអញ្ញត្តិ M23ដូច្នេះទៅ»។
លោកបានឱ្យដឹងទៀតថា ពូជ M23 ជាពូជមួយដែលល្អជាងគេ ក្នុងចំណោមពូជទាំង ៧នេះ ដែលអ្នកជំនាញបានសម្រាំងមក ដែលមិនមែនជាពូជផលិតមកតាមរយៈការបង្កាត់តាមហ្សែននោះទេ។

បើតាមក្រសួង កសិកម្ម រុក្ឋាប្រមាញ់ និងនេសាទ គឺផលិតផលគ្រាប់ស្វាយចន្ទីឆៅ ក្នុងពិភពលោក មានការកើនឡើង ១២ ដង ក្នុងរយៈពេល ៥០ ឆ្នាំ ចុងក្រោយនេះ ពោលគឺចាប់ពីតិចជាង ៣០០ ០០០ តោន ក្នុងឆ្នាំ ១៩៦១ ដល់ ៣,៧ លាន តោន ក្នុងឆ្នាំ ២០០៨។ ការដាំដុះ មានការកើនឡើងនៅប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ហើយផលិតផលស្ទើរតែកើនឡើងទ្វេដងពីឆ្នាំ ២០០០ ដល់ ២០០៨ ដោយសារការកើនឡើង ២៧ ភាគរយ នូវផ្ទៃដីដាំដុះក្នុងពិភពលោក ហើយទិន្នផលជាមធ្យមក្នុងពិភពលោកកើនឡើងជាង ៥០ ភាគរយ។
នៅក្នុងឆ្នាំ ២០២២ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តជាតិ ៦៧ម៉ឺនតោន គិតជាទឹកប្រាក់ ១ពាន់ ៧៧ លានដុល្លារអាមេរិក ក្នុងនោះប្រទេសដែលនាំចូលគ្រាប់ស្វាយចន្ទីពីកម្ពុជា មានជាអាទិ៍ ប្រទេស វៀតណាម ជប៉ុន និង ចិន ខណៈប្រទេសផ្សេងៗទៀតក៏កំពុងតែសម្លឹងមើលឱកាសក្នុងការនាំចូលគ្រាប់ស្វាយចន្ទីកម្ពុជាទៅកាន់ទីផ្សារប្រទេសខ្លួនដែរ៕