ភ្នំពេញៈ ក្រុមហ៊ុន អេ​ម​រុ រ៉ា​យ (Amru Rice) បានដាក់​ផែន​ការពង្រីក​ចង្វាក់​ផលិតកម្ម​ស្រូវ​អង្ករ​របស់ខ្លួន​ទៅ​ខេត្ត​នៅ​ភាគ​ឦសាន​ដើម្បី​ជួយ​ដល់​កសិករ​ឱ្យមាន​ទីផ្សារ​កាន់តែ​ល្អប្រសើរ តាមរយៈ​សាងសង់​រោង​ម៉ាស៊ីនកិនស្រូវ និង​ម៉ាស៊ីន​ស​ម្ងួ​ត​។ នេះ​បើ​យោងតាម​លោក សុង​ សារ៉ន អគ្គនាយក និង​ជា​ស្ថាប​និក​ក្រុមហ៊ុន អេ​ម​រុ រ៉ា​យ​។​

​ថ្លែងប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃ​​ទី​ ២២ ខែមករា លោក សារ៉ន​ បានឱ្យដឹងថា បន្ទាប់ពី​ទទួលជោគជ័យ​ក្នុងការ​ពង្រីក​ការ​វិ​និ​​យោគ​លើ​វិស័យ​ស្រូវ​អង្ករ ពី ១០ ទៅដល់​ ១៦ ​ខេត្ត បច្ចុប្បន្ន​ក្រុមហ៊ុន អេ​ម​រុ រ៉ា​យ កំពុងមាន​ផែនការ​ពង្រីក​វិសាលភាព​ការ​​វិនិយោគ​របស់ខ្លួន​ទៅ​បណ្តា​ខេត្ត​នៅ​ភាគ​ឦសាន​ដើម្បី​ជួយ​ដល់​កសិករ​នៅ​តំបន់​នោះ​ឱ្យ​ទទួលបាន​ទីផ្សារ ​(​តម្លៃ​ស្រូវ​-​អង្ករ​)​ ល្អ​ប្រសើរ​។

លោក​បន្តថា ដោយ​សារ​ផលិតផល​របស់​ក្រុមហ៊ុន​តែង​ផ្តោតលើ​សុវត្ថិភាព និរន្តរ​ភាព និង​ភាព​ធន់​ការប្រែប្រួល​អាកាសធាតុ ដូច្នេះ​ក្រុមហ៊ុន​តែង​ធ្វើការ​ជាមួយ​កសិករ​តាមរយៈ​កិច្ចសន្យា​កសិកម្ម ដែលជា​យន្តការ​បង្កើន​និរន្តរភាព​និង​បរិ​យា​ប័ន្ន សម្រាប់​កសិករ​ខ្នាតតូច តាមរយៈ​ការអនុវត្ត​ក​សិ​​កម្ម​ឈរលើ​គោលការណ៍​ការ​ពារ​បរិស្ថាន និង​ភាព​ធន់​នៃ​អាកាសធាតុ​។​

​លោក​ប្រាប់ថា​៖ «​យើង​មាន​គម្រោង​បង្កើត​រោង​ម៉ាស៊ីន​កិន​​ស្រូវ និង​ម៉ាស៊ីន​ស​ម្ងួ​ត​នៅ​ខេត្តមណ្ឌលគិរី ដើម្បី​ជំរុញ​តម្លៃ​ស្រូវ​របស់​កសិករ​នៅ​ខេត្តមណ្ឌលគិរី រតនគិរី ក្រចេះ និង​ស្ទឹងត្រែង​»​។​

​លោក​បាន​លើកឡើងថា កិច្ច​សន្យា​កសិកម្ម​មិន​ត្រឹមតែ​ធានាបាន​និរន្តរភាព​ទីផ្សារ និង​ប្រាក់​ចំណូល​ដល់​កសិករ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏មាន​តួនាទី​សំខាន់​ក្នុងការ​ផ្តល់នូវ​វគ្គ​បណ្តុះបណ្តាល​ផ្សេងៗ ដើម្បី​បង្កើន​ជំនាញ និង​ចំណេះដឹង​នៃ​ផលិតកម្ម​ស្រូវ​សរីរាង្គ​ដែល​ទាក់ទង​នឹង​ស្តង់​ដា​សរីរាង្គ ប្រព័ន្ធ​សវនកម្ម​ផ្ទៃក្នុង និង​បច្ចេកទេស ការធ្វើផែនការ ការធ្វើ​ទីផ្សារ សហគ្រិនភាព ផែនការអាជីវកម្ម កំណត់ត្រា​ហិរញ្ញវត្ថុ បច្ចេកវិទ្យា និង​ការ​គ្រប់គ្រង ជាពិសេស គឺ​ស្តង់ដា​នៃ​ការអនុវត្ត​កសិកម្ម​ទាក់ទង​នឹង​ការការពារ​បរិស្ថាន ការ​កាត់​បន្ថយ​បម្រែបម្រួល​អាកាស​​ធាតុ និង​បង្កើន​ភាព​ធន់​។

​លោក​បន្ថែមថា រយៈពេល​ជិត​ ១ ​ទសវត្សរ៍​នៃ​ការអនុវត្ត​គំរូ​អាជីវកម្ម​ផ្តោត​ចម្បង​លើ​កិច្ច​សន្យា​កសិកម្ម​រវាង អេ​ម​រុ រ៉ា​យ ជាមួយ​សហគមន៍​កសិក​ម្ម​ដែលមាន​មូលដ្ឋាន​នៅតាម​បណ្តា​ខេត្ត​មាន​សក្តានុពល​លើ​ការ​ផលិត​ស្រូវ​សរីរាង្គ កសិករ​ខ្នាតតូច​ប្រមាណ​ជាង ៣ ​ម៉ឺន​គ្រួសារ​បានទទួល​ជីវភាព​ល្អប្រសើរ ប្រកបដោយ​និរន្តរភាព​តាមរយៈ​ការធានា​ទីផ្សារ និង​ស្ថិរភាព​ប្រាក់ចំណូល​តាម​រយៈ​ផលិត​កម្ម​ស្រូវ​សរីរាង្គ​សមស្រប​តាម​គោលដៅ​របស់ អេ​ម​រុ រ៉ា​យ​។

​លោក​បន្តថា Amru Rice តែង​ខិតខំ​បង្កើន​សមត្ថភាព​នាំចេញ​អង្ករ និង​ធានា​គុណភាព​ខ្ពស់ សុវត្ថិភាព និង​អនុលោម​តាម​ប្រព័ន្ធ​អភិបាលកិច្ច​ផ្ទៃក្នុង និង​ចូលរួមចំណែក​ដល់​យុទ្ធ​សាស្ត្រ​រយៈពេល​យូរអង្វែង​នៃ​អព្យាក្រឹតភាព​កាបូន ដែល​ដាក់ចេញ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ការអនុវត្ត​នូវ​យុទ្ធសាស្ត្រ​គំរូ​កសិកម្ម​បែប​ថ្មី​របស់ អេ​ម​រុ រ៉ា​យ ជាមួយនឹង​កសិករ ដែល​រំពឹងថា​នឹង​បង្កើន​នូវ​គុណភាព​ដី និង​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ នៅក្នុង​ប្រទេស​កម្ពុជា​។​

​យោងតាម​លោក សារ៉ន ក្នុង​ឆ្នាំ​ ២០២២ គម្រោង​កិច្ចសន្យា​​កសិកម្ម​លើ​ស្រូវ​សរីរាង្គ​ដែល​អនុវត្ត​ដោយផ្ទាល់​ដោយ​ក្រុម​​ហ៊ុន អេ​ម​រុ រ៉ា​យ ត្រូវបាន​ពង្រីក​ដល់​ខេត្ត​គោលដៅ​ជាច្រើន​នៅ​កម្ពុជា ជាពិសេស​គឺ​ខេត្តព្រះវិហារ ដោយ​ចាប់​ដៃគូ​ជាមួយ​សហគមន៍​កសិក​ម្ម​ចំនួន ២១ លើ​ការដាំដុះ​ដំណាំ​ស្រូវ​សរីរាង្គ​ពី​គ្រួសារ​កសិករ​ដែល​ជាស​មា​ជិ​ក ៣ ៥០០​ គ្រួសារ​មាន​វិសាលភាព​ផលិត​លើ​ផ្ទៃដី ១១ ៤០០ ​ហិកតា​។ សម្រាប់​តំបន់​ខ្ពង់រាប ពិសេស​ក្នុង​ខេត្តមណ្ឌលគិរី អេ​ម​រុ រ៉ា​យ បាន​ចាប់​ដៃគូ​ជាមួយ​សហគមន៍​កសិក​ម្ម​ចំនួន​ ៥ ដែល​ស្មើនឹង ៣ ៥០០​ គ្រួសារ​។

​សម្រាប់​ខេត្ត​ភាគ​និរតី ក្រុមហ៊ុន​ក៏បាន​ពង្រីក​ការ​អនុ​វត្ត​កិច្ចសន្យា​កសិកម្ម​ជាមួយ​សហគមន៍​កសិក​ម្ម ១៣ ស្មើ​ ១ ៣០០ គ្រួសារ​នៅក្នុង​ខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ តាកែវ និង​កំពត តាមរយៈ​សាជីវកម្ម​សហ​​គម​ន៍​កសិកម្ម​កម្ពុជា (CACC) ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ អេ​ម​រុ រ៉ា​យ​។ បន្ថែម​ពី​គម្រោង​ស្រូវ​សរីរាង្គ​ដែល អេ​ម​រុ រ៉ា​យ បាន​អនុវត្ត​ដោយផ្ទាល់ ក្រុមហ៊ុន​ក៏បាន​សហការ​ជា​មួយ សហភាព​សហគម​ន៍ក​សិ​កម្ម​ព្រះវិហារ​មានជ័យ លើ​កិច្ចសន្យា​កសិកម្ម​ស្រូវ​សរីរាង្គ ដើម្បី​បន្ថែម​បរិមាណ​ការផលិត​ស្រូវ​សរីរាង្គ​ប្រកបដោយ​គុណ​​ភាព​សម្រាប់​នាំចេញ​។​

​ទិន្នន័យ​ពី​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ​(CRF) បានឱ្យដឹងថា ក្នុង​ឆ្នាំ​ ២០២២ កម្ពុជា​បាន​នាំ​​ចេញ​អង្ករ​ទៅ​ទីផ្សារ​អន្តរជាតិ​សរុប ៦៣៧ ០០៤​ តោន និង​នាំចេញ​ស្រូវ​បាន​ចំនួន ៣ ៤៦៧ ៨៨៦ ​តោន ដែល​គិត​ជា​ទឹកប្រាក់​ប៉ាន់ស្មាន​សរុប​ចំនួន ១ ២៥៥​ លាន​ដុល្លារ​៕