ភ្នំពេញៈ ជាមួយនឹង​ការរីកចម្រើន​ដ៏​ឆាប់រហ័ស​នៃ​ការទូទាត់​តាម​ឌីជីថល​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ជាពិសេស​ចាប់តាំងពី​ការរីក​រាលដាល​ជំងឺ​កូ​វីដ​ ​១៩ ចំនួន​គណនី E-wallet នៅ​កម្ពុជា បាន​កើន​ឡើងដល់​ជិត​ ១៨ ​លាន​នៅ​ចុងខែ​ធ្នូ ឆ្នាំ​ ២០២២ ដែល​ឆ្លុះបញ្ចាំង​អំពី​ការ​អភិវឌ្ឍ​បន្តិច​ម្តងៗ​នៃ​បច្ចេកវិទ្យា​ហិរញ្ញ​វត្ថុ (Fintech) ឆ្ពោះទៅ​សម្រេចបាន​តាម​គោលដៅ​របស់​រាជរដ្ឋាភិបាល​នៃ​ការផ្លាស់ប្តូរ​ទៅជា​សេដ្ឋកិច្ច​ឌីជីថល​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​។​

​បើ​យោងតាម​របាយការណ៍​អភិវឌ្ឍន៍​វិស័យ​ម៉ាក្រូសេដ្ឋកិច្ច និង​ធនាគារ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា (NBC) ក្នុង​ឆ្នាំ ២០២២ និង​ចក្ខុវិស័យ​ក្នុង​ឆ្នាំ ​២០២៣ ប្រព័ន្ធ​ទូទាត់​ត្រូវបាន​បន្តធ្វើ​ទំនើបកម្ម​ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ការទូទាត់ និង​ផ្ទេរប្រាក់​ទាំង​ក្នុងស្រុក​-​អន្តរជាតិ ដោយ​បច្ចុប្បន្ន​គណនី​អ៊ី​វ៉ា​ឡេ​ត (E-wallet)​បាន​កើន​ដល់ ១៧,៩​​ លាន​គណនី​។​

NBC បានឱ្យដឹងថា​៖ «​ការតភ្ជាប់​ក្នុង​តំបន់​ត្រូវបាន​ពង្រីក​ជា​លំដាប់​ជាមួយ​ប្រទេស​ក្នុង​តំបន់​ដែល​សម្រួល​ដល់​អន្តរ​ប្រតិបត្តិការ​រវាង​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ជំរុញ​ពាណិជ្ជកម្ម ការវិនិយោគ និង​ទេសចរណ៍​»​។​

​លោក តូច ចៅ​ចេក អគ្គនាយក​ធនាគារ​ប្រៃសណីយ៍​កម្ពុជា បាន​ប្រាប់​ភ្នំពេញ​​ប៉ុស្ដិ៍​កាលពី​ថ្ងៃទី​ ២២ ខែមករា​ថា ការរីក​ចម្រើន​ដ៏​ឆាប់រហ័ស​នៃ​ការទូទាត់​តាម​ប្រព័ន្ធ​ឌីជីថល​នៅ​ប្រទេស​កម្ពុជា​កំពុង​ផ្លាស់ប្តូរ​បន្តិច​ម្តងៗ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ជាពិសេស​ក្នុងអំឡុង​ពេល​នៃ​ការរីក​រាលដាល​កូ​វីដ​ ១៩ ដែល​បាន​ជួយ​សម្រួល​ដល់​ប្រជាជន​លើ​ការ​ទូទាត់​ទំនិញ និង​សេវាកម្ម​។​

​លោក​ថ្លែងថា​៖ «​ការរីកចម្រើន​ដ៏​ឆាប់​​រហ័ស​នៃ​ការទូទាត់​តាម​ឌីជីថល​បញ្ជាក់ថា ប្រជាជន​យើង​កាន់តែ​ទទួល​បានការ​យល់ដឹង និង​ទម្លាប់​ប្រើប្រាស់ Fintech ជា​មធ្យោបាយ​នៃ​ការទូទាត់​របស់​ពួកគេ​ក្នុង​ជីវិត​ប្រចាំថ្ងៃ​។ នេះ​ក៏​រួមចំណែក​ដល់​ការអភិវឌ្ឍ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ និង​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​កម្ពុជា​»​។

លោក​បាន​បន្ថែមថា បច្ចុប្បន្ន ធនាគារ​របស់​លោកមា​ន​គណនី E-Wallet ជាង ២០០ ០០០​ ដែល​បាន​កើនឡើង​យ៉ាងខ្លាំង​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។​

​លោកស្រី ជា សិរី អគ្គនាយិកា​បច្ចេក​​ទេស​ធនាគារជាតិ​នៃ​កម្ពុជា បានឱ្យដឹង​កាលពី​ខែមិថុនា ឆ្នាំ​ ២០២២ ថា ប្រព័ន្ធ​ទូទាត់​ឌីជីថល​ដែល​រីកចម្រើន​ឆាប់រហ័ស​បាន​ជួយ​សម្រួល​ដល់​លំហូរ​នៃប្រតិបត្តិ​​ការ​ទំនិញ និង​សេវាកម្ម​។ ការធ្វើឱ្យមាន​ការផ្លាស់​ប្តូរ​នេះ​គឺ​បង្ហាញ​ច្បាស់​នៅក្នុង​អំឡុងពេល​នៃ​ការបិទ​ខ្ទប់​ការរីក​រាល​​ដាល​កូ​វីដ ​១៩ កាលពី​ឆ្នាំ​ ២០២១​។​

​លោកស្រី​ក៏​ចង្អុល​បង្ហាញថា ប្រតិបត្តិ​ការទូទាត់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក រួម​ទាំង​ចំនួន​ប្រាក់​ដុល្លារ និង​រូបិយប័ណ្ណ​ក្នុងស្រុក គឺ​ស្មើនឹង​ប្រហែល​ ៣,៨ ​ដង​នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) ឆ្នាំ​ ២០២១ ដែល​បង្ហាញ​ពី​ការ​ប៉ាន់​ប្រ​មាណ GDP ប្រហែល​ ១១០​ ពាន់​ពាន់​លាន​រៀល​សម្រាប់​ឆ្នាំ​ ២០២០​។​

​យោងតាម NBC ប្រតិបត្តិ​ការទូទាត់​តាម​អេឡិចត្រូនិក មានតម្លៃ ៤១៥,៥​ ពាន់​ពាន់​លាន​រៀល (១០២ ​ពាន់​លាន​ដុល្លារ​)​ ត្រូវបាន​ធ្វើឡើង​ទូទាំងប្រទេស​ក្នុង​ឆ្នាំ​ ២០២១ កើន ៣៤,៥​ ភាគរយ ក្នុង​ឆ្នាំ​ ២០២០ ខណៈដែល​ចំនួន​គណនី​e-wallet បាន​កើន​ដល់ ១៣,៦​លាន​-​នាក់ ដែល​ស្មើនឹង​ជាង​៨០​ភាគរយ​នៃ​ចំនួន​ប្រជាជន​សរុប​។ ប្រតិបត្តិការ​ចំនួន ៣៤៣,៨ លាន​ដែលមាន​តម្លៃ​ជិត ២០០ ពាន់​ពាន់​លាន​រៀល ត្រូវបាន​ធ្វើឡើង​តាមរយៈ​គណនី ​e-wallet ចុង​​ក្រោយ​ក្នុង​ឆ្នាំ​ ២០២១ ដែល​តំណាងឱ្យ​ការកើនឡើង​តម្លៃ ១៧,៣ ភាគរយ​ក្នុង​ឆ្នាំ​ ២០២០​។​

​ដោយឡែក​សម្រាប់​ប្រតិបត្តិការ​ឌី​ជី​​ថ​ល​របស់​អេស៊ីលីដា ក្នុង​ឆ្នាំ​ ២០២១ គឺមាន​ចំនួន ១៤៣,៦២៣ ​ពាន់​ពាន់​លាន​រៀល​ (៣៥,០៣០ ​ពាន់​លាន​​ដុល្លារ​) ដែល​ស្មើនឹង​ចំណែក​ទីផ្សារ ៣៤ ​ភាគរយ ហើយ​កម្មវិធី ACLEDA Mobile មាន​អ្នក​ទាញយក​ប្រើប្រាស់​ជាង​ ២,៥ ​លាន​នាក់​គិត​ត្រឹម​ខែឧសភា​ឆ្នាំ ​២០២២៕