ភ្នំពេញៈ កម្ពុជា​រកប្រាក់​បាន​ជិត​​ ២​​ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ​២០២២ ​ពី​ការនាំចេញ​ផលិតផល​ម៉ាស៊ីន ឧបករណ៍​អគ្គិសនី និង​ឧបករណ៍​អេឡិចត្រូនិក​មួយ​ចំ​​នួន​ទៀត កើន​ជិត​ ៨៥ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២១​។ នេះ​បើតាម​ទិន្នន័យ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។​

​តារាង​ស្ថិតិ​ទំនិញ​ពាណិជ្ជកម្ម​នាំចេញ បាន​បង្ហាញថា ក្នុង​ឆ្នាំ​ ២០២២ កម្ពុជា​នាំចេញ​ជំពូក​ទំនិញ​ស្ថិតក្នុង​លេខ​កូដ ២ ​ខ្ទង់ ​(HS ២​ខ្ទង់​) ៨៥ មានដូចជា ម៉ាស៊ីន និង​ឧបករណ៍​អគ្គិសនី និង​បំណែក​ភាគ​របស់​វា​, ឧបករណ៍​ថត និង​ផលិត​សំឡេង​ឡើងវិញ ឧបករណ៍​ថត និង​ផលិត​ទូរទស្សន៍​ឡើងវិញ និង​បំណែក​ភាគ ព្រមទាំង​គ្រឿង​បន្ទាប់បន្សំ​របស់​ឧ​ប​ករ​ណ៍​ទាំងនេះ គឺមាន​ទឹកប្រាក់​សរុប ១ ៩៩៨,១៩៦ ​លាន​ដុល្លារ កើន ៨៤,៨​ ភាគរយ​បើ​ធៀប​ទៅនឹង​ឆ្នាំ​ ២០២១ ដែលមាន​ចំនួន ១ ០៨១,០៩៩​ លាន​ដុល្លារ​។

​ការនាំចេញ​ក្នុង​ឆ្នាំ​ ២០២១ គឺ​ទៅកាន់​អាមេរិក​ចំនួន ៥៤៨,០៣ ​លាន​ដុល្លារ​, ថៃ ១៥៦,៤៦​ លាន​ដុល្លារ និង​ជប៉ុន​ ១២៨,៤៥​ លាន​ដុល្លារ និង​ប្រទេស​មួយចំនួនទៀត​។ សម្រាប់​ចំនួន​ទឹកប្រាក់​នាំចេញ​ឧបករណ៍​ខាងលើ​ធៀប​នឹង​ទឹក​​ប្រាក់​នាំចេញ​សរុប​របស់​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២២ ដែលមាន ២២ ៤៨២,៩៣៧​ លាន​ដុល្លារ ស្មើនឹង ៨,៩​ ភាគរយ​។​

​ដោយឡែក​ខែធ្នូ ឆ្នាំ​ ២០២២ ការនាំចេញ​ឧបករណ៍​ខាងលើ មាន ២៩៨,៤៦៥​ លាន​ដុល្លារ កើន ១២៨,៧​ភាគរយ​ធៀប​ខែ​ធ្នូ ឆ្នាំ​ ២០២១ ដែលមាន​ចំនួន ១៣០,៥១១​ លាន​ដុល្លារ​។ ទោះយ៉ាងណា​តារាង​ស្ថិតិ​ខាងលើ​មិន​បង្ហាញ​ឱ្យដឹងពី​ប្រទេស​ជា​គោលដៅ​នាំចេញ​នោះទេ​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៣ ខែមករា ថា ទោះ​ការនាំចេញ​ក្នុង​វិស័យ​មួយចំនួន​ធ្លាក់ចុះ​ក្នុង​ឆ្នាំ​ ២០២២ ប៉ុន្តែ​សម្រាប់​ការនាំ​​ចេញ​ម៉ាស៊ីន និង​ឧបករណ៍​អគ្គិ​ស​នី អេឡិចត្រូនិក និង​គ្រឿង​បន្ទាប់បន្សំ​មួយចំនួន គឺ​កើន​​ឡើង​រហូត​ជិត​ទ្វេដង​។​

​លោក​បន្តថា មូលហេតុ​ដែល​ជំរុញ​ឱ្យ​ការនាំចេញ​ឧបករណ៍​ទាំងអស់​ខាងលើ​កើនឡើង គឺពាក់ព័ន្ធ​បញ្ហា​មួយចំនួន​ដូចជា ជម្លោះ​ពាណិជ្ជកម្ម និង​ការជាប់​គាំង​នៃ​ចង្វាក់​ផលិតកម្ម​នៅ​ប្រ​​ទេស​មួយចំនួន​ដែល​បណ្តាលមកពី​ជម្លោះ​ភូមិសាស្ត្រ​ន​យោ​បាយ​រវាង​ប្រទេស​ធំៗ​, សង្គ្រាម​ឈ្លានពាន​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន ព្រមទាំង​បញ្ហា​ស្មុគស្មាញ​មួយចំនួនទៀត ដែល​ជំរុញ​ឱ្យ​អ្នក​វិនិយោគ​មួយចំនួន​បង្វែរ​ការ​​បញ្ជា​ទិញ​មក​កម្ពុជា​។ ក្រៅពីនេះ​កម្ពុជា​ក៏​ទទួលបាន​ឱកាស​ទីផ្សារ​ពី​ការចូល​ជាធរ​មាននៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​ចិន និង​កិច្ច​ព្រម​​ព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ ​(RCEP) ព្រម​​ទាំង​ភាពអនុគ្រោះ​ពន្ធ​នាំ​ចូលទៅ​ទីផ្សារ​ធំៗ​មួយចំនួន​ដូចជា អាមេរិក និង​អឺរ៉ុប ជាដើម​។​

​លោក​ថ្លែងថា​៖ «​ការនាំចេញ​ឧបករណ៍​ទាំងនេះ​នឹង​បន្ត​កើន​​ឡើង​ទៀត ព្រោះ​និន្នាការ​នៃ​ការ​​ប្រើប្រាស់​ម៉ាស៊ីន និង​ឧបករណ៍​អគ្គិសនី​​អេឡិចត្រូនិក ព្រម​​ទាំង​កំណើន​នៃ​ការ​ចូលមក​វិ​និ​​យោគ​ទាក់ទង​នឹង​ការផលិត​ឧបករណ៍​ទាំងអស់​ខាងលើ​នៅ​កម្ពុជា​ក៏​កំពុង​កើនឡើង​ដែរ​»​។​

​បន្ថែម​លើ​នេះ​អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភា​​កម្ពុជា លោក ហុង វណ្ណៈ បាន​លើកឡើងថា អ្វីដែល​គួរឱ្យ​កត់​សម្គាល់​នៅពេលនេះ គឺ​ការធ្វើ​ពិពិធ​កម្ម​ទំនិញ​នាំចេញ​របស់​កម្ពុជា ដែលមាន​លក្ខណៈ​កាន់​​តែ​ចម្រុះ និង​ទំហំ​ទឹកប្រាក់​កាន់​​តែ​កើនឡើង ខុសពី​មុន​ដែល​ស្ទើរ​ទាំងស្រុង​ជា​ផលិតផល​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​។​

​នៅពេល​ការផលិត និង​នាំចេញ​មានមុខ​ទំនិញ​កាន់តែច្រើន វា​នឹងធ្វើ​ឱ្យសសរ​គ្រឹះ​សេដ្ឋកិច្ចកម្ពុជា​កាន់​តែ​រឹងមាំ និង​អាចជួយ​ធ្វើឱ្យ​ចក្ខុ​​វិស័យ​របស់​រដ្ឋាភិបាល​ក្នុងការ​ប្រែក្លាយ​កម្ពុជា​ទៅជា​ប្រទេស​រីកចម្រើន​កាន់តែ​ងាយ​សម្រេចបាន​។ លោក​ថា ភាពអំណោយ​​ផល​នៃ​ទីតាំង​ភូមិសាស្ត្រ ស្ថិរ​​ភាព​នយោបាយ ការធ្វើ​បច្ចុប្បន្ន​​ភាព​ច្បាប់​វិនិយោគ និង​ការចូល​ជាធរ​មាននៃ​កិច្ចព្រមព្រៀង​ពា​ណិ​ជ្ជ​កម្ម​ជាមួយ​ប្រទេស​ដៃគូ​ទាំងអស់ នឹង​ធ្វើឱ្យ​ការនាំចេញ​ទំនិញ​របស់​កម្ពុជា​កើនឡើង​។​

​លោក​អះអាងថា​៖ «​ដោយ​​សារ​កម្ពុ​ជាមាន​ទីផ្សារ​ទទួល​ទិញ​កាន់តែច្រើន ហើយ​ចំនួន​រោងចក្រ​/​សហគ្រាស​ផលិត​ឧបករណ៍​ទាំងនេះ​មាន​កាន់តែច្រើន ដូច្នេះ​ការនាំចេញ​ប្រាកដជា​បន្ត​កើនឡើង​»​។​

​រដ្ឋាភិបាល​អាមេរិក កាលពីដើម​ខែមិថុនា ឆ្នាំ​ ២០២២ បានប្រកាស​លើកលែង​ពន្ធគយ​ការ​​នាំចូល​បន្ទះ​សូ​ឡា​រយៈពេល​ ២ ឆ្នាំ​ពី​ប្រទេស​ក្នុង​តំបន់​អាស៊ាន រួមមាន កម្ពុជា​, ថៃ​, ម៉ាឡេស៊ី​, និង​វៀតណាម​៕