​ភ្នំពេញៈ គ្រាប់ពោត​ប្រមាណ​ជាង ១៦​​ ម៉ឺន​តោន​ត្រូវបាន​នាំ​​ចេញទៅ​ទីផ្សារ​អន្តរជាតិ​ក្នុង​រយៈពេល ១១ ​ខែ ឆ្នាំ​ ២០២២ ធ្លាក់ចុះ​ជាង ៨​ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ ដែល​ភាគច្រើន​ត្រូវបាន​នាំទៅ​ប្រទេសជិតខាង​ទាំង ២ គឺ ថៃ និង​វៀតណាម​។​

​របាយការណ៍​នាំចេញ​ផលិត​ផល​កសិកម្ម​រយៈពេល ១១ ​ខែ ឆ្នាំ​ ២០២២ ពី​ក្រសួងកសិកម្ម ឱ្យដឹងថា ចាប់ពី​ខែមករា​​វិច្ឆិកា ឆ្នាំ​ ២០២២ ការនាំចេញ​គ្រាប់​ពោត​សម្រេចបាន​ក្នុង​បរិមាណ ១៦៣ ៦៧៣,៩៦ ​តោន ធ្លាក់​ចុះ ៨,០៨ ​ភាគរយ​បើ​ធៀប​រយៈពេល ១១ ​ខែ ឆ្នាំ​ ២០២១ ដែលមាន ១៧៨ ០៦៩,៣៤​ តោន​។ ទីផ្សារ​សំខាន់ៗ​ដែល​ទទួល​ទិញ​គ្រាប់ពោត​ពី​កម្ពុជា គឺ​ប្រទេសជិតខាង​ (​វៀតណាម និង​ថៃ​) មាន​បរិមាណ ១៦២ ៧៥២,៣០​តោន និង​ប្រទេស​​ចិន ៩២១,៦៦ ​តោន​។​

​យោងតាម​ក្រសួងកសិកម្ម សម្រាប់​រយៈពេល ១១ ​ខែ ឆ្នាំ​ ២០២២ ការនាំចេញ​កសិផល​ទៅ​ក្រៅប្រទេស មាន​សរុប ៥ ២២២ ០៥៦,១៩​ តោន​។​

​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​បាត់ដំបង លោក គឹម ហួត បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នា​ចុង​សប្តាហ៍​មុន​ថា សម្រាប់​បរិមាណ​គ្រាប់​​ពោត ​(​ក្រហម​)​ ដែល​នាំ​ចេញទៅ​ប្រទេស​ថៃ តាម​បណ្តា​ស្រុក​នៅ​ខេត្តបាត់ដំបង កាលពី​ឆ្នាំ​ ២០២២ គឺ​ធ្លាក់ចុះ​បន្តិចបន្តួច​បើ​ធៀប​នឹង​ឆ្នាំ​ ២០២១ ប៉ុន្តែ​តម្លៃ គឺ​កើនឡើង​ប្រហែល ២០​ ភាគរយ ដោយសារ​មាន​តម្រូវ​ការ​ខ្ពស់​នៅ​ប្រទេស​ថៃ​។ លោក​បាន​បន្តថា សម្រាប់​ឆ្នាំ​ ២០២២ កន្លងមក ដំណាំ​ពោត គឺមាន​ផ្តល់​ផលចំណេញ​ច្រើន​ទៅដល់​ប្រជាកសិករ​។​

​លោក​អះអាងថា​៖ «​ដោយ​មិន​និយាយ​ទាក់ទង​នឹង​កត្តា​អាកាសធាតុ និង​គ្រោះធម្មជាតិ​ផ្សេងៗ ខ្ញុំ​គិតថា ដំណាំ​ពោត​នឹងមាន​សក្តានុពល​កាន់តែ​ខ្លាំង​សម្រាប់​ការនាំចេញ​ចាប់ពីពេលនេះ​តទៅ​»​។​

​យោងតាម​លោក គឹម ហួត ជាធម្មតា​ពោតក្រហម​នៅ​ខេត្ត​​បាត់ដំបង និង​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ថៃ​ប្រហែល ៨០ ​ភាគរយ​ត្រូវបាន​ឈ្មួញ​ប្រមូល​ទិញ​ទៅ​លក់​បន្ត​នៅ​ប្រទេស​ថៃ ខណៈ​សល់​តិចតួច​សម្រាប់​ប្រើប្រាស់​ក្នុងស្រុក​ (​ធ្វើ​ចំណី​សត្វ​)​។​

​ទាក់ទង​នឹង​ការដាំដុះ លោក គឹម ហួត ប្រាប់ថា ការដាំដុះ​គឺ​មិនមាន​ភាពច្បាស់លាស់​ទេ ដោយសារ​កសិករ​តែង​តែ​ដាំពោត ឆ្លាស់គ្នា​ជាមួយ​ដំឡូង​មី ពោលគឺ​ឆ្នាំ​ខ្លះ​ដាំពោត​ច្រើន និង​ឆ្នាំ​ខ្លះ​ដាំដំឡូង​មី​ច្រើន​។​

​ម្ចាស់​សៃ​ឡូ​មួយកន្លែង​នៅក្នុង​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង លោកស្រី ចាន់ មួយ បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ យ៉ាងខ្លី​ថា ពេលនេះ​កន្លែង​របស់លោក​ស្រី​មិន​មាន​ពោតក្រហម​នៅសល់​ទេ​ដោយ​លក់​អស់​ប្រហែល ១ ​ខែ​មកហើយ​។

​សម្រាប់​តម្លៃ​ពោត​​ក្រហម​ក្នុង​ឆ្នាំ​ ២០២២ កន្លងមក​គឺ​កើនឡើង​ច្រើន​បើ​ធៀប​នឹង​ឆ្នាំ​ ២០២១​។​

​ទិន្នន័យ​ពី​មន្ទីរ​កសិកម្ម​ខេត្ត​បាត់ដំបង ឱ្យដឹងថា នៅក្នុង​ឆ្នាំ​ ២០២២ ខេត្តបាត់ដំបង មាន​ផ្ទៃដី​ដាំ​ដុះ​ពោត ១១៦ ៦៩៩ ​ហិកតា ក្នុងនោះ​ខូចខាត​ចំនួន ៥ ៣៣១​ ហិកតា និង​ប្រមូល​ផល​សរុប​បាន ៦៤៩ ៣២៨​ តោន ខណៈ​កាលពី​ឆ្នាំ ​២០២១ ផ្ទៃដី​ដាំពោត មាន ៥៣ ៣៥២ ​ហិកតា ខូចខាត ៣ ៣៨៨​ ហិ​ក​​តា និង​ប្រមូល​ផល​បាន ២៨៥ ៤១៤ ​តោន​៕