ភ្នំពេញៈ កម្ពុជា មានផែនការប្រកបដោយមហិច្ឆតាក្នុងការប្រែក្លាយខ្លួនទៅជាមជ្ឈមណ្ឌលផលិតរថយន្ត និងគ្រឿងបង្គុំអេឡិចត្រូនិកសម្រាប់នាំចេញទៅទីផ្សារក្នុងតំបន់ និងពិភពលោក ដោយទាក់ទាញការវិនិយោគបន្ថែម និងជំរុញការនាំចេញឱ្យលើសពី ២ ពាន់លានដុល្លារនៅត្រឹមឆ្នាំ ២០២៧។
យោងតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា ដែលផ្តួចផ្ដើមឡើងដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងចេញផ្សាយជាសាធារណៈ កាលពីថ្ងៃទី ២៣ ខែមករា វិស័យយានយន្តនៅកម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ ការនាំចេញផ្នែកយានយន្តប្រចាំឆ្នាំជាមធ្យមនៅក្នុងអំឡុងឆ្នាំ ២០១៦ ដល់ឆ្នាំ ២០១៩ បានកើនឡើងទ្វេដងនៃការនាំចេញចន្លោះពីឆ្នាំ ២០០៩-២០១២ ដែលត្រូវបានជំរុញដោយកម្រិតការវិនិយោគបរទេសកាន់តែខ្ពស់។
CDC បានឱ្យដឹងថា បច្ចុប្បន្នប្រទេសជប៉ុនគឺជាប្រភពសំខាន់នៃការវិនិយោគលើវិស័យយានយន្តនៅកម្ពុជា ខណៈទីផ្សារនាំ ចេញសំខាន់ៗរួមមានប្រទេសថៃ និងជប៉ុន។CDC ត្រូវបានដកស្រង់សម្តីក្នុងផែនទីបង្ហាញផ្លូវថា ផែនទីបង្ហាញផ្លូវនេះមានចក្ខុវិស័យប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលប្រមូលផ្តុំសកម្មភាពផលិតគ្រឿងបង្គុំយានយន្ត និងបរិក្ខារអេឡិចត្រូនិកសម្រាប់នាំចេញទៅទីផ្សារក្នុងតំបន់ និងពិភពលោក ដោយចាប់ផ្តើមពីការផលិតគ្រឿងបង្គុំ និងបរិក្ខារសាមញ្ញៗឈានឆ្ពោះទៅកសាងប្រព័ន្ធអេកូឡូស៊ីនៃអ្នកផ្គត់ផ្គង់គ្រឿងបង្គុំយានយន្ត និងបរិក្ខារអេឡិចត្រូនិក ដែលប្រើប្រាស់ជំនាញ និងមានតម្លៃបន្ថែមខ្ពស់សម្រាប់រយៈពេលវែង។
លោកបន្តថា ដើម្បីសម្រេចចក្ខុវិស័យនេះ ផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា បានកំណត់នូវវិធានការគន្លឹះជាអាទិភាពចំនួន ២០ តាមផ្នែកចំនួន ៥ រួមមាន យុទ្ធសាស្ដ្រ និងការសម្របសម្រួលអន្តរស្ថាប័ន, ធនធានមនុស្ស និងនវានុវត្តន៍, ហេដ្ឋារចនាសម្ព័ន្ធ, កិច្ចសម្រួលពាណិជ្ជកម្ម, និងបរិយាកាសធុរកិច្ច និងវិនិយោគ។
លោកថ្លែងថា៖ «ខ្ញុំជឿយ៉ាងមុតមាំប្រកបដោយសុទិដ្ឋិនិយមថា ផែនទីបង្ហាញផ្លូវនេះនឹងក្លាយជាឯកសារគោលដ៏មានសារៈសំខាន់ដែលនឹងជួយតម្រង់ទិសការងារ និងការចូលរួមចំណែករបស់ក្រសួងស្ថាប័ន វិស័យឯកជន និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅក្នុងការជំរុញការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា។ ទន្ទឹមនឹងនេះ ដើម្បីធានាថា បញ្ហារាំងស្ទះនានាត្រូវបានដោះស្រាយប្រកបដោយប្រសិទ្ធភាព និងទាន់ពេល គឺចាំបាច់ត្រូវតែមានការចូលរួមសហការយ៉ាងជិតស្និទ្ធប្រកបដោយស្មារតីម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់ពីគ្រប់អង្គភាពពាក់ព័ន្ធ»។
លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ត្រូវបានដកស្រង់សម្ដីនៅក្នុងផែនទីបង្ហាញផ្លូវនេះ ដោយលើកឡើងថា តាមរយៈការដាក់ចេញផែនទីបង្ហាញផ្លូវនេះ កម្ពុជាអាចទាញយកអត្ថប្រយោជន៍ជាអតិបរមាពីកាលានុវត្តភាពបង្កើតដោយនិន្នាការចម្បងៗ ដែលនឹងផ្លាស់ប្តូរខ្សែចង្វាក់តម្លៃនាពេលខាងមុខ ព្រមទាំងការធ្វើទំនើបកម្ម និងពិពិធកម្មមូលដ្ឋានឧស្សាហកម្ម ទៅរកសកម្មភាពផលិតកម្មថ្មី ដែលមានតម្លៃបន្ថែមខ្ពស់ និងបង្កើនជំនាញព្រមទាំងឯកទេសកម្មនៃកម្លាំងពលកម្មកម្ពុជាផងដែរ។
លោកថ្លែងថា៖ «ខ្ញុំជឿយ៉ាងមុតមាំថា ផែនទីបង្ហាញផ្លូវនេះ នឹងក្លាយជាមគ្គុទេសក៍សំខាន់សម្រាប់ជំរុញការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិក សំដៅរួមចំណែកអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជាប្រកបដោយភាពធន់ ចីរភាព និងបរិយាប័ន្ន»។
យោងតាមផែនទីបង្ហាញផ្លូវនេះ ការនាំចេញគ្រឿងបង្គុំយានយន្តបានកើនឡើងជាង ៣ ដង ពី ៦០ លានដុល្លារក្នុងឆ្នាំ ២០១៥ ដល់ ២០០ លានដុល្លារ ក្នុងឆ្នាំ ២០១៩ ខណៈការនាំចេញបរិក្ខារអេឡិចត្រូនិកបានកើនឡើង ២០ ភាគរយក្នុង ១ ឆ្នាំពីប្រមាណ ៤០០ លានដុល្លារនៅក្នុងឆ្នាំ ២០១៥ ដល់ប្រមាណ ៩០០ លានដុល្លារក្នុងឆ្នាំ ២០១៩។
ផែនទីបង្ហាញផ្លូវនេះគឺមានគោលដៅបង្កើនទំហំនាំចេញនៅក្នុងវិស័យយានយន្តប្រមាណ ៥០០ លានដុល្លារ និងនៅក្នុងវិស័យអេឡិចត្រូនិកប្រមាណ ១,៦ ពាន់លានដុល្លារនៅត្រឹមឆ្នាំ ២០២៧ និងបង្កើតការងារថ្មីនៅក្នុងវិស័យយានយន្តប្រមាណ ១០ ០០០ កន្លែង និងនៅក្នុងវិស័យអេឡិចត្រូនិកប្រមាណ ១៦ ០០០ កន្លែងនៅត្រឹមឆ្នាំ ២០២៧ ផងដែរ៕