
បុរសម្នាក់ជិះម៉ូតូកាត់ពីមុខទីស្នាក់ការរបស់ CSX។ ហេង ជីវ័ន
ភ្នំពេញៈ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) បានអះអាងថា នឹងទទួលបានក្រុមហ៊ុនឯកជនធ្វើការចុះបញ្ជីប្រមាណ ៣ ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៣ នេះដែលឆ្លុះបញ្ចាំងពីការរីកលូតលាស់នៃផ្សារមូលបត្រ ហើយនឹងកាន់តែបង្ហាញសាធារណជនឱ្យឃើញច្បាស់ថា កន្លែងនេះ គឺជាប្រភពទុនថ្មីមួយទៀតសម្រាប់បណ្តាសហគ្រាស និងក្រុមហ៊ុននានាកៀរគរទុនដើម្បីពង្រីកអាជីវកម្ម។
ថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ២៤ ខែមករា លោក ហុង សុហួរ អគ្គនាយក CSX បានឱ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនមកពីវិស័យអប់រំ គឺក្រុមហ៊ុន Mengly J Quach Education Plc (MJQE) របស់វិនិយោគិនក្នុងស្រុក គឺកំពុងរៀបចំខ្លួនធ្វើការបោះផ្សាយមូលបត្រកម្មសិទ្ធិក្នុងពេលឆាប់ៗនេះ ខណៈមានក្រុមហ៊ុនចំនួន ២ ផ្សេងទៀតមកពីវិស័យហិរញ្ញវត្ថុ និងទូរគមនាគមន៍ ក៏គ្រោងនឹងធ្វើការបោះផ្សាយសញ្ញាបណ្ណនៅក្នុងត្រីមាសទី ១ ឆ្នាំនេះដែរ។
លោកនិយាយថា៖ «សម្រាប់ត្រីមាសទី ១ ឆ្នាំនេះ ខ្ញុំនឹងទទួលបានក្រុមហ៊ុន ២ ឬ ៣ ដែលធ្វើការបោះផ្សាយមូលបត្រកម្មសិទ្ធិ និងមូលបត្របំណុលដែលក្រុមហ៊ុនទាំងនោះមកពីវិស័យអប់រំ ហិរញ្ញវត្ថុ និងទូរគមនាគមន៍។ យើងរំពឹងថានឹងទាក់ទាញក្រុមហ៊ុនធំៗចូលមកធ្វើការបោះផ្សាយមូលបត្រកម្មសិទ្ធិ ឬមូលបត្រសាជីវកម្ម ឬបៃតងដើម្បីធ្វើការកៀរគរមូលនិធិបន្ថែមសម្រាប់ពង្រីកអាជីវកម្មរបស់ពួកគេ»។
ក្រុមហ៊ុន Mengly J. Quach Education PLC (MJQE) ដែលគ្រប់គ្រងសាលាអន្តរទ្វីបអាមេរិកាំង (AIS) របស់លោក គួច ម៉េងលី គ្រោងនឹងចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា (CSX) ក្នុងខែមករានេះ ដើម្បីប្រមូលមូលនិធិបន្ថែមសម្រាប់ពង្រីកអាជីវកម្មរបស់ខ្លួន និងបំពេញតាមគោលដៅក្នុងការបង្កើតសាខាឱ្យបានចំនួន ១៦០ នៅទូទាំងប្រទេស។
លោក គួច ម៉េងលី បានប្រាប់ភ្នំពេញប៉ុស្តិ៍ថ្មីៗនេះថា លោកមានផែនការក្នុងការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈ (IPO) កាលពីប៉ុន្មានឆ្នាំមុន ប៉ុន្តែដោយសារការរីករាលដាលជំងឺកូវីដ ១៩ ទើបក្រុមហ៊ុនសម្រេចពន្យារពេលរហូតដល់ពេលនេះ។
លោកលើកឡើងថា៖ «គោលបំណងដ៏សំខាន់ គឺការប្រមូលមូលនិធិដើម្បីពង្រីកសាលារៀនបន្ថែមទៅកាន់តំបន់ដែលប្រជាជនចង់ឱ្យយើងទៅ ហើយយើងមានផែនការបង្កើតសាលាជាង ១០០ ដោយឥឡូវយើងមាន ១៥ សាខារួចទៅហើយ ដូច្នេះយើងមានផែនការពង្រីកឱ្យបាន ១៦០ សាខា ទៅកាន់មូលដ្ឋាន ២៥ ខេត្តក្រុង»។
ជាមួយនឹង IPO នេះ លោក ម៉េងលី ប្រាប់ឱ្យដឹងថា លោកគ្រោងនឹងចេញលក់ភាគហ៊ុនជុំទី ២ និង ៣ ហើយសម្រាប់ជុំទី ១ លោកគ្រោងនឹងចេញលក់ភាគហ៊ុនចន្លោះពី ៦ ទៅ ១០ ភាគរយនៃជុំទី ១ ប៉ុណ្ណោះ និងច្រើនបំផុត២០ភាគរយនៃភាគហ៊ុនក្រុមហ៊ុនទាំងមូល។
លោក ហុង សុហួរ បានលើកឡើងថា គិតមកដល់ពេលនេះ CSX ពុំទាន់ទទួលបានឯកសារផ្លូវការនៃការស្នើសុំបោះផ្សាយពីក្រុមហ៊ុន MJQE នៅឡើយទេ ប៉ុន្តែគ្រាន់តែបានធ្វើការជាលក្ខណៈក្រៅផ្លូវការមួយចំនួនធំរួចហើយ។
បើយោងតាមលោក សុហួរ គិតមកត្រឹមថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៣ CSX មានក្រុមហ៊ុនចុះបញ្ជីចំនួន ១៨ ដែលរួមមានក្រុមហ៊ុនចំនួន ៩ បានចុះបញ្ជីជាភាគហ៊ុន និង ៩ ចុះបញ្ជីជាសញ្ញាបណ្ណសាជីវកម្ម។ ក្រុមហ៊ុនទាំង ១៨ នេះបានប្រមូលទុនពីផ្សារមូលបត្រប្រមាណ ៣១៧ លានដុល្លារ។ ទន្ទឹមនឹងការកើនឡើងនៃចំនួនក្រុមហ៊ុនចុះបញ្ជី បរិមាណ និងទំហំជួញដូរភាគហ៊ុនប្រចាំថ្ងៃជាមធ្យមក៏មានការកើនឡើងជាលំដាប់ផងដែរ។ ជាក់ស្តែងនៅក្នុងឆ្នាំ ២០២២ ទំហំជួញដូរប្រចាំថ្ងៃជាមធ្យមមានប្រមាណ ៥០ ម៉ឺនដុល្លារ និងចំនួនគណនីជួញដូរបានកើនឡើងដល់ទៅ ៣៦ ០០០ គណនី៕