
ទិដ្ឋភាពរាជធានីភ្នំពេញ។ កំណើនសេដ្ឋកិច្ចកម្ពុជានៅក្នុងឆ្នាំនេះ នឹងសម្រេចបានក្នុងរង្វង់ ៥,៦ ភាគរយ។ ហេង ជីវ័ន
ភ្នំពេញៈ ការព្យាករចុងក្រោយបំផុតរបស់រាជរដ្ឋាភិបាលបានបង្ហាញថា ក្នុងឆ្នាំ ២០២៣ នេះសេដ្ឋកិច្ចកម្ពុជានឹងបន្តនិន្នាការកើនឡើងក្នុងរង្វង់ ៥,៦ ភាគរយ ធ្លាក់ចុះពី ៦,៦ ភាគរយនៃការព្យាករកាលពីអំឡុងខែតុលា ឆ្នាំ ២០២២ ដោយសារតែភាពមិនប្រាកដប្រជានៃកំណើនសេដ្ឋកិច្ចសកលដែលបណ្តាលពីសង្គ្រាមរវាងរុស្ស៊ីអ៊ុយក្រែន ការប្រែប្រួលអាកាសធាតុ និងការអូសបន្លាយពេលការឆ្លងរាលដាលជំងឺកូវីដ ១៩។
ថ្លែងក្នុងវេទិកាសាធារណៈស្តីពី «ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ ២០២៣» នាថ្ងៃទី ២៥ ខែមករា លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យដឹងថា ទោះបីឆ្នាំ ២០២៣ នេះវិបត្តិនៃជំងឺកូវីដ ១៩ មានភាពធូរស្រាល ប៉ុន្តែវិបត្តិបង្កឡើងពីសង្គ្រាមរវាងរុស្ស៊ីអ៊ុយក្រែន និងវិបត្តិអាកាសធាតុ គឺកំពុងបង្កឱ្យមានផលប៉ះពាល់ខ្លាំងដល់កំណើនសេដ្ឋកិច្ចសកល។ ក្នុងនោះប្រទេសធំៗដែលទទួលទិញទំនិញពីកម្ពុជាដូចជា អាមេរិក អឺរ៉ុប និងចិន ក៏ជួបនឹងស្ថានភាពដ៏អាក្រក់ខាងលើដែរ។
លោកបន្តថា ទោះយ៉ាងណាកម្ពុជាដែលជាប្រទេសកំពុងអភិវឌ្ឍន៍ក៏កំពុងខំយ៉ាងខ្លាំងក្នុងការចាប់យកឱកាសពីវិបត្តិនេះ និងនៅតែបន្តរក្សាចក្ខុវិស័យរបស់ខ្លួនក្នុងការក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០។ កាលពីឆ្នាំ ២០២២ កំណើនសេដ្ឋកិច្ចកម្ពុជាសម្រេចបានក្នុងរង្វង់ ៥,២ ភាគរយ។
លោកបានថ្លែងថា៖ «នៅចំពោះមុខដ៏លំបាកនេះយើងត្រូវតែកាត់បន្ថយឱ្យបានជាអតិបរមាពីផលប៉ះពាល់ជាអវិជ្ជមាន ហើយចាប់យកឱកាសដើម្បីភាពរីកចម្រើន ព្រោះរាល់វិបត្តិ គឺសុទ្ធតែជាឱកាស»។
លោកបន្ថែមថា៖ «ឆ្នាំ ២០២៣ នេះពីមុនយើងគ្រោង ៦,៦ ភាគរយ ប៉ុន្តែឥឡូវតាមការវាយតម្លៃចុងក្រោយ គឺយើងនៅសល់ត្រឹម ៥,៦ ភាគរយ។ នេះជាលេខថ្មីរបស់យើង ដែលសម្តេចតេជោអនុម័តឱ្យប្រើ»។
លោកបានបន្ថែមថា៖ «អត្រាកំណើននេះបើធៀបទៅនឹងកំណើនសេដ្ឋកិច្ចសកល ដែលមានត្រឹមតែ ២,៧ ភាគរយ គឺយើងមិនតិចទេ»។
លោកប្រាប់ទៀតថា ភាពរឹងមាំនៃកំណើនសេដ្ឋកិច្ចកម្ពុជានៅពេលនេះ ក៏ដោយសារផលិតផលនាំចេញរបស់កម្ពុជាកាន់តែមានពិពិធកម្មល្អជាងមុន គឺមិនមែនពឹងខ្លាំងលើផលិតផលវាយនភណ្ឌដូចមុនទៀតឡើយ។
យោងតាមឯកសារក្រសួងសេដ្ឋកិច្ច ស្តីពី «ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២២-២០២៣» គឺវិស័យកាត់ដេរ រំពឹងមានកំណើនថមថយ ប៉ុន្តែនៅតែអាចរក្សាបានកំណើនវិជ្ជមាននៅក្នុងរង្វង់ ៥,៥ ភាគរយ, វិស័យកម្មន្តសាលមិនមែនកាត់ដេរ នឹងបន្តកំណើនរង្វង់ ១១,៧ ភាគរយ (ដោយសារភាពរឹងមាំនៃការនាំចេញផលិតផលមួយចំនួន ដូចជា គ្រឿងសង្ហារិម,សូឡា និងគ្រឿងបង្គុំអេឡិចត្រូនិក ជាដើម), វិស័យសំណង់ និងអចលនទ្រព្យ បន្តកើនក្នុងរង្វង់ ១,១ ភាគរយ និង ១,២ ភាគរយ, វិស័យកសិកម្មនឹងបន្តរក្សានិន្នាការល្អប្រសើរក្នុងរង្វង់ ១,១ ភាគរយ, វិស័យទេសចរណ៍ (សណ្ឋាគារ និងភោជនីយដ្ឋាន) កើនក្នុងរង្វង់ ៣២,៧ ភាគរយ, និងវិស័យលក់ដុំរាយ អាចមានកំណើន ៦,៥ ភាគរយ។ ចំណែកអត្រាអតិផរណា ក្នុងឆ្នាំ ២០២៣ នេះរំពឹងថានឹងថមថយមកវិញក្នុងរង្វង់ ៣,២ ភាគរយ ដោយសារការរំពឹងទុកការត្រឡប់រកប្រក្រតីភាពវិញជាបណ្តើរៗនៃថ្លៃទំនិញ ជាពិសេសថ្លៃប្រេង។
ទោះជាយ៉ាងណា ក្រសួងសេដ្ឋកិច្ច បានព្រមានថា ទស្សនវិស័យសេដ្ឋកិច្ចកម្ពុជាក៏ប្រឈមនឹងហានិភ័យ និងភាពមិនប្រាកដប្រជាដែលបណ្តាលមកពីកត្តាមួយចំនួនដូចជា ការកើនឡើងភាពតានតឹងភូមិសាស្ត្រនយោបាយតំបន់ និងសកល, ការថមថយសេដ្ឋកិច្ចសកល, ការបន្តរឹតបន្តឹងយូរជាងការរំពឹងទុកនៃគោលនយោបាយរូបិយវត្ថុ ជាពិសេសសហរដ្ឋអាមេរិក និងការកើនឡើងថ្លៃរូបិយប័ណ្ណដុល្លារ ដែលអាចប៉ះពាល់ដល់លំហូរទុនវិនិយោគ និងពាណិជ្ជកម្ម, ការកើនឡើងសម្ពាធបំណុល ជាពិសេសក្នុងប្រទេសមានសេដ្ឋកិច្ចកំពុងរីកលូតលាស់, ការបែកខ្ញែកនៃសេដ្ឋកិច្ចសកលដែលនឹងប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការ, បម្រែបម្រួលអាកាសធាតុគ្រោះធម្មជាតិ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង កាលពីពេលថ្មីៗនេះបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា សេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២៣ នេះនឹងល្អជាងឆ្នាំ ២០២២ ព្រោះលោកសង្កេតឃើញថា កំណើនការបណ្តាក់ទុនកំពុងបង្ហាញសញ្ញាវិជ្ជមានជាបន្តបន្ទាប់។ មូលហេតុដែលជំរុញឱ្យមានភាពវិជ្ជមាននេះគឺដោយសារ ទី១ ការប្រកាសដាក់ចេញជាបន្តបន្ទាប់គោលនយោបាយរបស់រដ្ឋាភិបាលក្នុងការទាក់ទាញអ្នកវិនិយោគឱ្យមកបណ្តាក់ទុននៅកម្ពុជា និងការកើនឡើងនៃសមត្ថភាពផលិតក្នុងស្រុក និងទី២ ការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជាចិន, កម្ពុជាកូរ៉េ និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលធ្វើឱ្យកម្ពុជាមានទីផ្សារនាំចេញកាន់តែធំ។
លោកបញ្ជាក់ថា៖ «ខ្ញុំគិតថា ការបើកប្រទេសឡើងវិញបានឆាប់រហ័ស (ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២១) និងការទទួលបានកំណើនវិនិយោគិននិងទេសចរជាបន្តបន្ទាប់ នឹងជួយឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២៣ នេះកាន់តែល្អជាងឆ្នាំ ២០២២»។
បើតាមលោក វង្សី វិស្សុត នៅក្នុងឆ្នាំ ២០២៣ នេះតំបន់អាស៊ានទាំងមូលនឹងមានកំណើនសេដ្ឋកិច្ចល្អបើធៀបនឹងអត្រាកំណើនសេដ្ឋកិច្ចសកល ព្រោះជម្លោះភូមិសាស្ត្រនយោបាយរបស់ប្រទេសមហាអំណាចធំៗ បាននិងកំពុងជំរុញឱ្យមានគម្រោងវិនិយោគជាច្រើនបង្វែរទិសដៅមកកាន់តំបន់មួយនេះ។
ធនាគារពិភពលោក (WB) កាលពីថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២២ បានព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងកើនដល់ ៤,៨ ភាគរយក្នុងឆ្នាំ ២០២២ និងនៅឆ្នាំ ២០២៣ កំណើនសេដ្ឋកិច្ចនឹងកើនឡើងដល់ ៥,២ ភាគរយ ដោយសារតែការកើនឡើងនៃការជួលដែលគាំទ្រដល់កំណើននៃការប្រើប្រាស់ក្នុងស្រុក និងអតិផរណាធ្លាក់ចុះ៕