ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​បារាំង​បាន​លើកទឹកចិត្ត​ឱ្យ​វិនិយោគិន និង​ធុរជន​របស់ខ្លួន​បង្កើន​ការវិនិយោគ និង​បណ្តាក់ទុន​រកស៊ី​នៅ​កម្ពុជា ដោយសារតែ​ការរីកលូតលាស់​យ៉ាង​ឆាប់រហ័ស​នៃ​សេដ្ឋកិច្ច និង​ការកើនឡើង​នៃ​ប្រាក់ចំណូល​របស់​ប្រជាជន​ខ្មែរ គួបផ្សំ​នឹង​បរិយាកាស​វិនិយោគ​ដែលមាន​លក្ខណៈ​ល្អប្រសើរ​។​

​លោក Olivier Becht រដ្ឋមន្ត្រី​ប្រតិភូ​នៃ​ក្រសួង​អឺរ៉ុប និង​ការបរទេស​បារាំង ទទួលបន្ទុក​ពាណិជ្ជកម្ម​ក្រៅប្រទេស​បាន​ដឹកនាំ​គណៈប្រតិភូ និង​ធុរជន​បារាំង​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា ​ពីថ្ងៃ​ទី ២៤-២៥ ខែមករា ដែល​អមដំណើរ​ដោយ​គណៈប្រតិភូ​ធុរជន​ដឹកនាំ​ដោយ​សហព័ន្ធ​ធុរកិច្ច​បារាំង MEDEF International និង Business France នៅក្នុង​គោលបំណង​បង្កើន​ទំនាក់ទំនង​ការទូត និង​ធុរកិច្ច​រវាង​ប្រទេស​ទាំង​ ២​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក​រដ្ឋមន្ត្រី​ប្រតិភូ​មាន​ជំនួប​ផ្សេងៗ​ជាមួយ​សហគមន៍​បារាំង​នៅ​កម្ពុជា ពិសេស​តំណាង​សហគមន៍​ធុរកិច្ច​បារាំង​ដ៏​រស់​រវើក​។ មាន​ពលរដ្ឋ​បារាំង​ប្រមាណ ៥ ០០០​ នាក់​កំពុង​រស់នៅ​កម្ពុជា បាន​ចុះបញ្ជី​នៅ​ស្ថានទូត​។​

​ក្នុងជំនួប​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន នា​វិមាន​សន្តិភាព​នៅ​ថ្ងៃទី ​២៥​ មករា លោក Olivier Becht បានឱ្យដឹង​តាមរយៈ​លោក អ៊ាង សុផល្លែត ដែលជា​ជំនួយការ​ផ្ទាល់​របស់លោក​នាយករ​ដ្ឋ​មន្ត្រី​ថា គណៈប្រតិភូ​វិនិយោគ​បារាំង​មាន​ជំនឿ​លើ​ការវិនិយោគ​នៅ​កម្ពុជា ដោយ​ឈរលើ​មូល​ហេតុថា កម្ពុជា​បានចាប់ផ្តើម​ពី​ចំណុចសូន្យ ហើយ​បាន​បំបែក​ឯកទគ្គកម្ម​លើ​អត្រាកំណើន​សេដ្ឋកិច្ច​៧​ភាគរយ​ក្នុង​រយៈពេល​ ២០​ ឆ្នាំ​, កម្ពុជា​បន្តធ្វើ​កំណែទម្រង់​ដែល​បង្ក​បរិយាកាស​ល្អ​សម្រាប់​ការវិនិយោគ​, កម្ពុជា កំពុងមាន​ប្រជាពលរដ្ឋ​មាន​ចំណូល​កម្រិត​មធ្យម​ច្រើន​។​

​លោក Olivier បាន​និយាយថា​៖ «​ឈរលើ​មូលហេតុ​ទាំងអស់​នេះហើយ ដែលនាំឱ្យ​អ្នកវិនិយោគ​បារាំង សម្រេចចិត្ត​ធ្វើការ​ជាមួយ​កម្ពុជា​លើ​ការស្វែងរក​ការវិនិយោគ​លើ​រថភ្លើង​ល្បឿន​លឿន ការដឹកជញ្ជូន​តាមផ្លូវ​ទឹក គោក និង​អាកាស សំណង់ ថាមពល និង​វិស័យ​ដទៃទៀត​»​។​

​លោក ហ៊ុន សែន បាន​ថ្លែងថា កម្ពុ​ជាមាន​គោលនយោបាយ​វិនិយោគ​បើកទូលាយ​ដោយ​អនុញ្ញាតឱ្យ​វិនិយោគិន​បរទេស​អាច​វិនិយោគ ១០០ ​ភាគរយ​លើ​ការសាងសង់​ផ្លូវដែក​ល្បឿន​លឿន​ពី​ភ្នំពេញ ទៅកាន់​ក្រុង​ហូជីមិញ ខណៈ​ផ្លូវដែក ២​ ខ្សែ​ទៀត គឺ​ត្រូវ​ពង្រីក ដោយ​លើកទឹកចិត្ត​ឱ្យមាន​ការវិនិយោគ​តាម​ទម្រង់ BOT​។ លោក​បន្ថែមថា កម្ពុ​ជាមាន​វិស័យ​អាទិភាព​មួយចំនួន​រួមមាន ការជំរុញ​វិស័យ​ឧស្សាហកម្ម ជំរុញ​ការវិនិយោគ​លើ​ឧស្សាហកម្ម​បច្ចេកវិទ្យា​ជាន់ខ្ពស់ ជំរុញឱ្យមាន​ការវិនិយោគ​លើ​ឧស្សាហកម្ម​កែច្នៃ​។​ល​។​

​លោកនាយក​រដ្ឋមន្ត្រី​បញ្ជាក់ថា​៖ «​កម្ពុជា​កំពុង​ប្រើប្រាស់​ថាមពល​ស្អាត​ប្រមាណ ៦២ ​ភាគរយ ហើយ​កំពុង​ទាក់ទាញ​ការវិនិយោគ​មក​បន្ថែម​ទៀត​។ ប៉ុន្តែ​មិន​អនុញ្ញាតឱ្យ​បង្កើត​រោងចក្រ​អគ្គិសនី​ប្រើប្រាស់​ធ្យូងថ្ម​ថ្មី ឬ​ធ្វើ​ទំនប់​វា​រី​អគ្គិសនី​កាត់​ទន្លេមេគង្គ​ឡើយ​។ កម្ពុជា កំពុង​លើកទឹកចិត្ត​ឱ្យប្រើ​ប្រាស់​ថាមពល​ពន្លឺព្រះអាទិត្យ ដែល​នេះ​ជា​ឱកាស​មួយ​សម្រាប់​ការវិនិយោគ​។​

​យោងតាម​សភាពាណិជ្ជកម្ម និង​ឧស្សាហកម្ម​កម្ពុជា​បារាំង (CCIFC)​ បច្ចុប្បន្ន​មាន​សមាជិកភាព រួមមាន​ក្រុមហ៊ុន​បារាំង​ចំនួន​ ១៥០ ខណៈ​ការស្ទង់មតិ​ផ្នែក​ទីប្រឹក្សា​ពាណិជ្ជកម្ម​បរទេស​បារាំង​ប្រចាំ​នៅ​កម្ពុជា​បាន​រកឃើញថា មាន​ក្រុមហ៊ុន​បារាំង​ជាង​ ៥០០ កំពុង​ធ្វើ​អាជីវកម្ម​នៅ​កម្ពុជា​៕