​ភ្នំពេញៈ ក្រុមហ៊ុន ២២២ បានទទួល​ជោគជ័យ (Approved) ក្នុងការ​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​ដំណាក់កាល​ទី​១ (Progress of Online Business Registration System via IT Platform phase 1) នា​រយៈពេល ១ ​សប្តាហ៍ គិត​ចាប់ពី​រសៀល​ថ្ងៃទី ​១៦ ដល់​រសៀល​ថ្ងៃទី​ ២៣ ខែមករា ឆ្នាំ​ ២០២៣ ដែល​ធ្វើឱ្យ​ចំនួន​ក្រុមហ៊ុន​ទទួលជោគជ័យ​ក្នុងការ​ចុះបញ្ជី​តាម «Single Portal» កើនឡើង​ដល់ ២១ ១៣៧​។ នេះ​បើ​យោងតាម​សេវាកម្ម Online Business Registration Service​។​

​យោងតាម Online Business Registration Service គិត​ត្រឹម​រសៀល​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២៣ ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​ដោយ​ជោគជ័យ​តាម​ប្រព័ន្ធ Single Portal មាន​ចំនួន​សរុប ២១ ១៣៧ ខណៈ​ក្រុមហ៊ុន​ដែលមាន​ទទួលជោគជ័យ​លើ​ការសុំ​នាម​ករ​ណ៍​បម្រុង​ទុក​(Reservations) មាន​ចំនួន ១៣ ៣០៤ និង​មាន​ចំនួន ២ ត្រូវបាន​បដិសេធ​(Rejected)​។​

​រដ្ឋាភិបាល​កម្ពុជា កាលពី​ថ្ងៃទី​ ១៥ ខែមិថុនា ឆ្នាំ​ ២០២០ បានដាក់​ឱ្យ​ដំណើរការ​ការចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​ដែល​ហៅថា «Single Portal» ដោយបាន​ដាក់​ក្រសួង​-​ស្ថាប័នរដ្ឋ ចំនួន ៦ គឺ​ក្រសួងមហាផ្ទៃ​, ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, ក្រសួងពាណិជ្ជកម្ម​, ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​, អគ្គនាយកដ្ឋាន​ពន្ធដា​រ និង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។ បន្ទាប់ពី​ដំណើរការបាន ៣​ខែ នៅ​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២០ រដ្ឋាភិបាល​ក៏បាន​ដាក់បញ្ចូល​ក្រសួង​-​ស្ថាប័ន មួយចំនួន​បន្ថែមទៀត​រួមមាន ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​, ក្រសួងទេសចរណ៍​, ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​, និង និយតករ​អាជីវកម្ម​អចលនទ្រព្យ និង​បញ្ចាំ​នៃ​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ​។​

​អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នា​ថ្ងៃទី​២៤ ខែមករា ថា ការសម្រួល​នីតិវិធី​ឱ្យមាន​ភាពងាយស្រួល ឆាប់រហ័ស និង​ការពង្រឹង​ការអនុវត្ត​ច្បាប់​ឱ្យមាន​តម្លាភាព គឺ​ជំ​រុញឱ្យ​ម្ចាស់​ក្រុមហ៊ុន​/​អាជីវកម្ម​ជាច្រើន​នាំគ្នា​មក​ចុះបញ្ជី​។ ការចុះបញ្ជី មិន​ត្រឹមតែ​ជួយ​ឱ្យ​រដ្ឋាភិបាល​អាច​គ្រប់គ្រង​បាន​ពី​ដំណើរ​វិវឌ្ឍន៍​នៃ​ប្រភេទ​នៃ​អាជីវកម្ម និង​ប្រមូល​ពន្ធ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​អាចជួយ​ឱ្យ​រដ្ឋាភិបាល​រៀបចំ​គោលនយោបាយ​ជួយ​គាំពារ​ប្រភេទ​អាជីវកម្ម​មួយចំនួន​ផងដែរ​។ លោក​បន្ថែមថា នៅពេល​គ្រប់​ដំណើរការ​អាជីវកម្ម​ត្រូវបានធ្វើ​ក្រោម​ច្បាប់ រដ្ឋាភិបាល​ក៏​ងាយស្រួល​ទាក់ទាញ​វិនិយោគិន​ពី​ក្រៅប្រទេស​ឱ្យ​ចូលមក​បណ្តាក់ទុន​ផងដែរ​។​

​លោក​បន្ថែមថា​៖«​ការចុះបញ្ជី គឺ​ជួយ​ធ្វើឱ្យ​ការប្រកួតប្រជែង​កាន់​តែមាន​តម្លាភាព និង​យុត្តិធម៌ ព្រោះ​បើ​អាជីវកម្ម​ប្រភេទ និង​ទំហំ​ប្រហាក់ប្រហែលគ្នា​ការជាប់​កាតព្វកិច្ច​ពន្ធ និង​ផ្លូវច្បាប់​ក៏​ប្រហាក់ប្រហែលគ្នា​ដែរ​»​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង ធ្លាប់​និយាយ​កាលពីពេល​ថ្មីៗ​នេះ​ថា ការចុះបញ្ជី​តាម​Single Portal គឺជា​ការឆ្លើយតប​នឹង​បរិបទ​នៃ​បច្ចេកវិទ្យា​នាពេល​បច្ចុប្បន្ន ដោយ​ម្ចាស់​អាជីវកម្ម​ភាគច្រើន គឺ​មិនមាន​ពេល​រង់ចាំ​ការចុះបញ្ជី​ពី​កន្លែង ១​ទៅ​កន្លែង​១ និង​ឯកសារ​ច្រើន​ទៀត​ទេ​។ លោក​បន្តថា ប្រព័ន្ធ​នៃ​ការចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​កំពុងផ្តល់​ប្រយោជន៍​ជាច្រើន​សម្រាប់​សេដ្ឋកិច្ចកម្ពុជា ដោយ​វា​មិន​ត្រឹមតែ​ជួយ​បង្រួម​ពេលវេលា កាត់បន្ថយ​អំពើពុករលួយ ថវិកា និង​នីតិវិធី​ដែលមាន​ភាពស្មុគស្មាញ​នៅតាម​ក្រសួង​ស្ថាប័ន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជាការ​លើកទឹកចិត្ត​ដល់​អ្នកវិនិយោគ​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​ដែលមាន​បំណង​ចាប់ផ្តើម​អាជីវកម្ម​នៅ​កម្ពុជា​ទៀតផង​។​

​លោក​បញ្ជាក់ថា​៖«​ប្រព័ន្ធ​នេះ​ក៏​ដើរ​ស្រប​នឹង​ការរីកចម្រើន​នៃ​សម័យ​បច្ចេកវិទ្យា​ពិភពលោក និង​បរិបទ​នៃ​បដិវត្តន៍​ឧស្សាហកម្ម ៤.០ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បានកំណត់​យក​ផងដែរ​»​។ លោក​បន្ថែមថា​៖ «​អ្នកវិនិយោគ​តែងតែ​ចង់បាន​ប្រព័ន្ធ​ចុះបញ្ជី​មួយ​ដែលមាន​ភាពងាយស្រួល ឆាប់រហ័ស និង​ចំណាយ​តិច​។ នេះ​ជា​អ្វីដែល​វិស័យ​ឯកជន​ចង់បាន​។ ការបង្ក​ភាពងាយស្រួល​ក្នុងការ​ចុះឈ្មោះ គឺជា​ការលើកទឹកចិត្ត​១​ផ្នែក​ដល់​អ្នក​ដែល​ចង់​បើក​អាជីវកម្ម​នៅ​កម្ពុជា​»​។​

​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាលពី​ខែមិថុនា ឆ្នាំ​២០២២ បានឱ្យដឹងថា ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន «Single Portal» គឺជា​ផ្នែក​មួយ​នៃ​ការដ្ឋាន​កែទម្រង់​ប្រកបដោយ​ស្មារតី​បុ​រេ​សកម្ម​របស់​រាជរដ្ឋាភិបាល ដោយ​ការបង្កើត​ប្រព័ន្ធ​នេះ​បាន​ឈរលើ​គោលការណ៍​ចំនួន ៣ រួមមាន ការកាត់បន្ថយ​នីតិវិធី​ស្មុគស្មាញ​, ការកាត់បន្ថយ​ចំណាយ​, និង​ការកាត់បន្ថយ​ពេលវេលា​ត្រួតពិនិត្យ​។​

​លោក​បាន​ថ្លែងថា​៖«​ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា ជាមួយនឹង​ការចូល​រួមសហការ​ស្អិតល្មួត​ពី​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​នឹង​ក្លាយជា​ចំណុច​ចាប់ផ្តើម​មួយ​ដ៏​មាន​សក្តានុពល​លើ​ការផ្តល់សេវា​សាធារណៈ​ឌីជីថល និង​កាលានុវត្តភាព​ចំពោះ​សេដ្ឋកិច្ចជាតិ តាមរយៈ​ការចាប់យក​បច្ចេកវិទ្យា​ឌីជីថល​ជា​ស្នូល​»៕