ធនាគារ វី​ង បើកសម្ពោធ​សាខា​ថ្មី​បង្អស់​របស់ខ្លួន​ជា​ផ្លូវការ​ក្នុង​ខេត្តបាត់ដំបង​ ដើម្បី​បន្ត​ពង្រីក​បណ្តាញ​ធនាគារ​នៅ​កម្ពុជា​បន្ថែមទៀត​។

​ធនាគារ វី​ង (​ខេ​ម​បូ​ឌា​) ម​.​ក​ សម្ពោធ​សាខា​ថ្មី​បំផុត​របស់ខ្លួន​ក្នុង​ខេត្តបាត់ដំបង​ក្នុង​គោលបំណង​នាំយក​ផលិតផល និង​សេវាកម្ម​ធនាគារ​ទំនើបៗ ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​សហគម​ន៍​ក្នុង​ខេត្ត​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​កម្ពុជា​នេះ​។​

​ពិធី​សម្ពោធ​នេះ​ធ្វើឡើង​ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម រ័ត្ន សុវណ្ណ​នរៈ ឧបការី​ទេសាភិបាល និង​ជា​អគ្គនាយក​ត្រួតពិនិត្យ​ធនាគារជាតិ​នៃ​កម្ពុជា ឯកឧត្តម មូល ធន អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង ព្រមទាំង អ្នកឧកញ៉ា គិត ម៉េង ប្រធាន​ក្រុមប្រឹក្សាភិបាល​ធនាគារ វី​ង និង​ជា​អគ្គនាយក​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប ក៏ដូចជា​ឥស្សរជន​កិត្តិយស​ជាច្រើនរូប​ទៀត​។​

​ឯកឧត្តម រ័ត្ន សុវណ្ណ​នរៈ និង ឯកឧត្តម មូល ធន​ បាន​ចូលរួម​អបអរសាទរ​ក្នុងឱកាស​នៃ​ពិធី​បើក​ដំណើរ ធនាគារ វី​ង សាខា​ខេត្តបាត់ដំបង ដែល​ផ្តល់ជូន​នូវ​សេវាកម្ម​ធនាគារ​ពេញលេញ បម្រើ​សេវាកម្ម​ឆាប់រហ័ស ផ្តល់​ភាពងាយស្រួល និង​សុវត្ថិភាព​ខ្ពស់ សម្រាប់​ប្រជាជន​ក្នុង​ខេត្តបាត់ដំបង​។​

​ឆ្លៀត​ក្នុងឱកាស​ដ៏​មាន​សារៈសំខាន់​នោះ​ផងដែរ​លោក ហាន ប៉េង​ក្វាង អគ្គនាយក​នៃ​ធនាគារ វី​ង បាន​ថ្លែងថា​៖ «​យើង​តែងតែ​ចាត់ទុក​បាត់ដំបង ជា​ខេត្ត​អាទិភាព​មួយ ក្នុងការ​ពង្រីក​ទីតាំង​ភូមិសាស្ត្រ​សម្រាប់​ពាណិជ្ជកម្ម​របស់​យើង​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ បាត់ដំបង​គឺជា​ខេត្ត​ដ៏​ធំ និង​មាន​សក្កា​នុព​ល​មួយ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ខ្ញុំ​ពិតជា​រីករាយ​ជាខ្លាំង​ដែល​ធនាគារ​យើង​មាន​វត្តមាន​នៅទីនេះ​»​។​

​ធនាគារ វី​ង ផ្តល់ជូន​នូវ​ផលិតផល និង​សេវាកម្ម​ហិរញ្ញវត្ថុ​ទំនើបៗ​ជាច្រើន​សម្បូរបែប​ដែលមាន​ដូចជា​៖ សេវា​ប្រាក់កម្ចី សេវា​ប្រាក់​បញ្ញើ សេវា​ប្រាក់​សន្សំ​ខ្នាតតូច សេវា​ណែនាំ​ឥណទាន សេវា​ផ្ទេរប្រាក់ ការទូទាត់​ថ្លៃ​ទឹក​-​ភ្លើង និង​ធានារ៉ាប់រង ការទូទាត់​ខ្សែសង្វាក់​ផ្គត់ផ្គង់ និង​សេវា​បើកប្រាក់​បៀវត្ស ជាដើម​។​

​លោក ហាន ប៉េង​ក្វាង បាន​បន្ថែមថា​៖«​ពិធី​បើក​សាខា​ធនាគារ វី​ង ក្នុង​ខេត្តបាត់ដំបង នៅថ្ងៃនេះ បាន​ឆ្លុះ​ប​ញ្ចំ​ង​យ៉ាងច្បាស់​អំពី​កិច្ចខិតខំ​ប្រឹងប្រែង និង​ការ​បេ្ត​ជា្ញ​ចិត្ត​យ៉ាង​មុតមាំ​របស់​ធនាគារ វី​ង ក្នុងការ​នាំយក​សេវាកម្ម​ធនាគារ​ដ៏​ល្អ​បំផុត ដើម្បី​រួមចំណែក​ដល់​ការរីកលូតលាស់​របស់​សហគមន៍​យើង​»​។​

​បើ​គិត​ចាប់ពី​ថ្ងៃ​ដែល​ធនាគារ វី​ង ទទួលបាន​អាជ្ញា​បណ្ណ​ធនាគារពាណិជ្ជ​ជា​ផ្លូវការ ពោល​គឺមាន​រយៈពេល​មិន​ដល់​២​ឆ្នាំ​ផង​នោះ​ធនាគារ វី​ង​បាន​ពង្រីក​បណ្តាញ​ធនាគារ​របស់ខ្លួន​ទៅកាន់​ទីតាំង​យុទ្ធសាស្ត្រ​ចំនួន ៨​ទូទាំងប្រទេស បន្ថែម​ពីលើ​ទីស្នាក់ការ​កណ្តាល​របស់​ខ្លួន ដែល​ស្ថិតនៅលើ​មហាវិថី​ព្រះមុនីវង្ស ក្នុង​សង្កាត់​បឹង​កេងកង​៣ រាជធានី​ភ្នំពេញ​។​

​កាលពី​ឆ្នាំ ​២០២២ ​កន្លងទៅនេះ ធនាគារ វី​ង បាន​បើក​ដំណើរការ​សាខា​ជាច្រើន ដើម្បី​បំពេញតម្រូវការ​ហិរញ្ញវត្ថុ​សម្រាប់​ប្រជាជន​ក្នុង​សហគមន៍ ដែល​សាខា​ទាំងនោះ​រួមមាន​៖ សាខា​វិមានឯករាជ្យ សាខា​សែន​សុខ សាខា​វត្តភ្នំ សាខា​ទួលគោក​សាខា​បឹងត្របែក និង​សាខា​ព្រះ​យុគន្ធរ ដែល​សាខា​ទាំងអស់នេះ​ស្ថិតនៅ​រាជធានី​ភ្នំពេញ រីឯ​សាខា​មួយទៀត​នោះ​គឺ​ស្ថិតនៅ​ខេត្ត​ព្រះសីហនុ​។

​ធនាគារ វី​ង មាន​បុគ្គលិក​ដែល​ប្រកបដោយ​វិជ្ជាជីវៈ​ខ្ពស់ និង​បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​បម្រើ​អតិថិជន ក្នុងនោះដែរ គ្រប់​សាខា​ទាំងអស់ ត្រូវបាន​រចនា​យ៉ាង​ស្រស់ស្អាត ដែលមាន​ចំណត​យានយន្ត​ធំ​ទូលាយ កន្លែង​រង់ចាំ​មាន​ផាសុកភាព ហាង​កាហ្វេ​ឈ្ងុយឆ្ងាញ់ និង​បន្ទប់​ប្រជុំ​ដ៏​ប្រណីត​។​

​ដោយមាន​ទីតាំង​ក្នុង​ក្រុង​បាត់ដំបង​នៅ​កែង​ផ្លូវ​លេខ​ ០១​ ហើយ​ជិត​នឹង​ស្ពានថ្ម​ថ្មី អាគារ​សាខា​ធនាគារ វី​ង ដ៏​ស្រស់ស្អាត​ទើបនឹង​សង់​ថ្មី បើក​ដំណើរការ ពី​ម៉ោង ៨ ព្រឹក ដល់ ៥​ ល្ងាច និង​ពីថ្ងៃ​ច័ន្ទ ដល់ ថ្ងៃអាទិត្យ ដែល​អនុញ្ញាតឱ្យ​អតិថិជន​គ្រប់រូប​អាច​ប្រើប្រាស់​ផលិតផល និង​សេវាកម្ម​ហិរញ្ញវត្ថុ​នាំមុខគេ​ជាច្រើន សូម្បី​នៅ​ថ្ងៃ​ចុង​សប្តាហ៍​ក៏ដោយ​។ ធនាគារ វី​ង សាខា​ខេត្តបាត់ដំបង ត្រូវបាន​បំពាក់​ដោយ​ម៉ាស៊ីន ATM​ ដ៏​ទំនើប ដើម្បី​សម្រួល​សេចក្តីត្រូវការ​របស់​អតិថិជន​គ្រប់ពេលវេលា​៕