កោះកុងៈ កោះ​ចំនួន ១៧ ក្នុងចំណោម​កោះសរុបចំនួន ​៣៥ ក្នុង​ខេត្ត​កោះកុង ​បានទទួល​គម្រោង​វិនិយោគ ​និង​កោះ​ចំនួន ​១ ទៀត​ កំពុង​ត្រូវ​បាន​សិក្សា​ដើម្បី​វិនិយោគ​ឱ្យ​ទៅជា​តំបន់​ទេសចរ​ណ៍ និង​ក៏មាន​គម្រោង​អភិវឌ្ឍន៍​ព្រលាន​យន្តហោះ​ផងដែរ។ នេះបើ​តាម​លោកស្រី មិថុនា ភូ​ថង អភិបាល​ខេត្ត​កោះកុង។

លោកស្រី​បានថ្លែង​កាលពី​ថ្ងៃទី ២៥ ខែមករា​ថា៖ «កោះ​ទាំងនោះ​ត្រូវបាន​ក្រុមហ៊ុន​វិនិយោគ​ថា មាន​គម្រោង​កែច្នៃ​ទៅជា​​តំបន់​រមណីយដ្ឋាន​ទេស​ចរណ៍ ប៉ុន្តែ​ភាគច្រើន​ដូចជា​ទើបតែ​ធ្វើបាន៣ឬ៤កោះ​ទេ ដែល​ក្រៅពី​ហ្នឹង​គឺ​កំពុងស្ថិត​ក្នុងការ​សិក្សា»។

លោកស្រី​អភិបាល​ខេត្ត​​បន្ថែមថា ក្រៅពី​ការអភិវឌ្ឍ និង​ការវិនិ​យោគ​ទាំងអស់​នេះហើយ ខេត្តកោះកុង​ក៏មាន​គម្រោង​​អភិវឌ្ឍ​ន៍ព្រលាន​យន្តហោះ​ធំ​មួយ ដែល​បាននិងកំពុង​លេច​រូបរាង​ឡើង​នៅក្នុង​ស្រុក ប​ទុម​សាគរ ដែលជា​ផ្នែក១​រួមចំណែក​ទាក់ទាញ​ទេសចរ និង​វិនិយោ​គិ​ន​មកកាន់​ខេត្ត​នេះ​កាន់តែច្រើន​បន្ថែមទៀត។

លោក ហេង គឹមហុង ប្រធាន​កម្មវិធី​ផ្នែក​ស្រាវជ្រាវ និង​តស៊ូ​មតិ នៃ​សមាគម​បណ្តាញ​យុវជន​កម្ពុជា(CYN) បាន​​ថ្លែង​ថា ជុំវិញ​ការវិនិយោគ​នៅក្នុងខេត្ត​​កោះកុង​នេះ លោក​ឃើញ​មាន​កោះ​ជាច្រើន​ត្រូវបាន​រាជរដ្ឋាភិបាល​ប្រគល់​​ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជនធ្វើការវិនិយោគ​ ដោយ​មិនមាន​ការប្រកាស​ព័ត៌មាន​ ដោយ​តម្លាភាព​​ពី​គម្រោង​នៃ​​ដំណើរ​ការ​​អភិវឌ្ឍ​នៅលើ​កោះ​មួយ​ចំនួន​នោះ​ឡើយ​។

លោក​លើកឡើងថា ៖«កោះ​ទាំងអស់នោះ គួរ​ណាស់​តែមាន​ការកែច្នៃ​ក្នុងន័យ​២ គឺ​ទី១ ប្រសិនជា​មានការ​អភិវឌ្ឍ​ក្នុង​ទម្រង់​អេកូ​ទេសចរណ៍ វា​ជា​រឿង​ល្អ ប៉ុន្តែ​មិនមែនជា​កម្ម​សិទ្ធិ​ផ្ដាច់មុខ​ទេ គឺ​ត្រូវមាន​ការ​សហការគ្នាជាមួយ​សហគមន៍​មូលដ្ឋាន ដើម្បី​ឱ្យ​សហគមន៍​មូលដ្ឋាន​ទទួលបាន​កំណើនសេដ្ឋកិច្ច​ខ្លះ​ផងដែរ។ ១ទៀត ប្រសិនបើជា​ការកាន់កាប់​ដោយ​ការ​លាក់​បាំង ឬ​កាន់កាប់​ដោយ​មិនមាន​តម្លាភាព​ហ្នឹង ក៏ត្រូវ​ត្រួត​ពិនិត្យឡើងវិញ​ដែរ រួមទាំង​សកម្មភាព​អសកម្ម​មួយចំនួន រដ្ឋ​ក៏​គួរតែ​ត្រួត​ពិនិត្យ​ដែរ»។

លោក ហេង គឹមហុង បន្ថែមថា៖ «​រដ្ឋ​គួរ​ណាស់​តែមាន​តម្លាភាព​ ក្នុងការ​ប្រកាស​ជា​សាធារណៈ​អំពី​គម្រោង​នៃ​ការ​អភិវឌ្ឍ ហើយ​លក្ខខណ្ឌ​ធម្មជាតិ​នៅក្នុង​តំបន់​ហ្នឹង ​ថា​តើ​អភិវឌ្ឍ​បាន​អ្វី​ខ្លះ? ដើម្បី​ឱ្យ​មានការ​ដេញថ្លៃ​ជា​សាធារណៈ​សម្រាប់​ភាគី​ពាក់ព័ន្ធ ពី​ក្រុមហ៊ុន​ឯកជន ដើម្បី​ធានាបាន​​ថា​ មិនមាន​អំពើពុករលួយ។ ក្រៅពីនេះ​ពលរដ្ឋ​ជាម្ចាស់ប្រទេស​បានដឹង​ពី​ការអភិវឌ្ឍ ឬ​ពលរដ្ឋ​បាន​ស្វែងយល់​ពី​សក្ដានុពល​នៃ​តំបន់​កោះ​ទាំងអស់នោះ​ »។

លោក​គឹមហុង​បន្ថែមថា សម្រាប់​គម្រោង​ទាំងឡាយណា ដែល​បង្ក​ផលប៉ះពាល់​ទៅដល់​សមុទ្រ ឬ​ក៏​ធនធានធម្មជាតិ​នៅក្នុង​ទឹក រាជរដ្ឋាភិបាល​ក៏​គួរតែមាន​ការពិនិត្យ និង​បញ្ឈប់​សកម្មភាព​ទាំងនោះ​ជាបន្ទាន់ ដើម្បី​ការពារ​កុំ​ឱ្យ​បង្ហូរ​សារធាតុពុល ឬកាក​​សំណល់​ចូលទៅក្នុង​ទឹកជា​ដើម។

ទាក់ទង​នឹងការ​លើក​ឡើងរបស់​លោក ហេង គឹមហុង អភិបាលរង​ខេត្ត​កោះកុង​ លោក សុខ សុទ្ធី បាន​ប្រាប់​ឱ្យ​ដឹង​ថា រាល់​ការ​អភិវឌ្ឍ គឺសុទ្ធតែ​មាន​ច្បាប់​ទម្លាប់​ត្រឹម​ត្រូវ ហើយ​ដើម្បី​ឱ្យ​ចេញ​បាន​ជាច្បាប់​ទម្លាប់ គឺត្រូវ​តែ​មាន​ការផ្សព្វ​ផ្សាយ​។

លោក​បាន​បន្តថា ចំពោះការ​វិនិយោគ​វិញ​ក៏ដូច​គ្នា​ដែរ ទាល់​តែ​មាន​ការ​ទទួល​ស្គាល់ គឺ​ទើប​មាន​ការ​ផ្សព្វ​ផ្សាយ​។​

លោក សុ​ខ សុទ្ធី បាន​បញ្ជាក់​ថា ៖ «ប្រសិន​ជាគាត់​លើក​ឡើង​អ៊ី​ចឹង គឺមាន​ន័យ​ថា គាត់​អត់​ដែល​បានចូល​​រួម តាម​ដាន​ទេ គ្រាន់​តែលើក​ឡើង​ចោល​ ដើ​ម្បីធ្វើស​កម្ម​ភាព​រ​បស់​ពួក​គាត់​ប៉ុណ្ណោះ​»៕