
លោកស្រី តឹករ៉េត កំរង ដឹកនាំកិច្ចប្រជុំត្រៀម CAM-UAE CEPA។ សហការី
ភ្នំពេញៈ កម្ពុជារំពឹងថា ការចរចាជុំទី៣ លើខ្លឹមសារនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជាអេមីរ៉ាតអារ៉ាប់រួម (CAMUAE CEPA) ដែលធ្វើឡើងនៅទីក្រុងអាប៊ូដាប៊ី ប្រទេសអេមីរ៉ាតអារ៉ាប់រួម នាខែកុម្ភៈខាងមុខ នឹងក្លាយជាកិច្ចប្រជុំលក្ខណៈបច្ចេកទេសចុងក្រោយ មុននឹងថ្នាក់ដឹកនាំនៃប្រទេសទាំង ២ ចុះហត្ថលេខាដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។
ដំណើរការចរចាលើកិច្ចព្រមព្រៀង CAMUAE CEPA ត្រូវបានរៀបចំលើកទី១ នៅទីក្រុងអាប៊ូដាប៊ី ប្រទេសអេមីរ៉ាតអារ៉ាប់រួម កាលពីថ្ងៃទី ២៤-២៥ ខែតុលា ឆ្នាំ ២០២២ និងលើកទី២ នៅក្នុងទីក្រុងភ្នំពេញ ពីថ្ងៃទី ១៩-២១ ខែធ្នូ ឆ្នាំ ២០២២។
រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមចរចានៃកិច្ចព្រមព្រៀង CAMUAE CEPA លោកស្រី តឹករ៉េត កំរង កាលពីថ្ងៃទី ២៥ ខែមករា បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយក្រសួងស្ថាប័នរដ្ឋ និងឯកជន ដើម្បីពិនិត្យ និងពិភាក្សាលើបញ្ជីផ្តល់ឱ្យ (Offer List) និងបញ្ជីសំណើ (Request List) ក្នុងវិស័យពាណិជ្ជកម្មសេវា នៅក្រោមកិច្ចព្រមព្រៀង CAMUAE CEPA។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងប្រមូលធាតុចូលបន្ថែមដើម្បីកំណត់ជំហររួម និងធ្វើយ៉ាងណាឱ្យកម្ពុជាអាចទាញយកផលវិជ្ជមានឱ្យបានអតិបរមាពីកិច្ចព្រមព្រៀងនេះ តាមរយៈការទាក់ទាញវិនិយោគិនពីប្រទេសអារ៉ាប់រួម និងការនាំចេញ។
ថ្លែងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅក្នុងថ្ងៃទី ២៦ ខែមករា លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមការងារចរចា CAMUAE CEPA បានឱ្យដឹងថា តាមរយៈកិច្ចប្រជុំជាមួយក្រសួងស្ថាប័ន និងវិស័យឯកជន គឺបានជួយឱ្យក្រុមការងាររបស់លោកទទួលបានធាតុចូលកាន់តែច្រើនធ្វើជាមូលដ្ឋាននៃកិច្ចប្រជុំនាខែកុម្ភៈ ខាងមុខ ដែលកិច្ចប្រជុំជុំទី៣ នេះអាចក្លាយជាកិច្ចប្រជុំលើកចុងក្រោយ។
លោកឱ្យដឹងថា៖ «កន្លងមកយើងធ្លាប់បានកំណត់ជាមួយភាគីអេមីរ៉ាតអារ៉ាប់រួមថា នឹងជួបប្រជុំគ្នាលក្ខណៈបច្ចេកទេសចំនួន ៣ ដង ដោយធ្វើការពិភាក្សាគ្នាឱ្យរួចរាល់ និងនៅជុំទី៤ គឺឈានដល់ការចុះហត្ថលេខារបស់ថ្នាក់ដឹកនាំប្រទេសទាំង ២ លើកិច្ចព្រមព្រៀងតែម្តង»។
លោកបន្ថែមថា នៅពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីកម្ពុជាអេមីរ៉ាត អារ៉ាប់រួម ចូលជាធរមាន វានឹងក្លាយជាការធ្វើពិពិធកម្មទីផ្សារនាំចេញថ្មីមួយទៀតរបស់កម្ពុជា។
លោកថ្លែងថា៖ «យើងសង្ឃឹមថា កិច្ចព្រមព្រៀងនេះ គឺជាការបើកច្រកថ្មីទៀតសម្រាប់ទីផ្សារនាំចេញរបស់កម្ពុជា ពិសេសតាមរយៈប្រទេសអេមីរ៉ាត អារ៉ាប់រួម កសិផលកម្ពុជាមួយចំនួនក៏អាចបន្តទៅតំបន់មជ្ឈិមបូព៌ា និងអ្រាហ្វិកផងដែរ»។
ទោះយ៉ាងណា អនុប្រធានក្រុមការងារចរចាខាងលើ បានជំរុញឱ្យផលិតករនៅកម្ពុជាត្រូវខិតខំពង្រឹងគុណភាព និងអនាម័យឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ព្រោះដើម្បីអាចនាំចេញបាន គឺតែងតែទាមទារការពិនិត្យគុណភាពជាចម្បង។
បើតាមលោក សុវិជាតិ មូលហេតុដែលការចរចាលើ CAMUAE CEPA អាចត្រូវប្រើរយៈពេលខ្លីបើធៀបទៅនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលកម្ពុជាបានធ្វើជាមួយប្រទេសចិន និងកូរ៉េ គឺដោយសារតែប្រទេសអេមីរ៉ាត អារ៉ាប់រួមធ្លាប់បានធ្វើកិច្ចព្រមព្រៀងដូចគ្នានេះជាមួយប្រទេសមួយចំនួនដូចជា អ៊ីស្រាអែល, ឥណ្ឌូនេស៊ី និងឥណ្ឌា។ តាមគម្រោងភាគីទាំង ២ ចង់ឱ្យកិច្ចព្រមព្រៀងនេះអាចចុះហត្ថលេខាបានក្នុងឆ្នាំ ២០២៣ នេះតែម្តង។
អគ្គនាយិកាក្រុមហ៊ុនផលិតនំស្រួយលីលី លោកស្រី កែវ មុំ បានប្រាប់ថា ពេលនេះការធ្វើពាណិជ្ជកម្មរវាងកម្ពុជាជាមួយនឹងអេមីរ៉ាត អារ៉ាប់រួម នៅមានកម្រិតតិចតួចប៉ុណ្ណោះ ហើយបើតាមលោកស្រីដឹង គឺមិនទាន់មានផលិតផល SME កម្ពុជាត្រូវបាននាំចេញទៅទីនោះទេ ប៉ុន្តែអាចមានផលិតផលវាយនភណ្ឌមួយចំនួន។ កិច្ចព្រមព្រៀងនេះនឹងជួយឱ្យអ្នកផលិតនៅក្នុងស្រុកមានឱកាសកាន់តែច្រើនក្នុងការនាំទំនិញទៅប្រទេសអេមីរ៉ាត អារ៉ាប់រួម។
លោកស្រីបញ្ជាក់ថា៖ «ការបង្កើតបានទីផ្សារនាំចេញកាន់តែច្រើន គឺជាក្តីប្រាថ្នារបស់ម្ចាស់អាជីវកម្ម ព្រោះវាមិនត្រឹមតែធ្វើឱ្យក្រុមហ៊ុនក្នុងស្រុក ជាពិសេស SME រីកចម្រើនលឿនប៉ុណ្ណោះទេ ប៉ុន្តែក៏បង្ហាញពីកេរ្តិ៍ឈ្មោះផលិតផលកម្ពុជានៅលើទីផ្សារអន្តរជាតិផងដែរ»៕