ភ្នំពេញៈ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លើក​ទឹក​ចិត្ត​ដល់​សមាជិក​សមាគម​អ្នក​នាំ​ចូល​កូរ៉េ ឱ្យ​ទាញ​យក​ប្រយោជន៍​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដែល​កម្ពុជា​និង​កូរ៉េ​ជាស​មាជិក ក្នុង​នោះ​មាន​ជាអាទិ៍ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន-កូរ៉េ កិច្ច​ព្រមព្រៀងភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ និង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-កូរ៉េ ដែល​ទើប​នឹង​ចូល​ជា​ធរមាន កាល​ពី​ថ្ងៃទី​១ ខែ​ធ្នូ ឆ្នាំ​២០២២ និង​ក៏​ដូចជា​ការ​លើក​ទឹក​ចិត្ត​នានា​នៅ​ក្រោម​ច្បាប់​ស្តីពី​ការ​វិនិយោគថ្មី។

លោក ប៉ាន សូរស័ក្តិ បាន​លើក​ឡើង​បែប​នេះ កាល​ពី​ថ្ងៃទី​២៦ មករា ក្នុង​ពេល​ដែល​លោក​បាន​ដឹក​នាំ​គណៈប្រតិភូ​និង​វិស័យ​ឯកជន​ពាក់ព័ន្ធ​របស់​កម្ពុជា ចូលរួម​ពិភាក្សា​ការងារ​ជាមួយ លោក Byung-Kwan Kim ប្រធាន​សមាគម​អ្នក​នាំ​ចូល​កូរ៉េ និង​សហការី នៅ​ទីក្រុង សេអ៊ូល ក្នុង​គោល​បំណង​ជំរុញ​ការ​ធ្វើ​ពាណិជ្ជកម្ម និង​វិនិយោគ​នៅ​កម្ពុជា។

ក្នុង​ជំនួប​ពិភាក្សា​នេះ ក៏​មាន​វត្តមាន​ចូលរួម​របស់​លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​ក្រុម​ប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​ផងដែរ។

លោក ប៉ាន សូរស័ក្តិ បាន​ផ្តោត​សំខាន់​ថា ខណៈ​ដែល​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ទាំង​នោះ បាន​ផ្តល់​ទីផ្សារ​អនុគ្រោះ និង​លក្ខខណ្ឌអំណោយ​ផល សម្រាប់​ផលិតករ អ្នក​នាំចេញ នាំចូល ទាំងកម្ពុជា និងកូរ៉េ ក្នុង​ការ​ជំរុញ​ការ​ធ្វើ​ពាណិជ្ជកម្ម និង​វិនិយោគ ទៅវិញ​ទៅមក កិច្ច​ព្រមព្រៀង​ទាំង​នោះ ក៏​នឹង​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ជំរុញ កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ រវាងប្រទេស​ទាំង២ ផងដែរ។

ជាការឆ្លើយតប លោក Byung-Kwan Kim ប្រធាន​សមាគម​អ្នក​នាំ​ចូល​កូរ៉េ បាន​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ចំពោះ​គណៈប្រតិភូ​កម្ពុជា​ដែលបាន​ឆ្លៀត​ពេល​ដ៏​មមាញឹក​អញ្ជើញ​ទស្សនកិច្ច និង​ពិភាក្សា​ការងារ​នៅ​ទីស្នាក់ការ​របស់​សមាគម​អ្នក​នាំ​ចូល​កូរ៉េ នា​ទីក្រុង​សេអ៊ូល សាធារណរដ្ឋកូរ៉េ។ នេះ​បើ​យោង​តាម​ផេក​ហ្វេសប៊ុក​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ចុះ​ផ្សាយ​នៅ​ល្ងាច​ថ្ងៃ​ទី ២៧ ខែ​មករានេះ។

លោក Byung-Kwan Kim បាន​សម្តែង​នូវ​សុទិដ្ឋិនិយម​ថា កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទាំងនេះ នឹង​លើក​កម្ពស់​វិស័យ​ពាណិជ្ជកម្ម សេដ្ឋកិច្ច និង​វិនិយោគ រវាង​ប្រទេស​ទាំង ២ ឱ្យ​កាន់តែ​រីក​ចម្រើន​ថែមទៀត។

លោក​បាន​ថ្លែង​ថា នឹង​ជំរុញ​សមាជិក​សមាគម​អ្នក​នាំ​ចូល​កូរ៉េ ឱ្យ​ពិនិត្យ​លទ្ធភាព​នាំ​ចូល​ទំនិញ​កម្ពុជា​មក​ទីផ្សារ​កូរ៉េ និង​ស្វែងរក​ដៃ​គូ​នៅ​កម្ពុជា​បន្ថែម​ទៀត ជាពិសេស​ទាញ​យក​ប្រយោជន៍​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ទ្វេភាគី កម្ពុជា-កូរ៉េ។

ក្នុង​កិច្ច​ប្រជុំ​នេះ​ផងដែរ វិស័យ​ឯកជន​ពាក់ព័ន្ធ​នៃ​ប្រទេស​ទាំង ២ បាន​ធ្វើការ​ណែនាំ​ពី​កម្មវត្ថុ​អាជីវកម្ម​របស់​ខ្លួន និង​ចែក​រំលែក​ទៅ​វិញទៅ​មកនូវ​ព័ត៌មាន​ពាណិជ្ជកម្ម ប្រតិបត្តិការ​អាជីវកម្ម និង​វិស័យ/ទំនិញ​សក្តានុពល ដែល​ជា​ចំណាប់​អារម្មណ៍ ដើម្បី​សហការធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​កូរ៉េ ក៏​ដូចជា ការ​វិនិយោគ​ក្នុង​ពេល​ខាងមុខ៕