
រូបភាព ក្រសួងកសិកម្ម
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានធ្វើទស្សនកិច្ចនៅក្រុមហ៊ុន Sela Pepper ដែលជាក្រុមហ៊ុនផលិតម្រេចសរីរាង្គស្ថិតនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដើម្បីស្វែងយល់ពីខ្សែច្រវាក់នៃផលិតកម្មតាំងពីការសម្អាតរហូត ដល់ការវេចខ្ចប់ ព្រមទាំងស្តង់ដាអនាម័យ និងភូតគាមអនាម័យនៃម្រេចសរីរាង្គ និងបានជំរុញឱ្យពិនិត្យគុណភាពម្រេចនៅមន្ទីរពិសោធន៍ឱ្យបានត្រឹមត្រូវមុននឹងធ្វើការនាំចេញ។
លោកបានលើកឡើងថា៖«ម្រេចសរីរាង្គខ្មែរមានការពេញនិយមមានតម្រូវការខ្ពស់ និងទាមទារការផ្សព្វផ្សាយបន្ថែមឱ្យកាន់តែទូលំទូលាយ ដោយបានលើកទឹកចិត្តដល់កសិករឱ្យធ្វើការដាំម្រេចតាមលក្ខណៈបច្ចេកទេស ដើម្បីទទួលបានគុណភាពស្តង់ដាល្អដែលឆ្លើយតបនឹងតម្រូវការទីផ្សារ និងមានតម្លៃខ្ពស់»។
នាឱកាសនោះ លោកបានស្នើឱ្យអគ្គនាយកដ្ឋានកសិកម្ម សហការជាមួយមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ ឱ្យយកចិត្តទុកដាក់ពន្យល់ ណែនាំ ដើម្បីឱ្យពួកគាត់អាចទទួលវិញ្ញាបនបត្រការអនុវត្តកសិកម្មល្អ GAP នាពេលខាងមុខនេះ។
ទិន្នន័យពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ការនាំចេញម្រេចទៅកាន់ប្រទេសទាំង២០នៅជុំវិញពិភពលោក ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២២ សម្រេចបានក្នុងបរិមាណ ៨ ៣០៣,៩២តោន ថយចុះជាង៧០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១ ដែល ម្រេចនាំចេញបានចំនួន ២៧ ៧៣០,០៧តោន។
លោក ម៉ាក នី ប្រធានសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា បានឱ្យដឹងថា ការធ្លាក់ចុះនៃការនាំចេញម្រេចនេះ គឺដោយសារកត្តាតម្លៃ បើប្រៀបធៀបឆ្នាំ២០២២ ទៅនឹងឆ្នាំ២០២១ ឃើញថា តម្លៃខុសគ្នាច្រើន និងកត្តាមួយទៀត ដោយសារតែសេដ្ឋកិច្ចពិភពលោកមិនទាន់មានភាពល្អប្រសើរនៅឡើយ ដែលបានឱ្យចរាចរណ៍ នៃការដើរកម្សាន្តរបស់ទេសចរក្នុងពិភពលោក ថយចុះ ហើយបើគ្មានភ្ញៀវទេសចរទេ ការបញ្ជាទិញគ្រឿងបរិភោគ ដូចជាម្រេចជាដើម ក៏ថយទៅតាមនោះដែរ។
លោកបានបញ្ជាក់៖«ជាធម្មតាទេ កសិករតែងតែទទួលផលប៉ះពាល់ហើយ នៅពេលការលក់ចេញថយចុះបែបនេះ គ្រាន់តែមិនច្រើនពេកនោះទេ ព្រោះថាកសិករដែលស្តុកម្រេចទុកភាគច្រើនគាត់បានយល់ដឹងច្រើន ពីវិធីសាស្ត្រនៃការគ្រប់គ្រងចំណូលចំណាយ និងអាចដោះស្រាយបានបញ្ហាចំពោះមុខ។ចំណែកកសិករមួយចំនួនតូចប៉ុណ្ណោះ ដែលមានផលប៉ះពាល់ដោយសារបញ្ហាការបង្វិលថវិកា»។
បើតាម ប្រធានសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជារូបនេះ នៅមុនពេលមានវិបត្តិកូវីដ១៩ កម្ពុជាមានផ្ទៃដីដាំម្រេចសរុបមានប្រមាណ ជិត៧០០០ហិកតា តែបច្ចុប្បន្ននេះបានថយចុះប្រមាណ១០ទៅ២០%។ លោកអះអាងថា ការដាំដុះម្រេចគឺភាគច្រើន សម្រាប់បំពេញតម្រូវការការនាំចេញប៉ុណ្ណោះ ដោយសារការប្រើប្រាស់ម្រេចក្នុងស្រុកមានតិចតួចប្រមាណ៥%ទៅ៧% ប៉ុណ្ណោះក្នុងមួយឆ្នាំ បើធៀបនឹងចំនួនម្រេចដែលផលិតបានសរុប។
សូមជម្រាបថា ប្រទេសកម្ពុជា មានខេត្តចំនួន១៨ ដែលមានការដាំដុះម្រេច នៅក្នុងនោះខេត្ត ដែលសម្បូរការដាំដុះម្រេចច្រើនដែរ រួមមាន មណ្ឌលគិរី រតនគិរី ត្បូងឃ្មុំ និងកំពតជាដើម៕