ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន តម្រូវ​ក្រុមហ៊ុន SINGA CMS LOGISTICS CO., LTD. ដែល​មានបំណង​ដឹកជញ្ជូន​ទំនិញ (​ទួ​រ​ប៊ី​ន​ខ្យល់​/Wind Power) ពី​កំពង់ផែ​ក្រុងព្រះសីហនុ ទៅ​ច្រកព្រំដែន​ត្រពាំង​គ្រាល ក្នុង​ខេត្តស្ទឹងត្រែង តាមផ្លូវ​ល្បឿន​លឿន ត្រូវ​រាយការណ៍ សិក្សា និង​ពិនិត្យ​ឱ្យបាន​ច្បាស់លាស់ មុននឹង​ដឹកជញ្ជូន​ទំនិញ​ប្រភេទ​នេះ​។​

​ក្រុមហ៊ុន SINGA CMS LOGISTICS CO., LTD. បានស្នើ​សុំ ក្រសួង​សាធារណការ ដឹកជញ្ជូន​ទំនិញ (​ទួ​រ​ប៊ី​ន​ខ្យល់​/Wind Power) ពី​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ទៅ​ច្រកព្រំដែន​ត្រពាំង​គ្រាល ក្នុង​ខេត្តស្ទឹងត្រែង ដោយ​ត្រូវ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤ លេខ​​៦, លេខ​៧, លេខ​៨ និង​ឆ្លងកាត់​ស្ពាន​តូចធំ​ជាច្រើន​ផងដែរ ដែល​ការដឹក​នេះ អាចធ្វើឱ្យ​ប៉ះពាល់​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ទាំងនេះ ដែល​ទាមទារ​ឱ្យ​ត្រូវ​ស្នើសុំ​និង​ពិនិត្យ​ឱ្យបាន​ច្បាស់លាស់​មុននឹង​ធ្វើការ​ដឹកជញ្ជូន​។

​នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​នេះ កាលពី​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២៣ រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​លោក ពៅ ម៉ាលី បានផ្ដល់​អនុសាសន៍​ឱ្យ​ក្រុមហ៊ុន​ពិភាក្សា​ជាមួយ​អគ្គនាយកដ្ឋាន​សាធារណការ អគ្គនាយកដ្ឋាន​បច្ចេក​ទេស អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក និង​គណៈកម្មាធិការ​ដឹក​នាំ​ការត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន លើស​ទម្ងន់​កម្រិត​កំណត់ ដើម្បី​ពិនិត្យ​ឱ្យបាន​ច្បាស់លាស់​។​

​លោក​បានបញ្ជាក់​បន្ថែម​ថា ក្រុមហ៊ុន គួរ​ពិភាក្សា និង​ប្រឹក្សា​យោបល់​ជាមួយ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ដើម្បី​ដោះស្រាយ​បញ្ហា​ទាក់ទង​នឹង​ពន្ធ​នាំចូល និង​ជាមួយ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន​(CRBC) ដើម្បី​ស្នើសុំ​ធ្វើ​ប្រតិបត្តិ​ការដឹកជញ្ជូន​លើផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ​ផងដែរ​។

​លោក​រដ្ឋលេខាធិការ ក៏បានផ្ដល់​អនុសាសន៍​ឱ្យ​ក្រុមហ៊ុន​ធ្វើលិខិត​ស្នើសុំ​ដោយ​បញ្ជាក់​ពី​ព័ត៌មាន​លម្អិត ព្រមទាំង​កិច្ចសន្យា របាយការណ៍​សិក្សា​ស្រាវជ្រាវ​ពី​ផលប៉ះពាល់ និង​ដំណោះស្រាយ​ដាក់ជូន​មក​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដើម្បី​ពិនិត្យ និង​សម្រេច​៕​