
រូបភាព ក្រសួងសាធារណការ
បច្ចុប្បន្នមានគ្រឹះស្ថានហិរញ្ញវត្ថុ-ធនាគារ ចំនួន ៧ ដែលកំពុងដំណើរការ និងមានគ្រឹះស្ថាន ជាច្រើនផ្សេងទៀត បានស្នើចូលរួម ក្នុងការប្រមូលចំណូលផ្លូវល្បឿនលឿនជាបន្តបន្ទាប់ ដែលកត្តានេះនឹងចូលរួមចំណែកផ្តល់ជម្រើសកាន់តែសម្បូរបែប ជូនដល់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវល្បឿនលឿន។
នៅក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាព លើការធ្វើឱ្យប្រសើរឡើងការផ្តល់សេវា ប្រើប្រាស់ផ្លូវល្បឿនលឿន តាមយន្តការបច្ចេកវិទ្យា DIP និងការបញ្ជ្រាបការយល់ដឹង ពីការប្រើប្រាស់ផ្លូវ ដែលបានដាក់ដំណើរការអស់រយៈពេលជិត ៤ខែ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ការបញ្ចូលសមតុល្យតាមស្លាកលេខ អាចធ្វើទៅបានតាមកម្មវិធី Mobile Banking របស់គ្រឹះស្ថានហិរញ្ញវត្ថុនិងធនាគារដៃគូ ដែលបានតភ្ជាប់ជាមួយប្រព័ន្ធទូទាត់ប្រាក់រួម OSP របស់ក្រសួង។
បើទោះបីជា ជម្រើសសម្បូរបែបបង់ប្រាក់ មានភាពល្អប្រសើរដល់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវល្បឿនលឿនក៏ពិតមែន តែកត្តានេះក៏បានបង្កើតឱ្យមានភាពស្មុគស្មាញក្នុងការគ្រប់គ្រងលំហូរសាច់ប្រាក់ផងដែរ។ ហេតុដូចនេះអង្គប្រជុំក៏បានសម្រេចស្នើថ្នាក់ដឹកនាំកែសម្រួលយន្តការលំហូរសាច់ប្រាក់ច្រើនដង មកជាលំហូររួមតែមួយ ដែលមានភាពសាមញ្ញងាយគ្រប់គ្រង ជាពិសេសអាចផ្តល់លទ្ធភាពឱ្យគ្រឹះស្ថានហិរញ្ញវត្ថុធនាគារកាន់តែច្រើន អាចធ្វើការចូលរួមប្រមូលចំណូលកម្រៃសេវាប្រើប្រាស់ផ្លូវល្បឿនលឿនបាន។
លោក ហ៊ាង សុទ្ធាយុត្តិ អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ បានឱ្យដឹងថា ទោះជានៅក្នុងមួយរយៈពេលចុងក្រោយនេះ ការផ្តល់សេវាប្រើប្រាស់ផ្លូវល្បឿនលឿន ត្រូវបានប្រព្រឹត្តទៅបានល្អ និងមិនមានការកកស្ទះជាការកត់សម្គាល់ក្តី ក៏ក្នុងនាមក្រសួងសាធារណការ បាននិងកំពុងបន្តយកចិត្តទុកដាក់ខ្ពស់លើការសម្រួលលំហូរចរាចរណ៍ ឱ្យកាន់តែមានភាពប្រសើរឡើង តាមរយៈការដាក់ចេញនូវវិធានការនានា និងការផ្សព្វផ្សាយការយល់ដឹងជាសាធារណៈ ជាប្រចាំ។
ក្នុងកិច្ចប្រជុំនោះ បានពិភាក្សាទៅលើបញ្ហាប្រឈមរបស់អ្នកប្រើប្រាស់ និងសំណូមពររបស់ប្រជាពលរដ្ឋ តាមរយៈទំព័រហ្វេស
ប៊ុកសម្តេចតេជោនាយករដ្ឋមន្ត្រី ទំព័រហ្វេសប៊ុកក្រសួង បណ្តាញសង្គមនានា បណ្តាញសារព័ត៌មាន និងតាមលេខទូរសព្ទក្រសួង 1275 និងក្រុមហ៊ុន 1399 និងមតិយោបល់ណែនាំពីថ្នាក់ដឹកនាំក្រសួង។
លោក សុទ្ធាយុត្តិ ឱ្យដឹងថា កិច្ចប្រជុំបានឯកភាព ដាក់បញ្ចូលសេចក្តីពន្យល់ទៅក្នុង គំនូសគន្លងផ្លូវច្រកចេញចូល និងដាក់បន្ថែមផ្ទាំងព័ត៌មាន តាមដងផ្លូវ បង្ហាញពីការប្រើប្រាស់គន្លងអាទិភាព ETC និង ANPR ដោយត្រូវបញ្ចូលសមតុល្យជាមុន ព្រមទាំង ការប្រើប្រាស់គន្លង MTC ដែលតម្រូវឱ្យគិតប្រាក់នៅច្រកចេញ។
សូមជម្រាបថា ក្នុងរយៈពេលជិត ៤ខែ គិតចាប់ពីដើមខែតុលា ឆ្នាំ២០២២ មកទល់ចុងខែមករា ឆ្នាំ២០២៣ នេះ មានយានយន្តធ្វើចរាចរណ៍ឆ្លងកាត់ផ្លូវល្បឿនលឿន ប្រមាណ ជិត ១,៥លាន ដង មានគ្រោះថ្នាក់ចរាចរណ៍ ប្រមាណ ៧០ ករណី និងមិនមានការបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ឬបាត់បង់អាយុជីវិតឡើយ។
ក្រសួងសាធារណការ ចាត់ទុកថា នេះបង្ហាញឱ្យឃើញពីលទ្ធផលជាវិជ្ជមាន កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការ កាត់បន្ថយការចំណាយ កាត់បន្ថយពេលវេលាធ្វើដំណើរនិងដឹកជញ្ជូនទំនិញ ព្រមទាំងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ យ៉ាងមានប្រសិទ្ធភាព។
សូមជម្រាបជូនថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែងសរុប ១៨៧,០៥គ.ម មានច្រកចេញចូលចំនួន៨ ត្រូវបានដាក់ឱ្យប្រើប្រាស់សាកល្បងកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២៕