
លោក ស៊ុន សុវណ្ណារិទិ្ធ អភិបាលខេត្តកំពង់ឆ្នាំង ។ រូបថត ហ្វេសប៊ុក
កំពង់ឆ្នាំងៈ នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី "ភាពជោគជ័យក្នុងរយៈពេល ៥ ឆ្នាំកន្លងមក" របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទិ្ធ អភិបាលខេត្តកំពង់ឆ្នាំងបានថ្លែងថា បច្ចុប្បន្នក្រុមការងាររដ្ឋបាលខេត្តកំពង់ឆ្នាំង បាននិងកំពុងចរចាកិច្ចព្រមព្រៀងវិនិយោគមួយចំនួន ជាមួយវៀតណាម ចិន និងបណ្តាប្រទេសមួយចំនួនទៀត សំដៅធ្វើយ៉ាងណាទាក់ទាញអ្នកវិនិយោគមកខេត្តនេះឱ្យបានកាន់តែច្រើន។
លោក ស៊ុន សុវណ្ណារិទិ្ធ បានថ្លែងក្នុងសន្និសីទ កាលពីថ្ងៃទី ២៦ ខែមករាថា សេដ្ឋកិច្ចរបស់ខេត្តកំពង់ឆ្នាំងមានកំណើនគួរឱ្យកត់សម្គាល់ ជាពិសេសការប្រមូលពន្ធដារមានកំណើនលើសផែនការដែលបានគ្រោងទុក ហើយលទ្ធផលគណនាផលិតផលក្នុងស្រុកសរុបឆ្នាំ២០១៨ សេដ្ឋកិច្ចខេត្ត មានទំហំ ៧៨១ លានដុល្លារ ដែលមានសមាមាត្រពីវិស័យកសិកម្មមានចំនួន ៥៦,៦ភាគរយ វិស័យឧស្សាហកម្ម សិប្បកម្ម និងសំណង់មាន ២៤,៨ ភាគរយ និងចំណូលពីវិស័យសេវាកម្មមាន ១៨,៦ ភាគរយ។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ទាក់ទងនឹងការវិនិយោគនេះដែរយើងសង្ឃឹមថា នៅពេលដែលយើងបានស្ពានថ្មី ការចាប់អារម្មណ៍របស់អ្នកវិនិយោគមកលើខេត្តកំពង់ឆ្នាំង នឹងមានការកើនឡើង។ ថ្មីៗនេះឃើញថា គេមានការចាប់អារម្មណ៍ច្រើនពីវិស័យឯកជន លើការវិនិយោគផ្នែកកសិកម្ម និងទេសចរណ៍ តែពេលនេះ គឺកំពុងស្ថិតនៅក្នុងដំណាក់កាលសិក្សានៅឡើយ»។
លោកអភិបាលខេត្តបន្តទៀតថា៖ «ម្យ៉ាងវិញទៀតក្រុមការងារខេត្តកំពុងទាក់ទងជាមួយដៃគូផ្សេងៗ ដោយកន្លងទៅបានចុះកិច្ចព្រមព្រៀងជាមួយខាងបារាំង ហើយកំពុងត្រៀមចុះកិច្ចព្រមព្រៀងចងសម្ព័ន្ធភាព ជាមួយខាងវៀតណាមនិងចិនដែរ ហើយក្រៅពីនេះ យើងក៏កំពុងខិតខំទាក់ទាញអ្នកវិនិយោគមកពីបណ្តាប្រទេសដទៃដែរ ដើម្បីមកវិនិយោគនៅខេត្តកំពង់ឆ្នាំង»។
លោកស៊ុន សុវណ្ណារិទិ្ធ បានបន្ថែមថា ចំណូលប្រចាំឆ្នាំរបស់ ប្រជាពលរដ្ឋម្នាក់ៗចំនួន ១ ៣៩៥,១ ដុល្លារ ក្នុង ១ ឆ្នាំ ដោយនៅក្នុងឆ្នាំ ២០២១ ទំហំសេដ្ឋកិច្ចរបស់ខេត្តមានចំនួន ៣ ៧៤១ ៦៦១ លានរៀល គិតជាដុល្លារប្រហែល ៩១៨ លានដុល្លារ ស្មើ ៣ ភាគរយនៃសេដ្ឋកិច្ចជាតិ។
លោកបានបន្តថា ក្នុងនោះវិស័យកសិកម្មមានអត្រា ចូលរួម ៥៦,៧ ភាគរយ វិស័យឧស្សាហកម្មមានអត្រាចូលរួមចំនួន ២៥,៧ ភាគរយ និងការចូលរួមពីវិស័យសេវាកម្មមាន ចំនួន ១៧,៦ ភាគរយ ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ក្នុងឆ្នាំ ២០២១ ចំនួន ១ ៥៦៣,៧ ដុល្លាអាមេរិក។ ទោះបីសេដ្ឋកិច្ចខេត្តទាបជាងថ្នាក់ជាតិ តែខេត្តមានមោទនភាពចំពោះលទ្ធផលនៃការអភិវឌ្ឍ ដែលបានបង្ហាញពីវឌ្ឍនភាពតាមសូចនាកររីកចម្រើនដូចបានជម្រាបជូនខាងលើ និងឆ្លុះបញ្ចាំងតាមរយៈកម្រិតជីវភាពរស់នៅ របស់ប្រជាជនជាក់ស្ដែងតាមមូលដ្ឋានមានការកើនឡើង។
បច្ចុប្បន្នខេត្តកំពង់ឆ្នាំង មានរោងចក្រសហគ្រាសចំនួន ២៨ រោងចក សហគ្រាស ក្នុងនោះមានរោងចក្រវាយនភណ្ឌកាត់ដេរ សម្លៀកបំពាក់ រោងចក្រផលិតផលិតផលធ្វើដំណើរ រោងចក កាបូប រោងចក្រផលិតស្រាបៀរ និងភេសជ្ជៈ ម៉ាស៊ីនកិនស្រូវ សហគ្រាស ផលិតឱសថ រោងចក្រផលិតប្លាស្ទិក រោងចក្រផលិតផ្កាគ្រឿងតុបតែង ដែលបានផ្តល់ការងារចំនួន ៥០ ១៨៩ នាក់ ក្នុងនោះស្រី ៤០ ៨៤១ នាក់។ ខេត្តមានសហគ្រាសធុនតូច មធ្យម និងសិប្បកម្មដែលមានចំនួនសរុប ២ ១៦៣ មូលដ្ឋាន ក្រៅពីនោះខេត្ត មានសិប្បកម្មខ្នាតតូចលក្ខណៈគ្រួសារ ឬជាសហគមន៍ផ្សេងៗទៀត។ បើប្រៀបធៀបនៅឆ្នាំ ២០១៨ ខេត្ត មានរោងចក្រ សហគ្រាសចំនួន ១៩ ដែលបានផ្តល់ការងារចំនួន ៤៣ ៧៣១នាក់តែប៉ុណ្ណោះ៕