ភ្នំពេញៈ​​ក្រុមហ៊ុន​ពហុ​ផលិតផល​WorldBridge Group និង​ក្រុមហ៊ុន​Luxury Business Group (LBG) ដែល​គ្រប់គ្រង​ដោយ​វិនិយោគិន​កូរ៉េ​ បាន​ចុះ​កិច្ចព្រមព្រៀង​វិនិយោគ​រួម​ដើម្បី​អភិវឌ្ឍ​ការបណ្តុះបណ្តាល និង​សេវាកម្ម​ប្រឹក្សា​យោបល់​អំពី​ឧស្សាហកម្ម​ប្រណីត និង​លក់រាយ​នៅ​កម្ពុជា​។​

​ការចុះ​កិច្ចព្រមព្រៀង​វិនិយោគ​រួម​នេះ ធ្វើឡើង​នៅក្នុង​«​វេទិកា​ធុរកិច្ច​កូរ៉េ​-​កម្ពុជា​» នា​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២៣ នៅ​ទីក្រុង​សេ​អ៊ូ​ល ប្រទេស​កូរ៉េខាងត្បូង​។​ការវិនិយោគ​រួម​ថ្មី​នេះ Luxury Business Group Cambodia​មាន​គោលបំណង​ផ្លាស់ប្តូរ​ភាពខុសគ្នា​នៃ​ឧស្សាហកម្ម​ប្រណីត​របស់​កម្ពុជា និង​ព​ន្លឿ​ន​កំណើន របស់ខ្លួន​ទៅជា​កន្លែង​លក់រាយ​លំដាប់​ពិភពលោក ដោយ​ផ្តល់​ការជ្រើសរើស និង​បណ្តុះបណ្តាល​សម្រាប់​ម៉ាក​យីហោ​ប្រណីត និង​វិស័យ​លក់រាយ ការអភិវឌ្ឍ​នៃ​ការហាត់​ការ​សេវាកម្ម​ប្រតិបត្តិការ​ហាង និង​ម៉ាក​យីហោ​យុទ្ធសាស្ត្រ​ការគ្រប់គ្រង​ធនធានមនុស្ស ចំណេះដឹង​ផ្នែក​គ្រប់គ្រង​ធនធានមនុស្ស និង​ភាពជា​អ្នកដឹកនាំ​របស់​ហាង និង​ម៉ាក​យីហោ​ប្រណីតៗ​LBG ដែលជា​ក្រុមហ៊ុន​ប្រឹក្សា​យោបល់ និង​ប្រតិបត្តិការ​សកល មាន​ជំនាញ​ខាង​ការប្រឹក្សា​អាជីវកម្ម​ប្រណីត និង​លក់រាយ រួមទាំង​ការជ្រើសរើស ការបណ្តុះបណ្តាល និង​ការអភិវឌ្ឍ​សេវាកម្ម​អតិថិជន​។

នៅក្នុង​ប្រទេស​កម្ពុជា ក្រុមហ៊ុន​LBG​នឹងធ្វើ​ការ​ជាមួយ​ក្រុមហ៊ុន​ចែកចាយ ម្ចាស់​អចលនទ្រព្យ និង​ម្ចាស់​ម៉ាក​យីហោ ដើម្បី​បង្កើត​យុទ្ធសាស្ត្រ​សេវាកម្ម​ប្រណីត ការជ្រើសរើស និង​ការបណ្តុះបណ្តាល ដើម្បី​គាំទ្រ​ដល់​ការអភិវឌ្ឍ​វិស័យ​លក់រាយ​ដ៏​រឹងមាំ​មួយ​។​

​លោក​Daniel Mayran​ស្ថាបនិក និង​ជា​ប្រធាន​ក្រុមហ៊ុន Luxury Business Group (LBG) បានឱ្យដឹងថា កម្ពុជា​ស្ថិតនៅ​ទីតាំង​កណ្តាល​នៃ​ឥណ្ឌូចិន និង​មិន​ឆ្ងាយ​ពី​ទីផ្សារ​ដ៏​ធំ​របស់​ប្រទេស​ឥណ្ឌា និង​ចិន​ឡើយ​។ លើសពីនេះ បើ​ផ្គូផ្គង​ជាមួយ​ប្រទេស​ថៃ និង​វៀតណាម ជា​ប្រទេសជិតខាង​កម្ពុជា ត្រូវបាន​គេ​រំពឹងថា​នឹង​រីកចម្រើន​ទៅជា​ទីផ្សារ​ប្រណីត​ដ៏​ធំ​នាពេល​អនាគត ហើយ​កម្ពុជា​គឺ​ក៏​នឹង​ក្លាយទៅជា ទីផ្សារ​យុទ្ធសាស្ត្រ​សំខាន់​មួយ​យ៉ាង​ជាក់លាក់​ផងដែរ​។

​លោក​Daniel ថ្លែងថា​៖ «​យើង​នឹង​ផ្តល់នូវ​វិធីសាស្ត្រ​ប្រឹក្សា​យោបល់​ភាពខុសគ្នា និង​ការយល់ដឹង​អំពី​បញ្ហា​ប្រឈម និង​ការឆ្លើយតប​ដែល​ជួបប្រទះ​ក្នុង​វិស័យ​ប្រណីត និង​លក់រាយ ហើយ​ផ្តោតលើ​ការលើកកម្ពស់​គុណភាព​នៃ​សេវាកម្ម​ធនធានមនុស្ស​តាមរយៈ​ដំណោះស្រាយ​តាម​តម្រូវការ​»​។​

​លោក សៀ ឫទ្ធី​ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​អគ្គនាយក​ក្រុមហ៊ុន​WorldBridge Group​បានឱ្យដឹងថា ការអភិវឌ្ឍ​ស្ថិតក្នុង​លំដាប់​ស្តង់ដា​ខ្ពស់​លើ​វិស័យ​លក់រាយ​ដ៏​មាន​សារៈសំខាន់​សម្រាប់​បម្រើ​អតិថិជន​កម្ពុជា និង​ចាប់យក​សក្តានុពល​ពេញលេញ​នៃ​ប្រាក់​ដុល្លារ​ទេសចរណ៍​នៅក្នុង​ទីផ្សារ​ក្នុងស្រុក និង​ការលក់ទំនិញ​រាយ សម្រាប់​ទេសចរណ៍ ដូចជា​នៅ​ទីប្រជុំជន​នានា​ដោយ​មិន​បង់ពន្ធ​។

​លោក​ថ្លែងថា​៖ «​ការផ្គត់ផ្គង់ ការលក់ទំនិញ​យីហោ​ដែល​ល្បីៗ​លើ​ពិភពលោក​ប្រកបដោយ​ប្រណីតភាព និង​បុព្វលាភ ទាមទារ​ឱ្យមាន​ជំនាញ​វិជ្ជាជីវៈ ដែល​បច្ចុប្បន្ន​បុគ្គលិក​ជំនាញ​បែបនេះ​កំពុង​ខ្វះខាត​។​ការរីកចម្រើន​នៃ​វិស័យ​លក់រាយ​នៅ​កម្ពុជា នឹង​តម្រូវឱ្យមាន​ការវិនិយោគ​សំខាន់ៗ​បន្ថែមទៀត ដើម្បី​ផ្តល់​ការអភិវឌ្ឍ​លើ​ធនធានមនុស្ស​»​។​

​ការអភិវឌ្ឍ​សណ្ឋាគារ ផ្សារ​ទំនើប រមណីយដ្ឋាន និង​អគារ​ខ្ពស់ៗ នៅតែ​បន្ត​យ៉ាង​រហ័ស​ក្នុងប្រទេស​កម្ពុជា​ ក្នុងនោះ The Peak​ដែលមាន​ទីតាំងនៅ​កណ្តាល​Phnom Penh CBD​នឹង​បើក​ដំណើរការ​សណ្ឋាគារ​Shangri-La និង​ផ្សារ​ទំនើប​ប្រណីត​ដំបូង​គេ​របស់​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន​ផ្ទៃដី​ជាង ២៥ ០០០ ម៉ែត្រការ៉េ ក្នុង​ត្រីមាស​ទី​៤ នៃ​ឆ្នាំ​២០២៣ ដែល​នឹងមាន​ហាង​យីហោ​ទំនើបៗ​ម៉ាក​ល្បីៗ​លំដាប់​ពិភពលោក​។ ម៉ាក​យីហោ​ទាំងនេះ​នឹង​ទាមទារ​ធនធានមនុស្ស​ផ្នែក​លក់រាយ​កម្រិត​ខ្ពស់​ដែល​ក្រុមហ៊ុន Luxury Business Group នឹង​ផ្តល់ជូន​ការបណ្តុះបណ្តាល​។​

​ក្រុមហ៊ុន WorldBridge​បាន​បើកទ្វារ​របស់ខ្លួន​ក្នុង​ឆ្នាំ​១៩៩២ ក្នុងនាម​ជា​ក្រុមហ៊ុន​ផ្តល់​សេវា​ឡូ​ជី​ស្ទិ​ក​ក្នុងស្រុក ហើយ​បាន​រីកចម្រើន​ទៅជា​ជម្រើស​កំពូល​សម្រាប់​ដៃគូ​អន្តរជាតិ ដោយ​នាំមក​នូវ​ការវិនិយោគ​ផ្ទាល់​បរទេស​(FDI)​និង​រួមចំណែក​ដល់​កំណើនសេដ្ឋកិច្ច​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ផលប​ត្រ​ចម្រុះ​របស់​ក្រុមហ៊ុន WorldBridge​រួមមាន​ការដឹកជញ្ជូន​តាមផ្លូវ​អាកាស សមុទ្រ និង​ផ្លូវគោក ការអភិវឌ្ឍ​អចលនទ្រព្យ សេវា​ធនាគារ និង​ហិរញ្ញវត្ថុ អាហារ ភេសជ្ជៈ និង​ទំនិញប្រើប្រាស់ និង​សេវាកម្ម​៕