​ព្រះសីហនុៈ ក្រោយពី​នាវា​ទេសចរណ៍​ខ្នាត​ធំ​ ១ ​គ្រឿង​ទៀត​មានឈ្មោះ SEABOURN ENCORE សញ្ជាតិ BAHAMAS បាន​ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ កាល​ថ្ងៃទី ​២៨ ខែមករា ឆ្នាំ ​២០២៣ ដើម្បី​ដាក់​ភ្ញៀវទេសចរ​ចុះ​ទស្សនកិច្ច​នៅ​ខេត្ត​ព្រះសីហនុ អ្នកជំនាញ​លើកឡើងថា នេះ​ជា​ពន្លឺ​ថ្មី​មួយ សម្រាប់​ការ​ងើបឡើង​វិញ​នៃ​វិស័យ​ទេសចរណ៍​។​

​លោកស្រី​ ឆាយ ស៊ីវ​លីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជាបានឱ្យដឹងថា ការចូល​ចត​នៃ​នាវា​ទេសចរណ៍​ខ្នាត​យក្ស ១​ គ្រឿង​ហើយ​ ១​ គ្រឿង​ទៀត ជា​បន្តបន្ទាប់​នេះ បានបង្ហាញ​ពីស​ញ្ញាណ​វិជ្ជមាន​មួយ សម្រាប់​វិស័យ​ទេសចរណ៍​របស់​កម្ពុជា ជាពិសេស​ក្នុង​ខេត្ត​ព្រះសីហនុ​។ លោកស្រី​បន្ថែមថា ថ្វីដ្បិតតែ​ការចូល​ចត​នេះ​មាន​រយៈពេល​ខ្លី តែ​ជា​និន្នាការ​មួយ​ដែល​ល្អ ក្នុងការ​ទាក់ទាញ​ទេសចរណ៍ ដែល​រាជរដ្ឋាភិបាល បាននិងកំពុង​ពិចារណា ទៅលើ​ទេសចរ​រយៈពេល​ខ្លី ដែល​មានន័យថា ទេសចរ​ដែល​មក​កម្សាន្ត​មិន​ស្នាក់​នៅទេ ប៉ុន្តែ​ចូលក្នុង​ចំនួន​រាប់ពាន់នាក់ ឬ​ឈានដល់​រាប់ម៉ឺន​នាក់ ក្នុង​នាវា​យក្ស​នីមួយៗ​។​

​លោកស្រី​បញ្ជាក់ថា​៖ «​ការចូល​ចត​នាវា​ខ្នាត​ធំ​នៅ​កម្ពុជា ក្នុង​រយៈពេល​ខ្លីៗ​នេះ ដោយសារតែ​ខាង​នាវា​ទេសចរណ៍​គេ​ពឹង​ផ្អែកទៅលើ​គម្រោង​កម្សាន្ត​កម្មវិធី​ចាស់ ដែល​កាលណោះ​កម្ពុជា​ជាពិសេស​ខេត្ត​ព្រះសីហនុ​មិនទាន់មាន​ភាពសម្បូរ​បែប​លើ​ផលិតផល​ទេសចរណ៍ និង​កន្លែង​កម្សាន្ត​នៅឡើយ ដែល​ខុសពី​បច្ចុប្បន្ននេះ​។ ខ្ញុំ​សង្ឃឹមថា នាវា​ទេសចរណ៍​ខ្នាត​ធំ​ទាំងនោះ​នឹង​អភិវឌ្ឍ​កម្មវិធី​កម្សាន្ត​របស់គេ​បន្ថែមទៀត​នៅ​កម្ពុជា ដើម្បីឱ្យ​យើង​អាច​ទាញ​ផលប្រយោជន៍​បាន​កាន់តែច្រើន​ថែមទៀត​ពី​ការចូល​ចត​របស់​នាវា​ទាំងនោះ​»​។​

​បើតាម​លោកស្រី ​ឆាយ ស៊ីវ​លីន កន្លងទៅ​ធ្លាប់មាន​ភ្ញៀវទេសចរ​មួយចំនួន​តូច ដែល​មក​តាម​នាវា​ទេសចរណ៍​បែបនេះ បាន​ទៅ​កម្សាន្ត​នៅ​ខេត្ត​ផ្សេងៗ​ក្រៅពី​ខេត្ត​ព្រះសីហនុ​ដែរ តាមរយៈ​ភ្នាក់ងារទេសចរណ៍​កម្ពុជា ដែលមាន​ដូចជា​ខេត្ត​កែប កំពត និង​កោះកុង​ជាដើម​។ ប៉ុន្តែ​ក្រោយ​មាន​វិបត្តិ​កូ​វីដ ១៩ ​មក សេវាកម្ម​ទេសចរណ៍​ប្រភេទ​នេះ បាន​ផ្អាក រហូតដល់​ថ្មីៗ​នេះ​មាន​នាវា​ទេសចរណ៍​មកជា​បន្តបន្ទាប់ ប៉ុន្តែ​បាន​ត្រឹម​កម្សាន្ត​ក្នុង​ខេត្ត​ព្រះសីហនុ មិនបាន​ទៅ​ខេត្ត​ដទៃទៀត​ដោយសារ​មក​ក្នុង​រយៈពេល​ខ្លី​ពេក​។​

​លោក ​តាំង សុចិត្រ​គ្រឹះ​ស្នា​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បាន​ប្រាប់​ឱ្យដឹងថា ភ្ញៀវទេសចរ ដែល​មក​តាមរយៈ​នាវា​ទេសចរណ៍​ខ្នាត​ធំ SEABOURN ENCORE បានធ្វើ​ដំណើរ​ទៅដល់​កន្លែង​កម្សាន្ត​មួយចំនួន ដូចជា នៅតាម​តំបន់ឆ្នេរ នៅក្នុង​ទីក្រុង​ព្រះសីហនុ នៅតាម​ផ្សារ វត្ត​អារាម សាលារៀន និង​តំបន់​ទេសចរណ៍ធម្មជាតិ​មួយចំនួនទៀត​។

​លោក​ថា​៖ «​ដោយសារតែ​ភ្ញៀវទេសចរ​ចូលមក​កម្សាន្ត​មាន​រយៈពេល​ខ្លី​ពេក ដូចនេះ​ប្រយោជន៍​ដែល​ពលរដ្ឋ និង​អាជីវករ​ទទួលបាន​ពី​ដំណើរ​កម្សាន្ត​គឺ​មិនបាន​ច្រើន​ទេ​។ តែ​យ៉ាងណាក៏ដោយ នេះ ក៏​ជាស​ញ្ញា​ល្អ​មួយ សម្រាប់​វិស័យ​ទេសចរណ៍​យើង​ដែរ​។​»

​លោក ​ឡុង ឌី​ម៉​ង់ អភិបាលរង​ខេត្ត​ព្រះសីហនុបានឱ្យដឹងថា ការចូល​ចត​ជា​បន្តបន្ទាប់​របស់​នាវា​ទេសចរណ៍​ខ្នាត​ធំ ១ ​គ្រឿង​ទៀត​ មានឈ្មោះ SEABOURN ENCORE នេះ គឺ​បង្ហាញ​ពី​ទំនុកចិត្ត​របស់​ទេសច​របរ​ទេស ក៏ដូចជា​ក្រុមហ៊ុន​ទេសចរណ៍​ធំៗ​ទាំងនោះ មកលើ​ប្រទេស​កម្ពុជា ជាពិសេស​ជឿជាក់​លើ​ការទប់ស្កាត់​ជំងឺ​កូ​វីដ​នៅ​ទូទាំងប្រទេស​។​

​លោក​ថា​៖ «​នេះ​ជា​រូបភាព​មួយ​ដែល​បង្ហាញ​ទៅកាន់​ពិភពលោក​ថា កម្ពុ​ជាមាន​សក្តានុពល​ទេសចរណ៍ និង​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ ដែល​អាច​បង្កលក្ខណៈ​ងាយស្រួល​ដល់​ការចូល​ចត និង​ធ្វើដំណើរ​ពី​សំណាក់​នាវា​ខ្នាត​យក្ស​បែបនេះ​។ អាជ្ញាធរ នឹង​បន្ត​ខិតខំ​ប្រឹង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី​ដើម្បី​បង្កលក្ខណៈ​ងាយស្រួល និង​បង្កើន​ការទាក់ទាញ​ទេសចរ តាម​នាវា​ខ្នាត​ធំៗ​បែបនេះ មកកាន់​ខេត្ត​ព្រះសីហនុ​បន្ថែមទៀត​»​។​

​បើតាម​ក្រសួងទេសចរណ៍ នាវា​ទេសចរណ៍​ខ្នាត​ធំ SEABOURN ENCORE មាន​នាវិក ​៤៤២​ នាក់ មាន​ ៤៨ ​សញ្ជាតិ មាន​ភ្ញៀវទេសចរ ៣៣៨​ នាក់ មាន ​២២ ​សញ្ជាតិ​។ នាវា​នេះ​ចេញ​មកពី​ប្រទេស​ថៃ ចូលមក​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី​ ២៩​ មករា នឹង​បន្ត​ចាក​ចេញទៅ​ប្រទេស​វៀតណាម​។ អ្នកទេសចរ​នៅលើ​នាវា​ទេសចរណ៍​ខ្នាត​ធំ SEABOURN ENCORE មាន​សញ្ជាតិ​អាមេរិក​ច្រើនជាងគេ គឺ​ចំនួន ១២៧​ នាក់ អង់គ្លេស​ចំនួន ៧៨​ នាក់ និង​អូស្ត្រាលី​ចំនួន ៣៣ ​នាក់​។ នេះ​គឺជា​ការចូល​ចត​លើក​ទី​ ៣​ បន្ទាប់ពី​ការអាក់ខាន​ដោយសារ​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​អស់​រយៈពេល​ជាង ​២ ​ឆ្នាំ​៕