
ទំនិញមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាពេលកន្លងទៅ។ ហុង មិនា
ភ្នំពេញៈ ទឹកប្រាក់ប្រមាណជាង ១៨,២ ពាន់លានដុល្លារត្រូវបានកម្ពុជាបញ្ចេញក្នុងឆ្នាំ ២០២២ លើការនាំចូលទំនិញពីប្រទេសសំខាន់ៗ ៣ ដោយចំនួននេះស្មើជិត ៦១ ភាគរយនៃប្រាក់ដែលកម្ពុជាចំណាយលើការនាំទំនិញពីទីផ្សារអន្តរជាតិ។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
របាយការណ៍នាំចូលទំនិញពីទីផ្សារអន្តរជាតិបង្ហាញថា នៅក្នុងឆ្នាំ ២០២២ កម្ពុជាបានបញ្ចេញប្រាក់សរុប ២៩ ៩៤១,៦០២ លានដុល្លារ លើការនាំទំនិញចូលមកពីក្រៅប្រទេស កើនឡើង ៤,៣ ភាគរយ បើធៀបទៅនឹងឆ្នាំ ២០២១ ដែលមាន ២៨ ៧០២,៨៩០លានដុល្លារ។ ទីផ្សារប្រទេសធំៗទាំង ៣ គ្របដណ្តប់ ៦០,៩ ភាគរយនៃការនាំចូលសរុបដោយមានទឹកប្រាក់ ១៨ ២៤៥ ១៧៧ លានដុល្លារ កើនឡើង ១១,៩៩ ភាគរយធៀបឆ្នាំ ២០២១។
បើយោងតាមអគ្គនាយដ្ឋានគយ ប្រទេសចិន ឈរលើគេ ដោយកម្ពុជាបានបញ្ចេញប្រាក់ ១០ ៤៤៥,៥៣៣ លានដុល្លារ ស្មើនឹង ៣៤,៩ ភាគរយនៃការនាំចូលសរុបរបស់កម្ពុជាក្នុងឆ្នាំ ២០២២ កើន ៧,៩ ភាគរយ ធៀបនឹងការនាំចូលកាលពីឆ្នាំ ២០២១ ដែលមាន ៩ ៦៨៤,៣៤៦ លានដុល្លារ។ ចំណែកប្រទេសវៀតណាម មានចំនួន ៣ ៩៦៧,១៤១ នដុល្លារ ស្មើនឹង ១៣,២ ភាគរយនៃការនាំចូលសរុប កើនឡើង ២៦,២ ភាគរយ ពីចំនួន ៣ ១៤៣,៥៣៥ លានដុល្លារ កាលពីឆ្នាំ ២០២១ និងប្រទេសថៃ មានចំនួន ៣ ៨៣២,៥០៣ លានដុល្លារ ស្មើ ១២,៨ ភាគរយ កើនឡើង ១០,៧ ភាគរយ។
ក្រៅពីទីផ្សារធំៗទាំង ៣ កម្ពុជាបាននាំទំនិញចូលពីប្រទេសសំខាន់ៗមួយចំនួនទៀតរួមមាន ឥណ្ឌូនេស៊ី, កោះតៃវ៉ាន់, សិង្ហបុរី, ជប៉ុន, កូរ៉េខាងត្បូង, ម៉ាឡេស៊ី, ហុងកុង, អាមេរិក, ឥណ្ឌា, ឡាវ, អូស្ត្រាលី, ចក្រភពអង់គ្លេស, បែលហ្ស៊ិក, បុកស្វាណា, អាល្លឺម៉ង់, អីុតាលី និងបារាំង ជាដើម។ នេះបើតាមអគ្គនាយកដ្ឋានគយ។
ដោយឡែកសម្រាប់ខែធ្នូ ឆ្នាំ ២០២២ កម្ពុជានាំចូលទំនិញពីទីផ្សារអន្តរជាតិសរុប ២ ១៩៤,៥៣២ លានដុល្លារ ធ្លាក់ចុះ ៣៣,៣ភាគរយធៀបខែធ្នូឆ្នាំ ២០២១ មានចំនួន ៣ ២៩២,១៦៧ លានដុល្លារ។ ក្នុងនោះទំនិញនាំពីប្រទេសចិន ៩៧៥,៧៩០ លានដុល្លារ ធ្លាក់ចុះ ១១,៦ ភាគរយ, វៀតណាម ៣៤៩,៨៨៧ លានដុល្លារ កើន ៣,៣ ភាគរយ និងប្រទេសថៃ ២៩០,៤៨១ លានដុល្លារ ធ្លាក់ចុះ ២៥,៤ ភាគរយ។
អនុប្រធានសភាពាណិជ្ជកម្ម លោក លឹម ហេង បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៩ ខែមករា ថា មូលហេតុដែលកម្ពុជាទទួលទិញទំនិញពីប្រទេសទាំង ៣ ច្រើន គឺដោយសារកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ដែលត្រូវការនាំចូលវត្ថុធាតុដើម មកបំពេញតម្រូវការនៅក្នុងស្រុក និងកែច្នៃនាំចេញ។
លោកអះអាងថា៖ «ខ្ញុំគិតថា ប្រទេសទាំង ៣ គឺនឹងនៅបន្តជាប្រភពផ្គត់ផ្គង់វត្ថុធាតុដើម និងទំនិញចាំបាច់សម្រាប់កម្ពុជាយូរទៅទៀត ព្រោះក្រៅពីមានព្រំដែនជាប់គ្នា (វៀតណាម និងថៃ) កម្ពុជាក៏មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយប្រទេសចិន ដែលតាមរយៈកិច្ចព្រមព្រៀងនេះនឹងធ្វើឱ្យលំហូរចរាចរណ៍ទំនិញមានចំនួនកាន់តែច្រើននៅពេលអនាគត»។
បច្ចុប្បន្នទំនិញដែលប្រទេសទាំង ៣ នាំមកកម្ពុជា មានដូចជា វត្ថុធាតុដើមសម្រាប់ការកែច្នៃនាំចេញ (ជាពិសេសផលិតផលវាយនភណ្ឌពីចិន), ផលិតផលប្រើប្រាស់ប្រចាំថ្ងៃ, ឧបករណ៍អគ្គិសនី, អេឡិចត្រូនិក, ចំណីអាហារ, បន្លែផ្លែឈើ, ភេសជ្ជៈ, ឱសថ និងគ្រឿងសំណង់ ជាដើម។
អ្នកជំនាញសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បាននិយាយថា កម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ ដូច្នេះតម្រូវការនាំចូលវត្ថុធាតុដើម និងទំនិញប្រើប្រាស់ប្រាកដជាច្រើន។ ទោះបីការបញ្ចេញរូបិយវត្ថុអន្តរជាតិរបស់កម្ពុជាទៅលើការនាំចូលទំនិញច្រើន ប៉ុន្តែទំនិញនាំចូលភាគច្រើន គឺសម្រាប់បម្រើឱ្យចង្វាក់ផលិតកម្មនាំចេញតែប៉ុណ្ណោះ។
លោកលើកឡើងថា៖ «មូលហេតុធ្វើឱ្យប្រទេសទាំង ៣ ជាមូលដ្ឋានផ្គត់ផ្គង់ទំនិញឱ្យកម្ពុជាគឺដោយសារកត្តាភូមិសាស្ត្រ តម្លៃ និងទំនាក់ទំនងល្អ»។
បន្ថែមលើនេះអ្នកជំនាញសេដ្ឋកិច្ចខាងលើបានជំរុញឱ្យរដ្ឋាភិបាល និងផ្នែកឯកជន ត្រូវខិតខំថែមទៀតក្នុងការជំរុញការដាំដុះ ផលិត និងកែច្នៃក្នុងស្រុកឱ្យកាន់តែច្រើន ដើម្បីលើកស្ទួយផលិតផលក្នុងស្រុក និងកាត់បន្ថយការនាំចូល៕