ភ្នំពេញៈ ​លោក ​YU Jeoung Yeol ប្រធាន​ទីភ្នាក់​ងារ​ជំរុញ​ពាណិជ្ជ​កូរ៉េ​ហៅ​កាត់​ថា ​KOTRA​ បាន​អះអាង​ថា ​លោក​កំពុង​កៀរ​គរ​អ្នក​វិនិ​យោគ​បន្ថែម​ទៀត​ឱ្យ​មក​រកស៊ី​នៅ​កម្ពុជា ជា​ពិសេស​លើ​វិស័យ​គ្រឿង​បន្លាស់​យាន​យន្ត​ ឬ​រថយន្ត​ ដើម្បី​ជំរុញ​ពាណិជ្ជ​កម្ម និ​ង​សេដ្ឋ​កិច្ច តាម​កិច្ច​ព្រម​ព្រៀង​រវាង​ប្រទេស​ទាំង​២​ឱ្យបាន​ជា​អតិ​បរមា​។​

នៅ​ក្នុង​ជំនួប​ជា​មួយ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម​កម្ពុជា​នៅ​ទីក្រុង​សេ​អ៊ូ​ល​ប្រទេស​កូរ៉េខាង​ត្បូង​កាល​ពីពេល​ថ្មីៗ​នេះ​ លោក ​YU Jeoung Yeol បាន​បង្ហាញ​ជំនឿ​យ៉ាង​មុត​មាំថា ​តាម​រយៈ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​រវាង​កម្ពុជា​និង​កូរ៉េ​ នឹង​ជំរុញ​ការធ្វើ​ពាណិជ្ជ​កម្ម​រវាង​ប្រទេស​ទាំង​ ២​ បន្ថែម​ទៀត​។

​លោក​បាន​បញ្ជាក់​ថា​៖«​បច្ចុប្បន្ន​ក្រុមហ៊ុន​កូរ៉េ​ជាង ​២០០​ក្រុម​ហ៊ុន កំពុង​វិនិយោគ​នៅ​កម្ពុជា ​ហើយ​ភ្នាក់​ងារ​ជំរុញ​ពាណិជ្ជ​កូរ៉េ​កំពុង​កៀរគរ​អ្នក​វិនិ​យោគ​បន្ថែម​ទៀត ​ជា​ពិសេស ​លើ​វិស័យ​ខាង​លើ និង​វិស័យ​គ្រឿង​បន្លាស់​យាន​យន្ត ឬ​រថយន្ត និង​វត្ថុ​ធ្វើ​ពី​ឈើ​»​។​

​នៅ​ក្នុង​វេទិកា​ធុរកិច្ច​និង​វិនិ​យោគ​កម្ពុជា​-​កូរ៉េ នៅ​ទីក្រុង​សេ​អ៊ូ​ល​នោះដែរ ​លោក ​សុខ ចិន្តា​សោភា​ អគ្គលេ​ខាធិ​ការ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ក៏បាន​លើក​ទឹក​ចិត្ត ជា​ពិសេស​ដល់​វិនិយោ​គិន​កូរ៉េ​ក្នុង​វិស័យ​យាន​យន្ត និ​ង​អេឡិច​ត្រូនិក ​ឱ្យពិចារ​ណា​ធ្វើការ​វិនិយោគ​នៅ​កម្ពុជា ​ជា​ផ្នែក​មួយ​នៃ​ខ្សែ​ចង្វាក់​ផ្គត់​ផ្គង់​តំបន់ ដោយ​សារ​វិនិ​យោគិ​ន​កូរ៉េ​មាន​ឧត្តម​ភាព​ក្នុង​វិស័យ​នេះ​។​

​លោក​បានថ្លែ​ងថា​៖« ការវិនិ​យោគ​របស់​កូរ៉េ​នៅ​កម្ពុជា​នា​ពេល​កន្លង​មក​ ដែល​មិន​ត្រឹមតែ​បាន​នាំមក​នូវ​ទុនវិនិ​យោគ និង​បច្ចេក​វិទ្យា​ទំនើប​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បាន​នាំ​មក​នូវ​ស្មារតី​មោះ​មុត​ជម្នះ​គ្រប់​ឧប​សគ្គ​ផង​ដែរ​»​។​

​លោក​បាន​បន្ថែម​ថា បច្ចុប្ប​ន្ននេះ កម្ពុជា​មាន​បរិយា​កាស​អំណោយ​ផល​ដែល​អាច​បង្ក​លក្ខណៈ​​ងាយ​ស្រួល​ដល់​វិនិយោ​គិន​កូរ៉េឱ្យ បណ្តាក់​ទុន​នៅ​កម្ពុជា ដោយ​ចាប់​យក​នូវ​ឧត្តម​ភាព​ដែល​កម្ពុជា​ទទួល​បាន​ពី​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​នានា ​ជាពិសេស កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​កម្ពុជា​-​កូរ៉េ ដែល​បាន​ចូល​ជា​ធរមាន​កាល​ពី​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០២២ និង​ការ​លើក​ទឹកចិត្ត​វិនិយោគ​ ក្រោម​ក្រប​ខ័ណ្ឌ​នៃ​ច្បាប់​ស្តីពី​​វិនិ​យោគ​ថ្មី ដែល​បាន​ចូល​ជា​ធរមាន ​នៅ​ថ្ងៃទី​១៥ ​ខែតុលា ឆ្នាំ​២០២១​។​

​លោក ​តាន់ មុនី​វណ្ណ អនុ​ប្រធាន​សភា​ពាណិជ្ជ​កម្ម​កម្ពុជា​បាន​ប្រាប់​ឱ្យដឹ​ង​ដែរ​ថា កូរ៉េ​ជា​ប្រទេស​ដែល​មាន​ភាពជឿ​នលឿន​លើ​បច្ចេក​វិទ្យា​យាន​យន្ត និង​អេ​ឡិច​ត្រូ​និ​ក តាំងពី​ដំបូង​គេ ដែល​មាន​ទាំង​ផ្នែក​រថយន្ត ទូរស័ព្ទ​ដៃ និង​គ្រឿង​អេ​ឡិច​ត្រូ​និ​ក​មួយ​ចំនួ​នទៀត​។​

​លោក​បាន​បន្ថែម​ថា ការ​អូស​សទាញ​វិនិ​យោ​គិន​កូរ៉េឱ្យម​ក​វិនិយោគ​លើ​ផ្នែក​គ្រឿង​បន្លាស់​យាន​យ​ន្តឬ​រថយន្ត​នេះគឺ​ចំ​ពេល​ដែល​រាជ​រដ្ឋាភិ​បាល​កំពុង​រៀបចំ​ឱ្យមាន​ផែន​ទី​បង្ហាញ​ផ្លូវ ការអភិវឌ្ឍ​វិស័យ​យាន​យន្ត និង​អេឡិច​ត្រូនិក​ស្រាប់​ដែល​រំពឹង​ថា​នឹង​អភិវឌ្ឍ​សមត្ថ​ភាព​១កម្រិត​ទៀត​លើ​វិស័យ​នេះ​។​

​លោក​បាន​បញ្ជាក់​ដូច្នេះ​ថា​៖« កូរ៉េ ជា​ប្រទេស​ខ្លាំង​ដែរ​ លើ​វិស័យ​យាន​យន្ត​និង​អេ​ឡិច​ត្រូ​និ​កនេះ​ ដោយ​យើង​ឃើញ​ហើយ​ថា កម្ពុជា​បាន​នាំចូល​រថយន្ត ​និង​ទូរ​ស័ព្ទ​ដៃ​ទំនើប​ច្រើន​ពី​កូរ៉េ​មក​។​កាល​ពីមុន​កូរ៉េ​ដើរ​លឿន​ណាស់​លើ​ផ្នែក​បច្ចេក​វិទ្យា​នេះ តែ​ក្រោយមក​ចិន​តាម​ទាន់ និង​ដើរ​មុន​បន្តិច​វិញ តែ​យ៉ាង​ណា​កូរ៉េ​នៅ​តែ​ខ្លាំង​លើ​បច្ចេក​វិទ្យា​ទាំង​នេះ​»​។​

​រាជ​រ​ដ្ឋាភិបាល​កម្ពុជា​ ទើបតែ​បានអនុ​ម័ត​ផែនទី​បង្ហាញផ្លូ​វ​ការអ​ភិវឌ្ឍ​វិស័យ​យានយ​ន្ត និង​អេឡិច​ត្រូនិក​កម្ពុជា​កាល​ពី​ថ្ងៃទី​៩ ​ខែធ្នូ ឆ្នាំ​២០២២​ ដោយ​តាម​រយៈ​​នេះ ​រាជរដ្ឋាភិ​បាល​បាន​ដាក់​គោល​ដៅ​បង្កើន​ទំហំ​នាំចេញ​ក្នុង​វិស័យ​យាន​យន្ត​ឱ្យបាន​ប្រមាណ​៥០០​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ​២០២៧​ និង​បង្កើត​ការងារ​ថ្មី​ក្នុង​វិស័យ​នេះ​ឱ្យ​បាន​១​ម៉ឺន​កន្លែង​បន្ថែម​ទៀត​។​បច្ចុប្បន្ន​ជប៉ុន គឺជា​ប្រភព​ទុន​វិនិយោគ​សំខាន់​ក្នុង​វិស័យ​យាន​យន្ត​នៅ​កម្ពុជា​ដោយ​មាន​ក្រុមហ៊ុន​ដំឡើង​រថយន្ត​មួយ​ចំនួន​៧ កំពុង​ធ្វើ​ប្រតិប​ត្តិការ​នៅ​កម្ពុជា ​ខណៈ​ទីផ្សារ​នាំ​ចេញ​សំខាន់ៗ រួម​មាន​ ប្រទេស​ថៃ និង​ប្រទេស​ជប៉ុន​។​

​តាម​រយៈ​ផែន​ទី​បង្ហាញ​ផ្លូវ​នេះ​ សម្រាប់​វិស័យ​យាន​យន្ត​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ​កម្ពុជា​នឹង​ផ្តោត​សំខាន់​លើ​កាលានុ​វត្តភាព ដែល​មាន​ស្រាប់​ដើម្បី​ពង្រីក​ការ​ផលិត​គ្រឿង​ផ្គុំយាន​យន្ត​សាមញ្ញ​បែប​អតិ​ពល​កម្ម សម្រាប់​នាំចេញ ​ឧទាហ​រណ៍​ដូច​ជា ខ្សែ​ផ្គុំអគ្គិសនី កៅ​អីនិង​គ្រឿង​ផ្គុំ​អេឡិច​ត្រូនិក​និង​អគ្គិ​សនី​សាមញ្ញ​ព្រម​ជា​មួយ​ការ​បង្កើន​ការ​តភ្ជាប់​បែប​ប្រតិគ​មន៍​សម្រាប់​ការ​ដំឡើង​ទោចក្រយាន​យន្ត​។ ៕