
វិស័យឯកជនកម្ពុជា-ថៃ នឹងសហការគ្នាជំរុញលំហូរទេចរណ៍ និងការដោះដូរទំនិញឆ្លងដែនរវាងប្រទេសទាំង ២។ ហេង ជីវ័ន
ភ្នំពេញៈ ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATACC) លោក ធួន ស៊ីណាន បានដឹកនាំគណៈប្រតិភូក្នុងការផ្សព្វផ្សាយគោលដៅទេសចរណ៍ថ្មីរបស់កម្ពុជាទៅកាន់ខេត្តជាប់ព្រំដែនចំនួន ៥ របស់ប្រទេសថៃ ដើម្បីធ្វើការរួមគ្នាទាក់ទាញទេសចរណ៍ និងការដោះដូរទំនិញរវាងប្រទេសទាំង២ឱ្យកាន់តែច្រើនបន្ថែមទៀត ក្នុងការចូលរួមលើកកម្ពស់ការឆាប់ងើបឡើងវិញនៃវិស័យទេសចរណ៍របស់វាងប្រទេសទាំង ២។
លោក ធួន ស៊ីណាន បានថ្លែងមកកាន់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៣១ ខែមករាថា ដំណើរទស្សនកិច្ចរបស់លោក បានចាប់ផ្តើមនៅថ្ងៃទី ២៨ ខែមករា ទៅកាន់ខេត្តចំនួន ៥ របស់ថៃមានដូចជាសុរិន ស៊ីសាកេត ប៊ូរីរ៉ាំ អ៊ូប៊ុន និង នគររាជស៊ីមា ដែលលោកបានជួបពិភាក្សាការងារជាមួយអភិបាលខេត្ត មន្ត្រី ក្រុមហ៊ុនឯកជន សមាគមទេសចរណ៍ សមាគមធុរកិច្ចថៃ និងបណ្តាក្រុមហ៊ុន និងវិនិយោគិនថៃជាច្រើនដែលមានបំណងក្នុងការចូលរួមសហការលើកកម្ពស់វិស័យទេសចរណ៍ និងការការដោះដូរទំនិញតាមព្រំដែនផងដែរ។
លោកបានថ្លែងថា៖«យើងធ្វើការផ្សព្វផ្សាយគោលដៅទេសចរណ៍របស់ប្រទេសកម្ពុជាយើងចាប់ពីពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ ការផ្លាស់ប្តូរពិព័រណ៍ពាណិជ្ជកម្ម និងខ្សែទស្សនាចរ ចេញពីច្រកព្រំដែនដែនអូរស្មាច់ និងច្រកព្រំដែនជាំស្រងាំ ឆ្ពោះទៅ តំបន់រមណីយដ្ឋានប្រាសាទព្រះវិហារ តំបន់ប្រាសាទកោះកេរ តំបន់ប្រាសាទព្រះខ័នកំពង់ស្វាយ តំបន់ប្រាសាទសំបូរព្រៃគុក និងតំបន់រមណីយដ្ឋានអង្គរ ព្រមទាំងតំបន់សមុទ្រផងដែរ»។
លោកបានថ្លែងបញ្ជាក់ទៀតថា៖«យើងក៏សិក្សាអំពីឱកាសនៃការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំង២នៅតាមព្រំដែនផងដែរ។ តាមរយៈការមកផ្សព្វផ្សាយនេះ យើងទទួលបានចំណាប់អារម្មណ៍ច្រើនពីបណ្តាក្រុមហ៊ុន និងសមាគមទេសចរណ៍ថៃជាច្រើនក្នុងរួមគ្នាសហការក្នុងការផ្សព្វផ្សាយគោលដៅទេសចរណ៍រវាងប្រទេសយើងទាំង២»។

វិស័យឯកជនកម្ពុជា-ថៃ នឹងសហការគ្នាជំរុញលំហូរទេចរណ៍ និងការដោះដូរទំនិញឆ្លងដែនរវាងប្រទេសទាំង ២។ហេង ជីវ័ន
លោក ស សារិន អនុប្រធានក្រុមប្រឹក្សាធុរកិច្ចកម្ពុជា (CBC) បានលើកឡើងថា ការចូលរួមពីវិស័យឯកជនក្នុងចូលរួមលើកកម្ពស់ទេសចរណ៍ និងធុរកិច្ច បានដើរតួនាទីយ៉ាងសំខាន់ក្នុងការឆាប់ងើបឡើងវិញនៃវិស័យទេសចរណ៍ដែលបានរងផលប៉ះពាល់យ៉ាងខ្លាំងពីការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងរយៈពេលជាង២ឆ្នាំមកនេះ។
លោកបានមានប្រសាសន៍ថា៖«យើងខ្ញុំស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងពីតំណាងវិស័យឯកជននានាក្នុងរួមគ្នាផ្សព្វផ្សាយអំពីគោលដៅទេសចរណ៍នានា និងការលើកកម្ពស់ការដោះដូរទំនិញជាពិសេសជំរុញការនាំចេញផលិតផលក្នុងស្រុកទៅក្រៅប្រទេស។ ប្រទេសយើងទាំង២មានទំនាក់ទំនងល្អជាមួយគ្នា ដូច្នេះការចូលរួមពីវិស័យឯកជននិងរដ្ឋាភិបាលនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ ការទាក់ទាញវិនិយោគ និងការដោះដូរទំនិញឱ្យកាន់តែច្រើនបន្ថែមទៀត»។
យោងតាមក្រសួងទេសចរណ៍ ចាប់ពីថ្ងៃទី២៣-២៩ ខែមករា ឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរសរុប៦០៦១៧៥នាក់ និងភ្ញៀវបរទេស៤៩៥៩២នាក់។ ជាមួយការបន្តកើនឡើងនៃចរន្តភ្ញៀវទេសចរក្នុងស្រុកនាដើមឆ្នាំ២០២៣នេះ ចរន្តភ្ញៀវទេសចរអន្តរជាតិក៏បាននិងកំពុងបង្ហាញសញ្ញាវិជ្ជមានជាមួយការមកដល់ជាបន្តបន្ទាប់នៃភ្ញៀវទេសចរអន្តរជាតិ។
ក្រសួងបានលើកឡើងថា បន្ទាប់ពីរដ្ឋាភិបាលចិនអនុញ្ញាតឱ្យប្រជាជនចេញក្រៅប្រទេសឡើងវិញ អាកាសយានដ្ឋានអន្តរជាតិកងកេង ខេត្តព្រះសីហនុ បានទទួលជើងហោះហើរលើកដំបូងមកពីប្រទេសចិន នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ជាមួយវត្តមានភ្ញៀវទេសចរចំនួន១០៤នាក់ និងក្រុមអ្នកបម្រើការលើយន្តហោះ៦នាក់ទៀត ខណៈខេត្តសៀមរាប ចាប់ពីថ្ងៃទី១៦ និង១៧ កុម្ភៈ នឹងមានជើងហោះហើរពីទីក្រុងគួនមីង និងពីសៀងហៃ ប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍ China Eastern៕